ជាតិ
កម្ពុជា បន្តស្នើចិនឱ្យជួយជំរុញកំណើនទេសចរចិនមកកម្ពុជា
09, Dec 2023 , 12:13 pm        
រូបភាព
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា(ឆ្វេង) នាជំនួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន(ស្តាំ) ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៨ ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ធ្នូ នាទីក្រុងប៉េកាំង ប្រទេសចិន។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា(ឆ្វេង) នាជំនួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន(ស្តាំ) ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៨ ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ធ្នូ នាទីក្រុងប៉េកាំង ប្រទេសចិន។
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា បានបន្តស្នើឱ្យភាគីចិន ជួយជំរុញឱ្យមានការហោះហើរត្រង់ពីខេត្តនានារបស់ចិន ទៅកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប និងលើកទឹកចិត្តឱ្យមានកំណើនទេសចរចិនកាន់តែច្រើនទៀតមកកម្ពុជា។
 
សំណើនេះ ត្រូវបានធ្វើឡើងនាជំនួបពិភាក្សាការងាររវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៨ ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ធ្នូ នាទីក្រុងប៉េកាំង ប្រទេសចិន។ បើតាមលោក សុខ ចិន្តាសោភា ការជំរុញកំណើនទេសចរចិន និងជើងហោះហើរនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនវុត្តន៍ការផ្លាស់ប្តូរប្រជាជន និងប្រជាជនឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំកំពូលប្រទេសទាំង២ នាពេលកន្លងមក។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការប្រទេសកម្ពុជា ចុះថ្ងៃទី៨ ធ្នូ នៅក្នុងជំនួបនេះ លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន សម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ 
 
ជាការឆ្លើយតប លោក វ៉ាង យី បានសន្យាថានឹងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រួមទាំងការផ្សព្វផ្សាយទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែល។
 
ក្រៅពីនេះ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះ លោក សុខ ចិន្តាសោភា ក៏បានជួបពិភាក្សាការងារជាមួយលោក  U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាដែរ។ លោក U Than Swe បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រចំពោះមីយ៉ាន់ម៉ា នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភាគីទាំង២ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំង ដើម្បីប្រយោជន៍រួមនៃប្រទេសទាំង២។ 
 


 លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា(ស្តាំ) នាជំនួបពិភាក្សាការងារជាមួយលោក  U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា(ឆ្វេង)

សូមជម្រាបថា លោក សុខចិន្តា សោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ដែលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមប្រធានបទ៖ រួមគ្នាខិតខំធ្វើទំនើបកម្ម និងបណ្តុះភាពរឹងមាំថ្មីក្នុងការអភិវឌ្ឍអនុតំបន់»។
 


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ ដែលធ្វើឡើងនៅថ្ងៃទី៧ធ្នូ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ​​ជាសហប្រធាន។


ក្នុងកិច្ចប្រជុំនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធផលនៃគម្រោងចំនួន ៨៩ ដែលមានទឹកប្រាក់ជាង ៣៣លានដុល្លាអាម៉េរិក ដែលគ្របដណ្តប់វិស័យជាច្រើនក្នុងប្រទេសកម្ពុជា។  លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដើម្បីជំរុញអត្ថប្រយោជន៍ឆ្ពោះរបស់កម្ពុជាទៅមុខ។ មិនតែប៉ុណ្ណោះ លោក សុខ ចិន្តាសោភា បានអំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍បន្ថែមទៀតដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com