អន្តរជាតិ
ទោះពង្រឹងទំនាក់ទំនងនឹងអាម៉េរិក វៀតណាមនៅតែអាចរកការវិនិយោគពីចិនបាន ៨,២ពាន់លានដុល្លារ
09, Dec 2023 , 4:29 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូ​ជុង នៅក្នុងខែកញ្ញា។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូ​ជុង នៅក្នុងខែកញ្ញា។ រូបភាព AFP
តាមទិន្នន័យផ្លូវការបស់វៀតណាម ការចុះបញ្ជីវិនិយោគពីសំណាក់ចិននៅក្នុងប្រទេស បានកើនឡើងដល់ ៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៣ បើទោះប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានពង្រឹងទំនាក់ទំនងការទូតជាមួយអាម៉េរិក និងបានអភិវឌ្ឍទំនាក់ទំនងទៅកម្រិតដ៏ខ្ពស់បំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែធ្នូ។
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន នៅក្នុងខែកញ្ញាកន្លងទៅ អាម៉េរិក និងវៀតណាមបានប្រកាសដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះជាកម្រិតទំនាក់ទំនងដ៏ខ្ពស់បំផុត។ 
 
បើទោះស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ក្រុងហាណូយ មិនបានបោះបង់ទំនាក់ទំនង និងការវិនិយោគពីក្រុងប៉េកាំងឡើយ។ តាមការវិនិយោគដែលត្រូវបានចុះបញ្ជីគិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ ការវិនិយោគចិន និងហុងកុង បានកើនដល់ ៨,២ពាន់លានដុល្លារឯណោះ ដោយចំនួននេះ កើនឡើងប្រមាណ ២ដង បើធៀបនឹងឆ្នាំមុន។ ចំនួននេះ បានធ្វើឱ្យចិន ក្លាយជាប្រទេសវិនិយោគដ៏ធំមួយនៅវៀតណាម។ 
 
យ៉ាងណាមិញ ការវិនិយោគរបស់អាម៉េរិកនៅវៀតណាម បានថយចុះជាលំដាប់។ រយៈពេល ១១ខែដដែល ការវិនិយោគអាម៉េរិក ដែលបានចុះបញ្ជីនៅវៀតណាមមានត្រឹម ០,៥ពាន់លានដុល្លារប៉ុណ្ណោះ ដោយថយចុះពី០,៧ នៅក្នុងឆ្នាំ២០២២។ 
 
ចំណែកទំហំពាណិជ្ជកម្មទេ្វភាគីរវាងអាម៉េរិក-វៀតណាម ក៏ធ្លាក់ចុះផងដែរ ដោយសារប្រជាជនអាម៉េរិកប្រឈមនឹងវិបត្តិនៃការចំណាយ រួមទាំងគ្មានការកាត់បន្ថយពន្ធពាណិជ្ជកម្មថែមទៀត។ ការនាំចេញរបស់វៀតណាមទៅអាម៉េរិក ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ មានចំនួន៧៥,២៥ភាគរយ ដោយធ្លាក់ចុះ ១៥ភាគរយ បើធៀននឹងរយៈពេលដដែលនៅឆ្នាំមុន។ ប៉ុន្តែការនាំចេញរបស់វៀតណាម ទៅចិនកើនប្រមាណ ៥ភាគរយ ពោលគឺមានទំហំក្បែរ ៥០ពាន់លានដុល្លារ។
 
សូមបញ្ជាក់ថា តាមការប្រកាសរបស់ក្រសួងការបរទេសចិន លោកប្រធានាធិបតីស៊ី ជិនភីង នឹងបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ៕
 

Tag:
 វៀតណាម
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com