កីឡាអន្តរជាតិ
អន្តរជាតិ
M5៖ See You Soon ប៉ះក្រុមខ្លាំងប្រចាំហ្វីលីពីន AP Bren វគ្គ៨ក្រុមចុងក្រោយ
09, Dec 2023 , 7:39 pm        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិក See You Soon របស់កម្ពុជា បានបន្តដំណើរឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ M5 World Championship ក្រោយពីបានបញ្ចប់ចំណាត់ថ្នាក់លេខ២ ពូល A ខណៈក្រុមឥណ្ឌូណេស៊ី ONIC Esports បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង។ ឈ្នះកៅអីឡើងទៅវគ្គបន្ទាប់ ក្រុមតំណាងកម្ពុជាត្រូវបន្តប៉ះក្រុមខ្លាំងហ្វីលីពីន AB Bren ដែលជាម្ចាស់ជើងឯក MPL PH រដូវកាលទី១២។

 
ឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល ក្រុម See You Soon បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្រោយយកឈ្នះការប្រកួតចំនួន ២ប្រកួត និងចាញ់ ១ប្រកួត ពីការប្រកួតចំនួន ៣លើករបស់ខ្លួន។ ក្រុមដែលស្ថិតក្នុងពូល A រួមមានក្រុម ONIC Esports ជើងខ្លាំងឥណ្ឌូណេស៊ីដែលបញ្ចប់ចំណាត់ថ្នាក់លេខ ១កំពូលតារាង ហើយក្រុម Triple Esports មកពីអារ៉ាប៊ីសាអូឌីតនៅលេខ ៣ និងក្រុម Bigetron Sons របស់ប្រេស៊ីលបាតតារាងមិនដែលឈ្នះការប្រកួតម្តងឡើយ។
 
ការប្រកួតវគ្គចែកពូលបានបញ្ចប់ត្រឹមថ្ងៃទី៧ ដោយរកឃើញក្រុមចំនួន ៨ ត្រូវបន្តដំណើរឡើងទៅវគ្គជម្រុះ Knockout ដោយរួមមានក្រុម ONIC Esports និង See You Soon ដែលចេញពីពូល A, ក្រុម Fire Flux Esports របស់តួកគីលេខ១ និង Blacklist International របស់ហ្វីលីពីនលេខ២ ក្រុមចំណាត់ថ្នាក់ពូល B, ក្រុម AB Bren ហ្វីលីពីនលេខ ១ និង Burmese Ghouls របស់មីយ៉ាន់ម៉ាលេខ២ ពូល C ព្រមទាំងក្រុម Geek FAM របស់ឥណ្ឌូណេស៊ីលេខ ១ និង DEUSVULT របស់រុស្ស៊ី លេខ២ ក្នុងពូល D។ 


 
ឈានដល់វគ្គជម្រុះ Knockout ជុំទីមួយដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ការប្រកួតរវាងក្រុមនីមួយៗ នឹងធ្វើឡើងដោយការប្រកួតមួយលើកមាន ៥វគ្គ (Best of 5) ហើយក្រុមទាំង ៨ ត្រូវប្រជែងគ្នាពីវគ្គជម្រុះ Upper Bracket ទៅ។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនឹងកាត់សេចក្តីដោយការប្រកួតចំនួន ៧វគ្គ (Best of 7)។
 
ទម្រង់ការប្រកួតជាប្រភេទតំបន់ខាងលើ Upper Bracket និងតំបន់ខាងក្រោម Lower Bracket ក្រុមដែលឈ្នះការប្រកួតក្នុងវគ្គជម្រុះដែលនៅតំបន់ខាងលើនឹងបន្តមានឱកាសប្រជែងច្រើនជាងក្រុមដែលធ្លាក់ទៅកាន់តំបន់ខាងក្រោម ដែលប្រជែងទាំងប្រឈមនឹងការធ្លាក់ចេញពីការប្រកួត។
 
លទ្ធផលការចាប់ឆ្នោតបានធ្វើឡើង ក្រោយការប្រកួតវគ្គចែកពូលបានបញ្ចប់ ដោយក្រុមដែលត្រូវប្រកួតគ្នាបន្តទៀតនៅវគ្គ Knockout ដោយក្រុម Fire Flux Esports ត្រូវប៉ះក្រុម DEUSVULT និងក្រុម ONIC Esports ប៉ះក្រុម Blacklist International នៅថ្ងៃទី៩ ខែធ្នូ ហើយក្រុម AP Bren ប៉ះ See You Soon និង Geek Fam ទល់ Burmese Ghouls ធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ។


 
AP Bren ដៃគូរបស់ See You Soon គឺជាក្រុមមួយដែលកំពុងមានសមត្ថភាពខ្លាំងនៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។ ក្រៅពីជាម្ចាស់ពានរង្វាន់លីគ MPL ហ្វីលីពីនរដូវកាលទី១២ កីឡាករទាំងអស់ដែលស្ថិតនៅក្នុងក្រុមមួយនេះស៊ុតសឹងតែជាកីឡាករធ្លាប់ឈ្នះមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមក្នុងប្រទេសកម្ពុជា និងមេដាយមាសពានរង្វាន់កីឡាអេឡិចត្រូនិកពិភពលោកលើវិញ្ញាសា Mobile Legends៕



Tag:
 See You Soon
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com