អន្តរជាតិ
អង់គ្លេស និងសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មបុគ្គល៩រូប និងក្រុមហ៊ុន៥ ពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា
09, Dec 2023 , 4:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អង់គ្លេស អាម៉េរិក និងកាណាដា នៅថ្ងៃទី៨ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មជាកញ្ចប់ដោយផ្តោតលើក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការបំពានសិទ្ធិមនុស្ស នៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
 
តាមរបាយការណ៍ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅពេលកន្លងមក មនុស្សជាច្រើនម៉ឺននាក់ នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសមីយ៉ាន់ម៉ា និងកម្ពុជា ត្រូវបានបង្ខំឱ្យធ្វើការងារបោកបញ្ឆោតតាមប្រព័ន្ធអនឡាន។ របាយការណ៍ដដែល បានបញ្ជាក់ថា មនុស្សប្រមាណ ១២ម៉ឺននាក់ មាននៅមីយ៉ាន់ម៉ា និងប្រមាណ ១០ម៉ឺននាក់មាននៅកម្ពុជា។
 
ដោយផ្អែកលើរបាយការណ៍អង្គការសហប្រជាជាតិ អង់គ្លេស អាម៉េរិក និងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩រូប និងក្រុមហ៊ុនចំនួន ៥ ពាន់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក្នុងខួប ៧៥ឆ្នាំ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ត្រូវបានផ្តល់សច្ចាប័ន។ 
 
«យើងនឹងមិនអត់ឱនចំពោះឧក្រិដ្ឋជន និងការដឹកនាំដែលធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានសិទ្ធិ និងសេរីភាពរបស់ប្រជាជនសាមញ្ញនៅជុំវិញពិភពលោកឡើយ»។ លោក David Cameron រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយអាម៉េរិក និងកាណាដា ចេញនៅថ្ងៃទី៨ ខែធ្នូ។ 
 
ទណ្ឌកម្មខាងលើ ជាការហាមឃាត់បុគ្គលស្ថិតនៅក្នុងបញ្ជីខ្មៅមិនឱ្យចូលទៅក្នុងអង់គ្លេស និងហាមឃាត់ប្រជាជនអង់គ្លេស ធ្វើធុរកិច្ចជាមួយ។ 
 
បុគ្គល និងក្រុមហ៊ុន ដែលមានជាប់ព័ន្ធនឹងទណ្ឌកម្មលើការបំពានសិទ្ធិមនុស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា មានឈ្មោះដូចជា Zhao Wei, Nat Rungtawankhiri, Abbas Eberahim, Zhijiang She, Saw Chit Thu, Saw Min Min Oo, ក្រុមហ៊ុន ZhengHeng Group Co Ltd, ក្រុមហ៊ុន Heng He Casino, សណ្ឋាគារ K.B Hotel, ក្រុមហ៊ុន Pacific Real Estate Management, Hum Sovanny, Dong Lecheng និងក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd.។
 
ក្រៅពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អង់គ្លេស និងសម្ព័ន្ធមិត្តក៏បានដាក់ទណ្ឌកម្មលើបុគ្គលមួយចំនួនទៀត នៅបេឡារុស, អ៊ីរ៉ង់, ស៊ីរី និងហៃទីផងដែរ៕
 

Tag:
 កម្ពុជា
  អង់គ្លេស
  អាម៉េរិក
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com