សេដ្ឋកិច្ច
អន្តរជាតិ
រដ្ឋមន្រ្តីកសិកម្មថៃ ព្រមានកសិករកុំឱ្យយកពូជស្រូវពីវៀតណាម 10, Dec 2023 , 10:44 am
លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ (ក្នុងរង្វង់)។ រូបភាព AFP និងBangkok Post
× រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ នៅថ្ងៃទី៨ ខែធ្នូ បានព្រមានកសិករកុំឱ្យលួចនាំយកពូជស្រូវ ឬដាំស្រូវ មានប្រភពពីវៀតណាម ដោយសារមិនទាន់ទទួលបានការអនុញ្ញាត ឬអាចរងបណ្តឹងពីវៀតណាម។
ពូជស្រូវមកពីវៀតណាម អាចបង្កើនទិន្នផលបានច្រើន ជាងពូជស្រូវរបស់ថៃក្នុងមួយរ៉ៃ ហើយថែមទាំងបង្កើនចំណូលបានច្រើនថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Thamanat Prompow រដ្ឋមន្រ្តីសហករណ៍ និងកសិកម្មថៃ។
ដោយទទួលស្គាល់ពូជស្រូវមកពីវៀតណាមអាចបង្កើនទិន្នផលច្រើនជាង រដ្ឋមន្រ្តីកសិកម្ម បានព្រមានកសិករកុំឱ្យលួចនាំចូល ឬដាំស្រូវមានប្រភពមកពីប្រទេសជិតខាងរបស់ខ្លួន។ តាមការព្រមានរបស់លោក Thamanat នៅថ្ងៃទី៨ ខែធ្នូ កសិករ អាចប្រឈមមុខនឹងបញ្ហា ប្រសិនបើវៀតណាម ដាក់ពាក្យបណ្តឹងលើពួកគេ ដោយសារពូជស្រូវទាំងនោះ មិនទាន់ទទួលបានការអនុញ្ញាតឱ្យដាំនៅក្នុងប្រទេសខ្លួនឡើយ។
យ៉ាងណាមិញ រដ្ឋមន្រ្តីកសិកម្មថៃរូបនេះ មិនបានបញ្ជាក់ពីប្រភេទពូជស្រូវ ដែលកសិករថៃ អាចលួចដាំ ឬលួចនាំយកពូជនោះមកឡើយ។
ត្រង់ចំណុចនេះ លោក Thamanat បានលើកឡើងថា ប្រសិនបើប្រជាជនរងបណ្តឹងពីប្រទេសជិតខាង វាអាចប៉ះពាល់ដល់មុខមាត់របស់ប្រទេស និងទំនាក់ទំនងទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីកសិកម្មថៃ បានអះអាងថា នាយកដ្ឋានអង្ករ មិនអាចផ្តល់ការទទួលស្គាល់លើពូជស្រូវដែលលួចនាំចូលពីប្រទេសជិតខាងនោះទេ។
កន្លងមក អង្គរវៀតណាមប្រភេទST25 បានទទួលពានរង្វាន់លេខ១ សម្រាប់ពាន World's Best Rice 2023 នៅសន្និសីទអង្ករពិភពលោក នៅហ្វីលីពីន ខណៈអង្ករកម្ពុជាទទួលបានលេង២ និងឥណ្ឌាលេខ ៣។ ចំណែកថៃ អវត្តមានក្នុងកម្មវិធីមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com