អន្តរជាតិ
លោក Chen Lip Keong មហាសេដ្ឋីម៉ាឡេស៊ី និងជា​ម្ចាស់ក្រុមហ៊ុន Naga ទទួលមរណភាពនៅវ័យ៧៥ឆ្នាំ
11, Dec 2023 , 9:54 am        
រូបភាព
លោក Chen Lip Keong ម្ចាស់ក្រុមហ៊ុន NagaCorp។ រូបភាព South China Mornign Post
លោក Chen Lip Keong ម្ចាស់ក្រុមហ៊ុន NagaCorp។ រូបភាព South China Mornign Post
លោក Chen Lip Keong មហាសេដ្ឋីលំដាប់ទី៧ នៅម៉ាឡេស៊ី និងជាស្ថាបនិកក្រុមហ៊ុន NagaCorp ដែលមានសាខានៅកម្ពុជាផងដែរ បានទទួលមរណភាពនៅវ័យ ៧៥ឆ្នាំ ដោយសារជំងឺ។ បុរសរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ២,៨ ពាន់លានដុល្លារ។
តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន NagaCorp ដែលចុះបញ្ជីនៅក្នុងក្រុងហុងកុង នៅថ្ងៃទី១០ ខែធ្នូ លោក Chen Lip Keong មហាសេដ្ឋីលំដាប់ទី៧ នៅម៉ាឡេស៊ី និងជាស្ថាបនិកក្រុមហ៊ុន NagaCorp បានទទួលមរណភាព ដោយសារជំងឺ នៅវ័យ ៧៥ឆ្នាំ។ 
 
«ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន NagaCorp និងសាខារបស់ខ្លួន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Chen Lip Keong»។ ក្រុមហ៊ុន NagaCorp បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្តសរសើរពីស្នាដៃ និងការដឹកនាំរបស់ជាមហាសេដ្ឋីទី៧ ម៉ាឡេស៊ី ក្នុងអំឡុងពេលដឹកនាំក្រុមហ៊ុន។ 
 
ទន្ទឹមនេះ​ ក្រុមហ៊ុន NagaCorp បានប្រកាសតែងតាំង លោក Chen Yiy Fon ដែលជាកូនប្រុសមួយរូបរបស់លោក Chen Lip Keong និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនកន្លងមក ឱ្យក្លាយជាប្រធានប្រតិបត្តិ (CEO) ថ្មី ចាប់ពីថ្ងៃទី១០ ខែធ្នូ ដោយកូនប្រុសរូបនេះ ត្រូវកាន់តំណែង និងមានការទទួលខុសត្រូវ ដូចឪពុករបស់ខ្លួនធ្លាប់កាន់ពីមុនមក។ 
 
តាមការចុះផ្សាយរបស់ទស្សនាវដ្តីអាម៉េរិក Forb គិតត្រឹមខែឧសភា ឆ្នាំ២០២៣ លោក Chen Lip Keong ជាមហាសេដ្ឋីមានជាងគេលំដាប់ទី ៧ នៅម៉ាឡេស៊ី ដោយមានទ្រព្យសម្បត្តិប្រមាណ ២,៣ពាន់លានដុល្លារ។ នៅក្នុងវេបសាយរបស់ខ្លួន ក្រុមហ៊ុន NagaCorp ទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូរហូតដល់ឆ្នាំ២០៦៥ នៅកម្ពុជា និងមានសិទ្ធិផ្តាច់មុខ ក្នុងការដំណើរការកាស៊ីណូ ក្នុងចម្ងាយ ២០០គីឡូម៉ែត្រ នៅក្នុងក្រុងភ្នំពេញ រហូតដល់ ២០៤៥៕

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com