កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទទួលជ័យជម្នះជាថ្មី រីឯ Man City វិលត្រលប់មកការប្រជែងតំណែងកំពូលក្រោយឈ្នះ Luton 11, Dec 2023 , 11:20 am
× Tottenham Hotspur បានយកឈ្នះលើក្រុម Newcastle United លទ្ធផល ៤-១ នាថ្ងៃទី១០ ខែធ្នូ។ ចំណែកក្រុម Manchester City ក៏បានវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងតំណែងកំពូលតារាង ក្រោយបានប្រកួតឈ្នះលើក្រុម Luton Town លទ្ធផល ២-១ ដែលជាការប្រកួតឈ្នះលើកដំបូងក្នុងការប្រកួត Premier League ៥លើក ចុងក្រោយ។
៥ប្រកួតចុងក្រោយរបស់ Spurs នៅក្របខណ្ឌ Premier League រងបរាជ័យ ៤លើក និងចាញ់ ១លើក ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ក្រុមមួយនេះតាំងពីឆ្នាំ ២០០៨ មក ហើយការឈ្នះ Newcastle United ជាលទ្ធផលឈ្នះដ៏ធំរបស់ពួកគេ ។
ជាការវិលត្រឡប់មកទីលានវិញរបស់ខ្សែប្រយុទ្ធ Richarlison កីឡាករសញ្ជាតិប្រេស៊ីលរកបានគ្រាប់បាល់ ២គ្រាប់ម្នាក់ឯង ដោយនៅនាទី៣៨ និងនាទី៦០ ហើយកីឡាករ Destiny Udogie នាទី២៦ ព្រមទាំងប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់ទី៤ នៅនាទី៨៥។ ១គ្រាប់របស់ Newcastle United កើតឡើងនៅនាទី៩០+១ ដោយកីឡាករ Joelinton។ រកបាន ៣ពិន្ទុ Spurs បន្តឈរចំណាត់ថ្នាក់លេខ ៥ ដោយមាន ៣០ពិន្ទុក្នុងដៃ ចំណែក Newcastle United បន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដែលមាន ២៦ពិន្ទុ។
ចំណែកក្រុមការពារជើងឯក Manchester City ក៏រកបានការឈ្នះលើកដំបូងឡើងវិញក្រោយខកខាន ៤ប្រកួតកន្លងមកដោយលទ្ធផលស្មើ ៣ និងចាញ់ ១ នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Luton Town ដោយលទ្ធផល ២-១។ Man City វាយបកយកឈ្នះលើក្រុម Luton ដោយកីឡាករ Bernardo Silva នៅនាទី៦២ និង Jack Grealish នៅនាទី៦៥ ក្រោយពេលដែលកីឡាករ Elijah Adebayo របស់ក្រុមម្ចាស់ផ្ទះស៊ុតនាំមុខនៅនាទី៤៥+២។
ក្រុម Everton បានផ្តល់រសជាតិចាញ់ក្រៅដីជាលើកទី៣ ដល់ក្រុម Chelsea របស់លោក Mauricio Pochettino បន្ទាប់ពីពួកគេបានឈ្នះដោយលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Goodison Park។ ដោយឡែកក្រុម Fulham បានបន្តយកឈ្នះការប្រកួតដោយលទ្ធផលដ៏ធំ ២លើកជាប់គ្នា ដោយឈ្នះលទ្ធផល ៥-០ លើក្រុម West ham United ក្រោយពេលសប្តាហ៍មុនក្រុមនេះបានបំបាក់ Nottingham Forest ៥-០ ដូចគ្នា។
Aston Villa បន្តភាពខ្លាំងរបស់ខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីក្រុមប្រជែងបានកៅអីពានរង្វាន់អឺរ៉ុបលើកដំបូង កាលពីរដូវកាលមុន ។ក្រុមដែលលោក Unai Emery ដឹកនាំកំពុងតែក្លាយជាក្រុមដ៏គួឱ្យភ័យខ្លាចមួយ សម្រាប់ក្រុមដទៃនៅ Premier League។ Aston បានយកឈ្នះលើ Arsenal ដែលជាក្រុមកំពុងឈរកំពូលតារាងលទ្ធផល ១-០ ដែលជួយបន្ថយគម្លាតពិន្ទុរបស់ក្រុមដែលដឹកនាំដោយលោក Mikel Arteta ហើយរុញច្រានក្រុម Liverpool ដែលឈ្នះការប្រកួតលើ Crystal Palace លទ្ធផល ២-១ ឡើងឈរកំពូលតារាងវិញ។
សម្រាប់ចំណាត់ថ្នាក់វិញ Everton បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ដោយរកបានត្រឹម ១៣ពិន្ទុ ខណៈដែល Chelsea ធ្លាក់ទៅលេខ ១២។ Everton ប្រសិនបើមិនត្រូវកាន់ពិន្ទុចេញចំនួន ១០ពិន្ទុ ដោយក្របខណ្ឌ Premier League នោះទេ នោះក្រុមមួយនេះនឹងស្ថិតនៅចំណាត់ថ្នាក់លេខ ១០។ Fulham ២ប្រកួតចុងក្រោយរកបាន ១០គ្រាប់ ពួកគេឡើងដល់ចំណាត់ថ្នាក់លេខ ១០ មាន ២១ពិន្ទុ ហើយ West Ham United ស្ថិតនៅចំណាត់ថ្នាក់លេខ៩ មាន ២៤ពិន្ទុ៕
Tag:
Tottenham Hotspur
Manchester City
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com