កីឡាអន្តរជាតិ
អន្តរជាតិ
​​​​Salah រកបានគ្រាប់បាល់ទី ២០០ នៅ Liverpool ខណៈក្រុមឡើងឈរកំពូលតារាង
11, Dec 2023 , 2:20 pm        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Liverpool ក្រោយរូបគេរួមចំណែករកបានគ្រាប់បាល់ ១គ្រាប់ រួមជាមួយនឹងមិត្តរួមក្រុម Harvey Elliott ដែលរកបាន ១គ្រាប់នៅក្នុងជ័យជម្នះលើក្រុម Crystal Palace ដែលមានគ្នាត្រឹម ១០នាក់ ដោយលទ្ធផល ២-១។ Liverpool រកបាន ៣ពិន្ទុឡើងឈរកំពូលតារាង Premier League។


ក្រុមរហស្សនាមហង្សក្រហមឈរកំពូលតារាង រកបាន ៣៧ពិន្ទុ ដោយនាំមុខលើក្រុម Arsenal ដែលធ្លាក់ទៅលេខ ២ មាន ៣៦ពិន្ទុ ក្រោយពីពួកគេបានចាញ់ការប្រកួតក្រោមថ្វីជើង Aston Villa ១-០។ 
 
Liverpool វាយបកយកឈ្នះការប្រកួត ដោយ Mohamed Salah ស៊ុតគ្រាប់តាមស្មើនៅនាទី៧៦ និង Harvey Elliott នៅនាទី៩០+១ ក្រោយពេលដែលកីឡាករ Jean-Philippe Mateta ស៊ុតគ្រាប់បាល់បញ្ចូលទីនៅនាទី៥៧ សម្រាប់ក្រុម Crystal Palace។
 
ទោះជាមានបញ្ហារអាក់រអួលក្នុងការស្វែងរកគ្រាប់បាល់នៅវគ្គដំបូង ប៉ុន្តែការស៊ុតរបស់ Salah នៅក្នុងវគ្គទីពីរដែលតាមស្មើលទ្ធផល ១-១ បានក្លាយជាគ្រាប់បាល់ទី១៥០ សម្រាប់គេនៅក្នុងក្របខណ្ឌ Premier League និងជាគ្រាប់ទី ២០០ របស់គេនៅក្លិប Liverpool ផ្ទាល់។ 
 
«វាពិតជាការលំបាក់ណាស់នៅថ្ងៃនេះ ប៉ុន្តែជាការពិតណាស់ នៅពេលដែលយើងឈ្នះការប្រកួត ហើយខ្ញុំស៊ុតបានមួយគ្រាប់ វាគឺជាអារម្មណ៍ដ៏អស្ចារ្យ។ ខ្ញុំសប្បាយចិត្តសម្រាប់កំណត់ត្រា ខ្ញុំក៏សប្បាយចិត្តសម្រាប់ក្រុមដែលឈ្នះការប្រកួតមួយនេះផងដែរ។»។ Salah បាននិយាយបែបនេះក្រោយចប់ការប្រកួត។ 
 
Liverpool ត្រូវបន្តដំណើរក្នុងការប្រកួតបង្គ្រប់ជំនួបវគ្គចែកពូលពានរង្វាន់ Europa League ទល់នឹងក្រុម Union St.Gilloise នៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ១យប់។ ជំនួបក្របខណ្ឌ​ Premier League នៅថ្ងៃទី១៧ ខែធ្នូ ដោយត្រូវតទល់ជាមួយនឹងក្រុមភ្ញៀវ Manchester United វេលាម៉ោង ១១:៣០នាទី៕

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com