អន្តរជាតិ
សង្រ្គាមច្រើនកន្លែង UNអំពាវនាវកៀរគរថវិកា ៤៦ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ឆ្នាំ២០២៤
11, Dec 2023 , 3:59 pm        
រូបភាព
ទិដ្ឋភាពប្រជាជនប៉ាឡេស្ទីនភៀសខ្លួនចេញពីទីក្រុងកាហ្សា នៅក្នុងខែវិច្ឆិកា កន្លងមក។ រូបភាព AFP
ទិដ្ឋភាពប្រជាជនប៉ាឡេស្ទីនភៀសខ្លួនចេញពីទីក្រុងកាហ្សា នៅក្នុងខែវិច្ឆិកា កន្លងមក។ រូបភាព AFP
ការិយាល័យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១១ ខែធ្នូ បានស្វែងរកការកៀរគរថវិកាចំនួន ៤៦ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ នៅក្នុងឆ្នាំ២០២៤ ដើម្បីជួយមនុស្សជាច្រើនលាននាក់ ដែលរងគ្រោះដោយសារជម្លោះ គ្រោះធម្មជាតិ និងបញ្ហាសេដ្ឋកិច្ចជាដើម។ អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ចំនួនប្រជាជនត្រូវការជំនួយនៅក្នុងឆ្នាំ២០២៤ គឺមានការថយចុះ បើធៀបនឹងឆ្នាំ២០២៣។
 
នៅក្នុងរបាយការណ៍ពិនិត្យលើស្ថានភាពមនុស្សធម៌ជាសកលសម្រាប់ឆ្នាំ២០២៤ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានលើកឡើងថា មនុស្សជិត ៣០០លាននាក់ នឹងត្រូវការជំនួយសម្រាប់ឆ្នាំ២០២៤ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន, ជម្លោះរវាងក្រុមហាម៉ាស និងអុីស្រាអែល, បញ្ហាបម្រែបម្រួលអាកាសធាតុ និងកត្តាសេដ្ឋកិច្ចប្រចាំថ្ងៃជាដើម។ 
 
ត្រង់ចំណុចនេះ ការិយាល័យ OCHA បានប្រកាសថា ខ្លួនត្រូវការជំនួយ ៤៦ពាន់លានដុល្លារ សម្រាប់ប្រជាជនរងគ្រោះជាច្រើនលាននាក់នោះ។ ក្នុងចំណោមប្រជាជនត្រូវការជំនួយ៣០០លាននាក់ ការិយាល័យអង្គការសហប្រជាជាតិមួយនេះ អាចជួយមនុស្សបានត្រឹម ១៨១លាននាក់ប៉ុណ្ណោះ ដែលជាចំនួន ខ្លួនតំណាងឱ្យ ខណៈប្រជាជនជាច្រើនលាននាក់ផ្សេងទៀត គឺមានអង្គការផ្សេងដូចជាកាកបាទក្រហម ឬសង្គមកាកបាទក្រហមថ្នាក់ជាតិជាអ្នកជួយដោយផ្ទាល់។ 
 
«យើងនឹងដាក់គោលដៅលើតម្រូវការជាក់លាក់របស់យើង សម្រាប់ទីភ្នាក់ងារដែលខ្ញុំតំណាង មានមនុស្សចំនួន ១៨១លាននាក់ ក្នុងចំនួន ៣០០លាននាក់»។ លោក Martin Griffiths ប្រធាន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញថ្ងៃទី១១ ខែធ្នូ។ 
 
ក្នុងពេលបច្ចុប្បន្ន មូលនិធិមនុស្សធម៌ កំពុងមានការខ្វះខាត ឬទទួលបានជំនួយតិចជាងការរំពឹងទុក។ នៅក្នុងឆ្នាំ២០២៣ ការិយាល័យ OCHA ទទួលបានជំនួយត្រឹមតែ ១ភាគ៣ នៃការស្នើរកជំនួយ៥៧ពាន់លានដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ប្រមុខការិយាល័យ OCHA បានយល់ឃើញថា ពិភពលោក នឹងប្រឈមបញ្ហាខ្វះជំនួយ ជាច្រើនឆ្នាំខាងមុខ។ 
 
ក្នុងចំណោមតំបន់ទាំងអស់ លោក Griffiths បានកត់សម្គាល់ថា តំបន់មជ្ឈិមបូព៌ា ទំនងជាតំបន់ដែលត្រូវការជំនួយច្រើនជាងគេបំផុត ស្របពេលអុីស្រាអែល បានបើកប្រតិបត្តិការយោធានៅទូទាំងតំបន់កាហ្សា។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ប្រធានការិយាល័យ OCHA បានបន្ថែមទៀតថា ប្រជាជនត្រូវការជំនួយនៅក្នុងឆ្នាំ២០២៤ គឺមានការថយចុះ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៦៣លានដុល្លារ។ 
 
សូមបញ្ជាក់ថា របាយការណ៍ពិនិត្យលើស្ថានភាពមនុស្សធម៌ជាសកលសម្រាប់ឆ្នាំ២០២៤ បានបញ្ជាក់ថា ប្រទេសចំនួន ៧២ គឺមានជនរងគ្រោះខាងលើ ដោយក្នុងចំណោមនោះ ប្រទេសចំនួន២៦ គឺមានវិបត្តិ ឬសង្រ្គាម ហើយប្រទេសចំនួន ៤៦ ជាប្រទេសជិតខាង ដែលទទួលជនភៀសខ្លួន៕ 

Tag:
 ជំនួយមនុស្សធម៌
  សង្រ្គាម
  UN
© រក្សាសិទ្ធិដោយ thmeythmey.com