អន្តរជាតិ
ចិនក្លាយជាទីផ្សារធំរបស់វៀតណាមក្នុងការនាំចេញទុរេន ដោយសារថោកជាងទុរេនថៃ
12, Dec 2023 , 10:39 am        
រូបភាព
ទុរេនវៀតណាម រៀបចំដឹកទៅចិន។ រូបភាព VNA
ទុរេនវៀតណាម រៀបចំដឹកទៅចិន។ រូបភាព VNA
ត្រឹមរយៈពេល១០ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ វៀតណាម បាននាំចេញទុរេនក្នុងទំហំ២,១ពាន់លានដុល្លារទៅចិន ។ ការនាំចេញដ៏ច្រើនសន្ធឹកនេះ គឺដោយសារទុរេនវៀតណាមមានតម្លៃទាបជាងទុរេនថៃ។
 
នៅក្នុងខែសីហា ឆ្នាំ២០២២ ចិន បានអនុម័តការនាំចូលទុរេនស្រស់ៗពីវៀតណាម។ ការបើកភ្លើងបៃតងនេះ បានធ្វើឱ្យវៀតណាមអាចនាំចេញទុរេនជាច្រើនតោនទៅចិន និងអាចកើបចំណូលបានជាច្រើនពាន់លានដុល្លារ។ 
 
តាមការបញ្ជាក់របស់សមាគមបន្លែ និងផ្លែឈើវៀតណាម ការនាំចេញទុរេនទៅចិនមានទំហំ២,១ពាន់លានដុល្លារ នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ដែលចំនួននេះ បានធ្វើឱ្យចិនបានក្លាយជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់វៀតណាម។ ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានកន្លែងដាំទុរេនចំនួន៤២២ និងមានមជ្ឈមណ្ឌលខ្ចប់សម្រាប់ដឹកទៅប្រទេសជិតខាងចំនួន១៥៣កន្លែង។ 
 
តាមការបញ្ជាក់របស់ លោក Han Tao អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននាំចេញនាំចូលផ្លែឈើក្នុងស្រុកចិន Hekou Sutao Trading Company លោកបាននាំចូលទុរេនពីវៀតណាមប្រមាណ៦០០តោន ចាប់តាំងពីខែតុលា ឆ្នាំ២០២២ មក។ ចិននាំចូលទុរេនប្រភេទ Ri-6 ពីវៀតណាម។ ការនាំចូលទុរេនពីវៀតណាមដ៏ច្រើនបែបនេះ គឺដោយសារវាមានតម្លៃទាប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
«ប្រៀបធៀបទៅទុរេនពីថៃ, ទុរេនវៀតណា​មគឺមានតម្លៃទាបជាង។ ប៉ុន្តែគុណភាព រសជាតិ និងរូបរាង របស់វៀតណាម មានលក្ខណៈពិសេស»។ លោក Han Tao បានសង្កត់ធ្ងន់បែបនេះ។ 
 
ចំណែក លោក Nong Liqing អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុននាំចេញនាំចូលមួយ ក្នុងក្រុង Pingxiang ខេត្ត Guangxi អះអាងថា ក្រុមហ៊ុនរបស់លោកបាននាំចូលទុរេនពីវៀតណាមរហូតដល់១៦០០តោនឯណោះ បើគិតមកដល់ខែធ្នូ ឆ្នាំ២០២៣។ បន្ថែមពីនេះ ចិន គ្រោងនាំចូលទុរេនជាច្រើនពាន់តោនពីវៀតណាមបន្ថែមទៀត។ 
 
នៅក្នុងឆ្នាំ២០២២ ចិននាំចូលទុរេនរហូតដល់៨២៥០០០តោន ដោយទុរេន ជាផ្លែឈើទីមួយនាំចូលទៅចិនច្រើនជាងគេ និងមានទំហំ ៤,០៣ពាន់លានដុល្លារ។ ក្នុងចំនួននោះទុរេនថៃមានទំហំ ប្រមាណ ៧៨ម៉ឺនតោន៕  

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com