អន្តរជាតិ
ប្រធានាធិបតីចិនថា អនាគតអាស៊ី ស្ថិតនៅក្នុងដៃរបស់ខ្លួន មិនមែនប្រទេសខាងក្រៅឡើយ
12, Dec 2023 , 8:19 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង និងភរិយា បានធ្វើដំណើរទៅដល់វៀតណាម នៅថ្ងៃទី១២ ខែធ្នូ។ រូបភាពX_Hua Chunying
ប្រធានាធិបតីចិន លោកស៊ី ជិនភីង និងភរិយា បានធ្វើដំណើរទៅដល់វៀតណាម នៅថ្ងៃទី១២ ខែធ្នូ។ រូបភាពX_Hua Chunying
ប្រធានាធិបតីចិន ស៊ី ជិនភីង បានលើកឡើងថា អនាគតរបស់អាស៊ីស្ថិតនៅក្នុងដៃរបស់ខ្លួន មិនមែនប្រទេសខាងក្រៅ ឬប្រទេសលោកខាងលិចឡើយ។ ការអះអាងនៅក្នុងវិចារណកថាចេញនៅថ្ងៃទី១២ ខែធ្នូនេះ ធ្វើឡើងស្របពេលលោកស៊ី កំពុងបំពេញទស្សនកិច្ចនៅវៀតណាមលើកដំបូង​ក្នុងរយៈពេល៦ឆ្នាំ។
 
ប្រធានាធិបតីចិន ស៊ី ជិន ទៅដល់រដ្ឋធានីហាណូនៅថ្ងៃទី១១២ ខែធ្នូ សម្រាប់ទស្សនកិច្ច២ថ្ងៃ។ នេះជាដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅវៀតណាមក្នុងរយៈពេល៦ឆ្នាំ ដោយលើកចុងក្រោយនៅឆ្នាំ២០១៧។ នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញ ជិញ ទៅទទួលលោក ស៊ី និងភរិយាដល់ព្រលានយន្តហោះថែមទៀត។
 
ស្របពេលដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសចិន នៅថ្ងៃទី១២ ខែធ្នូ បានចេញផ្សាយវិចារណកថារបស់មេដឹកនាំចិន ជុំវិញទំនាក់ទំនងជាមួយវៀតណាម និងអនាគតរបស់តំបន់អាស៊ី។ 
 
«អនាគតអាស៊ី គឺមិនស្ថិតនៅក្នុងដៃប្រទេសណាមួយឡើយ លើកលែងតែប្រទេសនៅតំបន់អាស៊ីខ្លួនឯង»។ លោកស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយទំនងលើកឡើងថា អាស៊ីអាចរីកចម្រើន ឬអភិវឌ្ឍខ្លួនឯងបាន ដោយមិនចាំបាច់បណ្តាប្រទេសលោកខាងលិច ដែលតែងរិះគន់ចិនលើបញ្ហាជាច្រើនពាក់ព័ន្ធសិទ្ធិមនុស្ស គំនិតផ្តួចផ្តើមក្រវាត់ និងផ្លូវ និងសេដ្ឋកិច្ចជាដើម។ 
 
បើតាមលោកស៊ី តំបន់អាស៊ី អាចលូតលាស់ និងអភិវឌ្ឍទៅបានលុះត្រាតែមានសន្តិភាព វិបុលភាព ភាពស្ងៀមស្ងាត់ តាមរយៈការធ្វើការរួមគ្នានៅក្នុងសហគមន៍អាស៊ី ដោយផ្អែកលើ អនាគត និងការអភិវឌ្ឍរួមគ្នា។ មេដឹកនាំចិន ក៏បានលើកឡើងពីទស្សនៈបុរាណផងដែរថា៖ «ដើមឈើ ដែលមានឬសរឹងមាំ នឹងលូតលាស់បានល្អ ហើយកិច្ចខិតខំលើផ្លូវដ៏ត្រឹមត្រូវ នឹងទទួលបានជោគជ័យ»។ 
 
បន្ថែមពីនេះ លោកស៊ី បានលើកឡើងពីទំនាក់ទំនងជាមួយប្រទេសជិតខាងខ្លួន គឺវៀតណាមផងដែរ។ បើតាមលោកស៊ី នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំប្រារព្ធឡើងនៃភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរយៈពេល ១៥ឆ្នាំ ដោយភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីធានាពីសន្តិភាព ភាពស្ងៀមស្ងាត់ វិបុលភាព រួមទាំងការស្វះស្វែងរួមគ្នាលើកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ 
 
ដំណើរទស្សនកិច្ចរបស់លោកស៊ី ដែលមានប្រធានជាច្រើនត្រូវជជែក ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅវៀតណាមក្នុងខែកញ្ញាកន្លងមក។ ក្នុងដំណើរទស្សនកិច្ចរបស់លោកបៃឌិន អាម៉េរិក បានដំឡើងកម្រិតទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលនេះបានបង្ហាញពីការទូតស្មើមុខមាត់របស់អាម៉េរិកជាមួយវៀតណាម បើធៀបជាមួយនឹងចិន។ 
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមនៅក្នុងឆ្នាំ២០២២ មានចំនួន២៣៤,៩២ពាន់លានដុល្លារ ដោយកើនឡើង២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ បន្ថែមពីនេះ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគី មាន១៨៥,១ពាន់លានដុល្លារ ដោយចិនជាទីផ្សារដ៏ធំរបស់វៀតណាម ក្នុងនាំចេញបន្លែ និងផ្លែឈើ៕ 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com