អន្តរជាតិ
វៀតណាម-ចិន ចុះកិច្ចព្រមព្រៀង៣៦ រាប់ពីសន្តិសុខ នយោបាយ រហូតដល់ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
13, Dec 2023 , 11:59 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោកង្វៀន ហ្វ៊ូជុង (ស្តាំ) នៅក្នុងក្រុងហាណូយ ក្នុងថ្ងៃទី១២ ខែធ្នូ។ រូបភាព X_Hua Chunying
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោកង្វៀន ហ្វ៊ូជុង (ស្តាំ) នៅក្នុងក្រុងហាណូយ ក្នុងថ្ងៃទី១២ ខែធ្នូ។ រូបភាព X_Hua Chunying
ប្រធានាធិបតីចិន លោក ស៊ី​ ជិនភីង និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១២ ខែធ្នូ បានពិនិត្យមើលលើពិធីចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងចំនួន ៣៦ ដោយគិតចាប់តាំងពីកិច្ចការសន្តិសុខ នយោបាយ ក្រសួងការបរទេស រហូតដល់ឧក្រិដ្ឋកម្មឆ្លងព្រំដែន និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។
 
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមជាលើកដំបូង ក្នុងរយៈពេល ៦ឆ្នាំ លោកស៊ី ជិនភីង ប្រធានាធិបតីចិន ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញឈិន ចាំទទួលនៅអាកាសយានដ្ឋានដោយផ្ទាល់តែម្តង។ នេះជាកាយវិការយកចិត្តទុកដាក់ដ៏សំខាន់ និងកក់ក្តៅមួយរបស់មេដឹកនាំវៀតណាម ទៅកាន់ប្រធានាធិបតីចិន។ លោកស៊ី ធ្លាប់បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំនួន ២លើក ពោលគឺនៅក្នុងឆ្នាំ២០១៥ និង២០១៧។
 
ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ ៣៦ឯណោះ ដោយមានការចូលរួមពិនិត្យមើលដោយលោកស៊ី ជិនភីង និង លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១២ ខែធ្នូ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express កិច្ចព្រមព្រៀងទាំងនោះមានដូចជា នយោបាយ និងកិច្ចការបរទេស ការពារជាតិ និងសន្តិសុខ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងព្រំដែន  កិច្ចសហប្រតិបត្តិការលើដែនសមុទ្រ តុលាការ រួមទាំងកិច្ចសហប្រតិបត្តិការផ្សេងទៀត ពាក់ព័ន្ធជាមួយរដ្ឋាភិបាល ថ្នាក់ក្រសួង ​និងថ្នាក់តំបន់។ 
 
បន្ថែមពីនេះ ប្រទេសទាំងពីរក៏បានចុះហត្ថលេខា លើការកសាងស្ពានឆ្លងទន្លេក្រហមពីព្រំដែនវៀតណាម ទៅព្រំដែនចិន រួមទាំងឯកភាពលើការបង្កើតទំនាក់ទំនងផ្នែកព័ត៌មាន ពាក់ព័ន្ធនឹងការនេសាទនៅក្នុងដែនសមុទ្រផងដែរ។​
 
លោក ង្វៀន ហ៊ូ្វជុង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស៊ី ជិនភីង ថាបង្ហាញពីទំនាក់ទំនងមិត្តភាពបែបប្រពៃណី និងទស្សនៈល្អៗរវាងប្រទេសទាំងពីរ។ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមរូបនេះ ជឿថាដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន នឹងនាំទំនាក់ទំនងប្រទេសជិតខាងប្រទេសទាំងពីរ ឈានដល់ចំណុចថ្មីមួយ និងជាការបំពេញចិត្តចំពោះប្រយោជន៍ប្រជាជន និងជាប្រយោជន៍សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។ 
 
ជាការឆ្លើយតប ប្រធានាធិបតីចិន បានសាទរពីភាពជោគជ័យរបស់វៀតណាម ក្រោយការអនុវត្តគោលនយោបាយសេដ្ឋកិច្ច Doi Moi ដែលផ្តើមនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម នឹងសម្រេចបានគោលដៅ និងបេសកកម្មរបស់ខ្លួន។ 
 
ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅវៀតណាមលើកនេះ ត្រូវបានអ្នកជំនាញភូមិសាស្រ្តនយោបាយមើលឃើញថា ជាការទាញវៀតណាម កុំឱ្យទៅរកប្រទេសលោកខាងលិច ជាពិសេសអាម៉េរិកខ្លាំងពេក ក្រោយមួយរយៈចុងក្រោយនេះ មហាអំណាចអាម៉េរិក បានពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងហាណូយយ៉ាងខ្លាំង។ 
 
បន្ថែមពីនេះ​ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃឌិន ក្នុងខែកញ្ញា អាម៉េរិក បានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយថែមទៀត។ កម្រិតទំនាក់ទំនងបែបនេះ គឺវាខ្ពស់បំផុត និងស្មើជាមួយចិន ដែលមានជាមួយវៀតណាមដែរ។​
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាមនៅក្នុងឆ្នាំ២០២២ មានចំនួន ២៣៤,៩២ ពាន់លានដុល្លារ ដោយកើនឡើង ២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ វៀតណាម ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់ចិន ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាគច្រើនវៀតណាម នាំចូលពីចិននូវគ្រឿងបង្គុំ ដើម្បីធ្វើជាផលិតផលសម្រេច និងនាំទៅលក់នៅបណ្តាប្រទេសផ្សេងទៀត ដូចជាអឺរ៉ុប និងអាម៉េរិកជាដើម។ ចំណែកចិនវិញ ជាទីផ្សារដ៏ធំរបស់វៀតណាម ក្នុងការលក់ផ្លែឈើ និងបន្លែ៕

Tag:
 វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com