ដោយ៖ ឈាង បុប្ផា/ RFI
ប្រធានាធិបតីចិន លោកស៊ីជីនពីងផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម ជាលើកទី១ គិតចាប់តាំងពីឆ្នាំ ២០១៧។ បន្ទាប់ធ្វើដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃអង្គារទី ១២ធ្នូ ប្រមុខរដ្ឋចិន ត្រូវបានកាសែតក្នុងស្រុកចិន ដកស្រង់សំដីថា លោកនឹងពិភាក្សាជាមួយមេដឹកនាំវៀតណាម លើបញ្ហាយុទ្ធសាស្រ្ត ទំនាក់ទំនងជាទូទៅ និងទិសដៅរួមរបស់បងប្អូនកុម្មុយនិស្តវៀតណាម ចិន។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន នៅប្រទេសវៀតណាម ធ្វើឡើងនៅតែ ៣ខែក្រោយពី ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅវៀតណាម។
លោក ស៊ី ជីនពីងទៅវៀតណាមដើម្បីទប់ស្កាត់ឥទ្ធិពលរបស់អាមេរិក នៅវៀតណាម?
ទៅដល់ទីក្រុងហាណូយ នៅថ្ងៃអង្គារនេះ ប្រមុខរដ្ឋចិនត្រូវមេដឹកនាំជាន់ខ្ពស់វៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត លោកង្វៀន ភូចុងទទួលយ៉ាងរាក់ទាក់ នៅវិមានប្រធានាធិបតី វៀតណាម។ ក្រៅពីប្រធានបក្សកុម្មុនិស្តវៀតណាម លោកប្រធានាធិបតីស៊ី ជីនពីងគ្រោងជួបលោកនាយករដ្ឋមន្រ្តី ផាម មិញជិញ (Pham Minh Chinh) និងលោក វ៉ វ៉ាន់ធៀង ប្រធានាធិបតីថ្មីរបស់វៀតណាម នៅថ្ងៃពុធ ដើម្បីនិយាយពីទំនាក់ទំនងទ្វេភាគីជាយុទ្ធសាស្រ្ត វៀតណាម-ចិន ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខ ព្រមទាំងសំណុំរឿងអន្តរជាតិ និងក្នុងតំបន់។ ប្រធានាធិបតីចិន លោកស៊ី ជីនពីងធ្វើទស្សនកិច្ចនៅវៀតណាម នៅក្នុងគោលដៅ ធ្វើឲ្យទំនាក់ទំនង វៀតណាម និងចិនកាន់តែល្អប្រសើរ ឡើងមួយកម្រិតថ្មីទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន។
វៀតណាម និងចិនភ្ជាប់ចំណងជាដៃគូយោគយល់យុទ្ធសាស្រ្តនឹងគ្នា១៥ឆ្នាំមកហើយ។ ចិនធ្លាប់បានទទួលឋានៈខ្ពស់ជាងគេ នៅក្នុងនយោបាយការទូត និងសេដ្ឋកិច្ចរបស់វៀតណាម។ ប៉ុន្តែ នៅខែកញ្ញាកន្លងទៅ នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន នៅវៀតណាម ប្រទេសជិតខាងរបស់ចិន មួយនេះ បានដំឡើងឋានៈអាមេរិក ឲ្យក្លាយជាដៃគូយុទ្ធសាស្រ្តសំខាន់មួយដែររបស់វៀតណាម ឲ្យស្មើចិន ហើយនិងរុស្ស៊ី។
ការណ៍នេះប្រាកដណាស់បានធ្វើឲ្យចិន នៅមិនស្រណុកទាល់តែសោះ។ មិនស្រណុកដែលឃើញ អាមេរិកដៅពង្រឹងយុទ្ធសាស្រ្តយោធារបស់ខ្លួន នៅក្នុងតំបន់ តាមរយៈការចាប់ដៃគូជាមួយវៀតណាម។ នៅមុនផ្តើមទស្សនកិច្ចនៅវៀតណាម ប្រមុខរដ្ឋចិន លោកស៊ី ជីនពីងបានបញ្ចេញយោបល់នៅក្នុងអត្ថបទកាសែតវៀតណាម ចុះផ្សាយនៅថ្ងៃអង្គារនេះ អនាគតរបស់អាស៊ីមិនស្ថិតក្នុងដៃរបស់អ្នកណាផ្សេងក្រៅពីជនជាតិអាស៊ីនោះទេ។ នៅវៀតណាម លោកប្រធានាធិបតីស៊ី ជីនពីងអាចដាក់សម្ពាធឲ្យវៀតណាមចូលរួមនៅក្នុងសហគមន៍ជោគវាសនារួម ដែលមានអត្ថន័យ ពង្រឹងសហប្រតិបត្តិការទៅថ្ងៃអនាគតក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងនយោបាយ។
វៀតណាមជាគោលដៅទាក់ទាញរបស់ប្រធានាធិបតីចិន និងប្រធានាធិបតីអាមេរិក?
មានប្រជាជនជាង ៩៧លាននាក់ និងមានសេដ្ឋកិច្ចចាប់រីកលូតលាស់ខ្លាំង វៀតណាមចាប់ដើរតួនាទីកាន់តែសំខាន់ នៅក្នុងយុទ្ធសាស្រ្តសន្តិសុខនិងសេដ្ឋកិច្ច នៅតំបន់អាស៊ីអាគ្នេយ៍។ ដោយសារតែតួនាទីសំខាន់ នៅក្នុងតំបន់ វៀតណាមបានក្លាយជាចំណុចអារម្មណ៍ ពីមហាអំណាច អាមេរិក និងចិន។
ស្ថិតនៅសមុទ្រចិនខាងត្បូង វៀតណាម មានទីតាំងយុទ្ធសាស្រ្ត ដែលទាំងអាមេរិក ហើយនិងចិន ប្រាថ្នាចង់ទាញមកធ្វើជាដៃគូរៀងៗខ្លួន។
លើសពីនោះ រ៉ែកម្រ ដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសមានរ៉ែកម្រធំទី២បន្ទាប់ពីចិន នៅអាស៊ី និងសំខាន់សម្រាប់វិស័យបច្ចេកវិទ្យា ដូចជាការផលិតទូរស័ព្ទ កុំព្យូទ័រ អាគុយឡានអគ្គិសនី ក៏ជាអ្វីដែលចិន និងអាមេរិក សំឡឹងចង់បានដូចគ្នា។
នៅក្នុងទស្សនកិច្ចរបស់លោកចូ បៃដិននៅវៀតណាម កាលពីខែកញ្ញាកន្លងទៅ អាមេរិក ហើយនិងវៀតណាមបានយល់ព្រមព្រៀងសហការគ្នាដើម្បីជំរុញវៀតណាមក្នុងការធ្វើអាជីវកម្មរ៉ែកម្ររបស់វៀតណាម។ ដូច្នេះដូចជាលោកចូ បៃដិន នៅក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមលើកនេះ ប្រធានាធិបតីស៊ី ជីនពីងនឹងស្វែងរកការសហការជាមួយវៀតណាមនៅលើការធ្វើអាជីវកម្មរ៉ែកម្ររបស់វៀតណាមដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យអាមេរិកអាចដោះដៃ លែងពឹងអាស្រ័យលើរ៉ែកម្រចិន បន្ទាប់ពីអាចចូលទៅប្រើរ៉ែកម្រវៀតណាម។
ជាប្រទេសដៃគូសេដ្ឋកិច្ចធំជាងគេរបស់វៀតណាម ចិនចង់ប្រើផលប្រយោជន៍សេដ្ឋកិច្ចជានុយទាក់ទាញវៀតណាម។ ជាក់ស្តែង នៅក្នុងទស្សនកិច្ចរបស់លោកស៊ី ជីនពីងលើកនេះ គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាច្រើនគម្រោងនឹងត្រូវចុះហត្ថលេខា នៅទីក្រុងហាណូយ ដែលនៅក្នុងនោះមានផងដែរ ខ្សែរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីខេត្តភាគខាងត្បូងចិន ទៅក្នុងប្រទេសវៀតណាម ដែលមានគោលដៅចំបង ជំរុញសង្វាក់ផលិតកម្មរបស់រោងចក្រដំឡើងរថយន្តចិន នៅក្នុងទឹកដីវៀតណាម។
រវាងអាមេរិក និងចិន តើវៀតណាមជ្រើសរើសយកមួយណា?
បើនិយាយពីមនោគមវិជ្ជា វៀតណាមជិតស្និទ្ធិខ្លាំងនឹងចិន ព្រោះប្រទេសទាំងពីរដឹកនាំដោយបក្សកុម្មុយនិស្តដូចគ្នា។ នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច ចិនគឺជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេបង្អស់របស់វៀតណាម។ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតម្លៃប្រមាណ ២០០ពាន់លានដុល្លារ នៅឆ្នាំ ២០២២។
ចិនគឺជាទីផ្សារធំជាងគេរបស់ទំនិញវៀតណាម ហើយចិននេះក៏ជាប្រទេសដែលវិនិយោគច្រើនជាងគេដែរ នៅវៀតណាម។ ការវិនិយោគរបស់ចិន និងហុងកុងនៅវៀតណាមបានកើនឡើង៣ដងដល់ ជាង ៨ពាន់លានដុល្លារ។ ការវិនិយោគរបស់ចិន នៅវៀតណាមកើនឡើងមួយចំណែកដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិក នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយចិន បានធ្វើឲ្យក្រុមហ៊ុនចិនកាន់តែច្រើនរើផ្លាស់ទីទៅវិនិយោគ បោះទីតាំងរោងចក្រនៅវៀតណាមដើម្បីគេចពីទណ្ឌកម្មរបស់អាមេរិក។
ងាកមកនិយាយពីទំនាក់ទំនងអាមេរិកនិងវៀតណាមវិញ។ ទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃដិន នៅវៀតណាម មិនបានជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យហក់កើនឡើងខ្ពស់ ដូចការចង់បានរបស់អាមេរិកនោះទេ។ ផ្ទុយពីចិន ការវិនិយោគរបស់អាមេរិក នៅវៀតណាម មានធ្លាក់ចុះ មិនដល់ ១ពាន់លានដុល្លារផង នោះដោយសារតែ បញ្ហាសេដ្ឋកិច្ចផ្ទៃក្នុងអាមេរិក និងដោយសារការមិនសូវជឿទុកចិត្តលើប្រទេសកុម្មុយនិស្ត។
ទោះអាមេរិកមិនមែនដៃគូសេដ្ឋកិច្ចសំខាន់ បើប្រៀបធៀបនឹងមហាអំណាចចិន។ ប៉ុន្តែ វៀតណាមមិនធ្វេសប្រហែស បោះបង់ចោលអាមេរិក ទៅចាប់ចិនតែមួយ។ និយាយផ្ទុយមកវិញ វៀតណាមក៏មិនបែរខ្នងដាក់ចិន ហើយងាកទៅចូលដៃជាមួយអាមេរិកដើម្បីដាក់សម្ពាធចិនដែរ។
ដោយសំងំសុខ មិនចេញមុខគាំទ្រតែភាគីម្ខាងៗ អាមេរិក ឬចិនឡើយ ដោយគិតតែចាំទាញយកប្រយោជន៍ ពីជម្លោះចិន អាមេរិក និងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន អគ្គលេខាធិការក្សកុម្មុយនិស្តលោកង្វៀន ភូចុងធ្លាប់លើកឡើងពីនយោបាយការទូតដើមឬស្ស៊ី ដែលភ្ជាប់ជាមួយពាក្យថា ទេ ចំនួន៤។ ទី១គឺទេ មិនបង្កើតសម្ព័ន្ធយោធាជាមួយប្រទេសណា។ ទី២ ទេ មិនចូលដៃជាមួយប្រទេសមួយដើម្បីទៅវាយប្រទេសមួយទៀត។ ទេ ទី៣ គឺ មិនអនុញ្ញាតឲ្យបរទេសចូលមកតាំងមូលដ្ឋានយោធានៅទឹកដីវៀតណាម។ និងទេ ទី៤ គឺហាមផ្តាច់មិនប្រើកម្លាំងយោធានៅក្នុងទំនាក់ទំនងអន្តរជាតិ។ គំនិតរបស់វៀតណាម គឺ បង្កើតមិត្ត និងមិនតាំងខ្លួនជាសត្រូវរបស់អ្នកណាម្នាក់។
តើជម្លោះនៅសមុទ្រចិនខាងត្បូង ទុកនៅកន្លែងណា?
នៅក្នុងទស្សនកិច្ចទៅវៀតណាមលើកនេះ មេដឹកនាំចិនចង់ជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសកុម្មុយនិស្តទាំងពីរឲ្យដល់កម្រិតមួយខ្ពស់ជាងមុន មិនថា ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងការដឹកនាំនយោបាយ។ ក្នុងនាមជាប្រទេសអាស៊ី កុម្មុយនិស្តដូចគ្នា មេដឹកនាំចិនចង់ទាក់ទាញវៀតណាមឲ្យចូលក្នុងសហគមន៍ដែលមានជោគវាសនារួមគ្នា ប៉ុន្តែសម្រាប់អ្នកជំនាញយុទ្ធសាស្រ្តវៀតណាម ប្រចាំវិទ្យាស្ថានមួយនៅសិង្ហបុរី ការជំរុញ ទំនាក់ទំនងចិន វៀតណាម ឲ្យខ្ពស់ជាងកម្រិតសព្វថ្ងៃ គ្រាន់តែ ជានិមិត្តរូបតែប៉ុណ្ណោះ ព្រោះថា នៅក្នុងជម្រៅចិត្តប្រជាជនវៀតណាម ពួកគេនៅតែមិនទុកចិត្តចិន ព្រោះថា ចិនធ្លាប់ជាម្ចាស់អាណានិគម១ពាន់ឆ្នាំនៅវៀតណាមភាគខាងជើង។ ប្រជាជនវៀតណាមនៅចាំមិនភ្លេចពីសង្រ្គាមនៅព្រំដែន វៀតណាម ចិន នៅឆ្នាំ ១៩៧៩ដែលបានសម្លាប់ទាហានទាំងសងខាងរាប់ពាន់នាក់។ ចុងក្រោយ គឺ បញ្ហាដីកោះរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង។ វៀតណាមជាភាគីជម្លោះមួយរបស់ចិន នៅសមុទ្រចិន ខាងត្បូង នៅពេលចិនប្រកាសធ្វើជាម្ចាស់ផ្តាច់មុខ លើប្រជុំកោះប៉ារ៉ាសែលដែលវៀតណាមអះអាងជាម្ចាស់កម្មសិទ្ធិ។
ដោយសារជម្លោះនៅសមុទ្រចិនខាងត្បូង ប្រជាជនវៀតណាមមិនបានមើលឃើញចិនក្នុងក្រសែភ្នែកល្អ។ នៅឆ្នាំ ២០១៤ គ្រាន់តែ កប៉ាល់ប្រេងរបស់ចិនទៅចតនៅក្នុងដែនទឹកជម្លោះជាមួយវៀតណាម បានបណ្តាលឲ្យប្រជាជនវៀតណាមផ្ទុះកំហឹង សម្លាប់ជនជាតិចិន និងដុតបំផ្លាញរោងចក្របរទេសជាច្រើនកន្លែងនៅវៀតណាម។ ទោះបីមេដឹកនាំចិន និងវៀតណាមជៀសវាងមិនឲ្យមានផ្ទុះកំហឹងរបស់អ្នកជាតិនិយមវៀតណាម ប៉ុន្តែ ការបង្ហាញផែនទីសមុទ្រចិនខាងត្បូង កាលពីខែ កញ្ញាមិនបានធ្វើឲ្យប្រជាជនវៀតណាមបន្ថយកំហឹងគុំគួនចិននោះទេ។ នៅក្នុងផែនទីសមុទ្រចិនខាងត្បូង កាលពីខែកញ្ញា ចិនបានបង្ហាញសាជាថ្មី សញ្ញាត្រេ ៩ សំគាល់ដែនទឹករបស់ចិន ពេញសមុទ្រចិនខាងត្បូង ពោល គឺក្រសោបយកអស់គ្មានសល់ ដីកោះ ដែនសមុទ្ររបស់វៀតណាម ហ្វីលីពីន និងប្រទេសសមាជិកអាស៊ានដទៃទៀត នៅសមុទ្រចិនខាងត្បូង៕