អន្តរជាតិ
ហេតុអ្វីប្រធានាធិបតីចិនធ្វើទស្សនកិច្ចនៅវៀតណាម ក្រោយលោកបៃឌិន?
14, Dec 2023 , 9:09 am        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅក្រុងហាណូយ។ រូបភាពX_Hua Chunying
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មិញឈិញ នៅក្រុងហាណូយ។ រូបភាពX_Hua Chunying
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅក្រុងហាណូយ ក្នុងខែកញ្ញា កន្លងទៅ វាដល់វេនលោកស៊ី ជិនភីង ប្រធានាធិបតីចិនម្តង ដែលបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាងខ្លួន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។ ដំណើរទស្សកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការបក្សកុម្មុយនីស្ត និងប្រធានាធិបតីវៀតណាម។ កន្លងមក លោកស៊ី បានបំពេញទស្សនកិច្ចចំនួន ២លើករួចមកហើយនៅវៀតណាម កាលពីឆ្នាំ២០១៥ និង ២០១៧។
 
ហេតុអ្វីលោកស៊ី ជិនភីង ប្រធានាធិបតិចិន សម្រេចបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលនេះ? 
 
ជាការពិត ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនភីង នៅក្រុងហាណូយ ចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ នេះធ្វើឡើងស្របពេលប្រទេសជិតខាងទាំងពីរ បានអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រុងជ្រោយរយៈពេល ១៥ឆ្នាំ។ ទំនាក់ទំនងបែបនេះ ក៏ទើបតែត្រូវរដ្ឋាភិបាលក្រុងហាណូយ ដំឡើងជាមួយក្រុងវ៉ាស៊ីនតោនផង កាលពីខែកញ្ញាកន្លងទៅ។ ដៃគូយុទ្ធសាស្រ្តគ្រប់គ្រងជ្រុងជ្រោយ​ ជាកម្រិតទំនាក់ទំនងដ៏ខ្ពស់បំផុត។ 
 
បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន ធ្វើឡើងក្រោយពេលដំណើរទស្សនកិច្ចរបស់លោកបៃឌិននៅវៀតណាមផងដែរ ដែលនេះបានបង្ហាញថា ចិន មិនចង់បាត់បង់វៀតណាម ទៅដៃគូប្រជែងរបស់ខ្លួនឡើយ។ បានសេចក្តីថា ចិន ត្រូវតែយកចិត្តទុកដាក់ចំពោះវៀតណាម ដូចរដ្ឋបាលអាម៉េរិក។ កន្លងមក មន្រ្តីអាម៉េរិកគ្រាក់ៗ រួមទាំងលោកប្រធានាធិបតី ចូ បៃឌិនផង បានបំពេញទស្សកិច្ចនៅវៀតណាម ដែលកំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូងស្រាប់។ 
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ឆ្វេង) ជាមួយលោក លោក ង្វៀន ហ៊ូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្រុងហាណូយ ក្នុងថ្ងៃទី១២ ខែធ្នូ។ រូបភាព X_Hua Chunying

ម្យ៉ាងវិញទៀត ចិន ត្រូវតែយកចិត្តវៀតណាម ដើម្បីបង្ការកុំឱ្យចងសម្ព័ន្ធមិត្តជាមួយប្រទេសលោកខាងលិច ជាពិសេសអាម៉េរិក ដើម្បីប្រឆាំងនឹងខ្លួន។
 
ដូចយើងបានដឹងសម្រាប់ហើយ កន្លងមកអាម៉េរិក បានលើកឡើងថា ខ្លួនមិនចង់ប្រឈមមុខជាមួយចិនទេ ប៉ុន្តែ អាម៉េរិកបានបពង្រឹងសម្ព័ន្ធភាពជាមួយបណ្តាប្រទេសនៅជុំវិញចិន និងបង្កើតភាពជាដៃគូជាច្រើនថែមទៀត។ ជាឧទាហរណ៍ អាម៉េរិក បានបង្កើតភាពជាដៃគូចតុភាគី Quad ជាមួយជប៉ុន ឥណ្ឌា និងអូស្រ្តាលី, ហើយបន្តពង្រឹងទំនាក់ទំនងជាមួយជប៉ុន កូរ៉េខាងត្បូង និងវៀតណាម រួមទាំងបានបង្កើតសម្ព័ន្ធ AUKUS ជាមួយអូស្រ្តាលី និងអង់គ្លេសថែមទៀត។ 
 
ដូចនេះ ចង់មិនចង់ ចិន ត្រូវតែយកចិត្តទុកដាក់ចំពោះវៀតណាម ដែលជាប្រទេសជិតខាងខ្លួន បើទោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ 
 
តើទំនាក់ទំនងចិន និងវៀតណាមមានលក្ខណៈបែបណា?
 
ជាការពិតណាស់ បើយើងពិនិត្យមើលក្នុងបរិបទសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរ គឺមិនត្រូវគ្នាឡើយ ប៉ុន្តែភាគីទាំងពីរ មិនបានជ្រើសយកមធ្យោបាយកម្លាំងបាយនោះទេ ដោយភាគីទាំងពីរតែងអំពាវនាវ ឬចង់បានការជជែកគ្នា។ 
 
ប៉ុន្តែនៅក្នុងទំនាក់ទំនងទ្វេភាគីវិញ ប្រទេសទាំងពីរ គឺល្អខ្លាំង។ ការអះអាងបែបនេះ គឺដោយសារចិន និងវៀតណាម មានទំនាក់ទំនងនៅក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតដ៏ខ្ពស់បំផុត តាំងពី១៥ឆ្នាំមុនម្លេះ។ បើយើងមើល ទៅលើបក្សនយោបាយវិញ ប្រទេសទាំងពីរ ក៏កាន់តែជិតសិ្នទ្ធគ្នាដែរ ព្រោះប្រកាន់យកកុម្មុយនីស្ត។ ប៉ុន្តែមួយរយៈចុងក្រោយ វៀតណាម ហាក់បង្ហាញកាយវិការទន់ទោរទៅរកប្រទេសលោកខាងលិចច្រើន។ 
 
ដោយឡែកវិស័យពាណិជ្ជកម្ម វៀតណាមជាដៃគូដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៧៥,៦ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ប៉ុន្តែជញ្ជីងពាណិជ្ជកម្មរបស់វៀតណាមលំអៀងទៅកាន់ចិនខ្លាំង ដោយវៀតណាមនាំទៅចិន មានតែ៥៧,៧ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនាំពីចិនវិញមានទំហំ ១១៧,៨៧ ពាន់លានដុល្លារ។ វៀតណាមនាំទំនិញភាគច្រើនជាគ្រឿងបង្គុំពីចិន ដើម្បីធ្វើជាផលិតផលសម្រេចនាំទៅប្រទេសលោកខាងលិចបន្ត ហើយចិនជាទីផ្សារបន្លែ និងផ្លែឈើរបស់វៀតណាមផងដែរ។ 
 
រីឯការវិនិយោគវិញ ចិនឈរនៅលំដាប់ទី៦ ដែលមានទំហំវិនិយោគដ៏ធំ ដោយមានចំនួន២៦,៥ ពាន់លានដុល្លារ ហើយគម្រោងកំពុងតែដំណើរការមានចំនួនជាង ៤ពាន់ឯណោះ។ 
 
មែនទែនទៅ មិនត្រឹមតែផ្នែកនយោបាយទេ ប៉ុន្តែវិស័យសេដ្ឋកិច្ច ក៏អាចជាផ្នែកមួយ ធ្វើឱ្យលោកស៊ី ជិនភីង ត្រូវបំពេញទស្សនកិច្ចនៅវៀតណាមដែរ។ បន្ថែមពីនេះ វៀតណាមជាទីផ្សារធំសម្រាប់ចិន ហើយវៀតណាម ក៏ត្រូវការទំនិញចិន ដើម្បីរៀបចំជាផលិតផលសម្រេចលក់អោយប្រទេសលោកខាងលិច និងអាម៉េរិក និងបណ្តាប្រទេសផ្សេងផងដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចនេះ ឃើញថា លោកនាយករដ្ឋមន្រ្តីវៀតណាម បានទៅទទួលលោកស៊ីដោយផ្ទាល់នៅអាកាសយានដ្ឋាន នៅក្រៅក្រុងហាណូយដោយផ្ទាល់។ តើមូលហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តី ផាម មិញចិញ ទៅទទួលដោយផ្ទាល់បែបនេះ? 
 
ជាការពិត វត្តមានរបស់លោកនាយករដ្ឋមន្រ្តី ផាម មិញចិន ក្នុងការទទួលលោកស៊ី ជិនភីង នៅអាកាសយាន្តដ្ឋាន គឺបង្ហាញពីចំណងទំនាក់ទំនងដ៏រឹងមាំ ជិតសិទ្ធិ និងជាការយកចិត្តទុកដាក់របស់វៀតណាមចំពោះមេដឹកនាំចិន យ៉ាងកក់ក្តៅ។ កាយវិការបែបនេះ អាចនិយាយបានថា វៀតណាម នៅតែត្រូវការចិន បើទោះប្រទេសទាំងពីរ មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។ 
 
វៀតណាម-ចិន មានទំនាក់ទំនងយ៉ាងជិតសិទ្ធិទាំងលើវិស័យនយោបាយ ពាណិជ្ជកម្ម និងបក្សកុម្មុយនីស្ត។ ជាក់ស្តែងវៀតណាម និងចិន បានដំឡើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពី ១៥ឆ្នាំមុនមកម្លេះ ដែលនេះជាកម្រិតដ៏ខ្ពស់បំផុត ខណៈអាម៉េរិកទើបតែចុះកាលពីខែកញ្ញានេះទេ។ 
 
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកបៃឌិននៅវៀតណាម កន្លងមក លោកនាយករដ្ឋមន្រ្តីវៀតណាម មិនបានទៅទទួលលោកបៃឌិនឡើយ ហើយមានតែមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមមួយចំនួន បានទៅទទួល។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស៊ីនៅវៀតណាមនេះ តើសម្រេចបានអ្វីខ្លះ? 
 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស៊ី វៀតណាម និងចិន បានចុះកិច្ចព្រមព្រៀងរហូតដល់ ៣៦ឯណោះ ដោយកិច្ចព្រមព្រៀងទាំងនោះ បានគ្រប់ដណ្តប់លើវិស័យសន្តិសុខ ការពារជាតិ ការបរទេស ឧក្រិដ្ឋកម្មឆ្លងព្រំដែន រហូតដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់តំបន់។ 
 
ទន្ទឹមនេះ មេដឹកនាំចិន និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊ូជុង បានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងព័ត៌មានរវាងចិន និងវៀតណាម ទាក់ទិននឹងការនេសាទលើដែនសមុទ្រផងដែរ។​ 
 
លោក ង្វៀន ហ៊ូជុង បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស៊ី បានបង្ហាញពីទំនាក់ទំនងមិត្តភាពបែបប្រពៃណី និងទស្សនៈល្អៗរវាងប្រទេសទាំងពីរ។ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមរូបនេះ ជឿថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន នឹងនាំទំនាក់ទំនងប្រទេសជិតខាងប្រទេសទាំងពីរ ឈានដល់ចំណុចថ្មីមួយ និងជាការបំពេញចិត្តចំពោះប្រយោជន៍ប្រជាជន និងជាប្រយោជន៍សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក៕

Tag:
 ចិន
  អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com