អន្តរជាតិ
ឡាវបើកសារមន្ទីរប្រវត្តិសាស្រ្តយោធា ដែលវៀតណាមជួយលុយ៤,៦លានដុល្លារដើម្បីជួសជុល
14, Dec 2023 , 8:19 pm        
រូបភាព
សារមន្ទីរយោធាឡាវ។ រូបភាព Laotian Times
សារមន្ទីរយោធាឡាវ។ រូបភាព Laotian Times
ឡាវ នៅថ្ងៃទី១៣ ខែធ្នូ បានសម្ពោធសារមន្ទីរប្រវត្តិសាស្រ្តយោធាដែលត្រូវបានក្រសួងការពារជាតិវៀតណាម ជួយអភិវឌ្ឍ និងជួសជុលឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ៤,៦លានដុល្លារ។ សារមន្ទីរនេះ នឹងបង្ហាញពីស្នាដៃ រួមទាំងជ័យជម្នះជាច្រើនរបស់យោធាឡាវ នៅពេលកន្លងមក។
 
ពីពិធីសម្ពោធសារមន្ទីរប្រវត្តិសាស្រ្តយោធា​ លោកឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការពារជាតិឡាវ លោក Chansamone Chanyalath បានលើកឡើងថា ការរៀបចំឡើងវិញនៃសារមន្ទីរ ធ្វើឡើងដើម្បីទុកជាមជ្ឈមណ្ឌលរក្សាទុកឯកសារ, សម្ភារប្រវត្តិសាស្រ្ត និងបង្ហាញពីព្រឹត្តិការណ៍ជ័យជម្នះរបស់យោធាឡាវ ក្រោមការដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ។ 
 
សារមន្ទីរ ដែលមានទំហំ១៧០០០ម៉ែត្រការ៉េនេះ មានវត្តមាននៅក្នុងរដ្ឋធានីវៀងចន្ទន៍ និងត្រូវបានក្រសួងការពារជាតិវៀតណាមផ្តល់ទឹកប្រាក់ប្រមាណ ៤,៦លានដុល្លារ ដើម្បីរៀបចំជួសជុល និងអភិវឌ្ឍឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។ 
 
ទន្ទឹមនេះ ប្រមុខការពារជាតិ បានបញ្ជាក់ផងដែរថា​ សារមន្ទីរប្រវត្តិសាស្រ្តយោធា នឹងក្លាយជាទិសដៅទេសចរណ៍មួយទៀតរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងបរទេស ដែលចង់ស្វែងយល់ពីប្រវត្តិសាស្រ្តឡាវ។ 
 
សូមបញ្ជាក់ថា សារមន្ទីរខាងលើ ត្រូវបានបើកចាប់តាំងពីឆ្នាំ ១៩៧៦មក ហើយត្រូវបានជួសជុល និងរៀបចំជាច្រើនលើក៕
 

Tag:
 ឡាវ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com