អន្តរជាតិ
ប្រឈមគ្រោះរាំងស្ងួត ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាទាហានឱ្យជួយដាំស្រូវកសិករដែលយឺតយ៉ាវ
14, Dec 2023 , 5:59 pm        
រូបភាព
លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហាញវត្តមាននៅវាលស្រែ នៅកោះជ្វាភាគកណ្តាល ក្នុងថ្ងៃទី១៣ ខែធ្នូ។ រូបភាព Reuters
លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហាញវត្តមាននៅវាលស្រែ នៅកោះជ្វាភាគកណ្តាល ក្នុងថ្ងៃទី១៣ ខែធ្នូ។ រូបភាព Reuters
ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នៅថ្ងៃទី១៣ ខែធ្នូ បានបញ្ជាយោធាថ្នាក់តំបន់ឱ្យជួយដាំស្រូវកសិករ បន្ទាប់ពីបាតុភូតធម្មជាតិ El Nino បានធ្វើឱ្យកង្វះទឹក និងដីមានភាពស្ងួតហែង។ ទាក់ទិននឹងបញ្ហានេះ លោកប្រធានាធិបតី បានជំរុញទាញឱ្យប្រយោជន៍ពីទឹកភ្លៀង ដែលទើបមាននៅពេលថ្មីៗនេះ។
 
ខណៈតម្លៃអង្ករលើទីផ្សារអន្តរជាតិ ហក់ឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារបាតុភូតធម្មជាតិ El Nino បានធ្វើឱ្យគ្រាប់ធញ្ញជាតិ និងដំណាំស្រូវ កាន់តែរងផលប៉ះពាល់ ដោយសារបញ្ហាខ្វះទឹក និងមិនសូវមានភ្លៀវធ្លាក់។ បន្ថែមពីនេះ បាតុភូតធម្មជាតិ បានធ្វើឱ្យកសិករឥណ្ឌូណេស៊ី មិនអាចដាំដុះក្នុងពេលវេលា តាមការកំណត់បាន។  
 
ពីកណ្តាលវាលស្រែ នៅថ្ងៃទី១៣ ខែធ្នូ លោកប្រធានាធិបតី ចូកូ វីដូដូ បានបញ្ជាទាហាននៅថ្នាក់តំបន់ ជួយដាំស្រូវកសិករដែលយឺតយ៉ាវ ក្នុងការធ្វើកសិកម្មលើដំណាំស្រូវ។ 
 
«ចាប់តាំងពីមានភ្លៀងធ្លាក់នៅក្នុងខេត្តមួយចំនួន យើងលើកទឹកចិត្តកសិករចាប់ផ្តើមដាំស្រូវ»។ ប្រធានាធិបតីបានលើកឡើងបែបនេះ នៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម Youtube ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅតំបន់ Pekalongan នៅលើកោះជ្វាភាគកណ្តាល។ 
 
បើតាមលោកវីដូដូ ការដាំដុះត្រូវបានពន្យារ ដោយបាតុភូត El Nino ហើយនៅពេលនេះ ឥណ្ឌូណេស៊ី ចង់ឱ្យមានការដាំដុះភ្លាមៗ។ នៅក្នុងការប្រមូលផលក្នុងឆ្នាំ២០២៣ ឥណ្ឌូណេស៊ីប្រមូលផលស្រូវបានចំនួន ៣០,៩ លានមេទ្រីកតោន ខណៈនៅឆ្នាំ២០២២ មានទំហំ ៣១,៥៣ លានមេទ្រីកតោនឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ដោយសារមានការរឹតត្បិតការនាំចេញអង្ករពីប្រទេសខ្លះ បាតុភូត El Nino និងសង្រ្គាមនៅតំបន់មួយចំនួន វាបានធ្វើតម្លៃអង្ករកើនឡើងយ៉ាងគំហុក។ តម្លៃអង្ករនៅតំបន់អាស៊ីអាគ្នេយ៍បានកើនដល់ ៤៥ភាគរយ ដែលជាតម្លៃខ្ពស់បំផុត ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ។ 
 
នៅថ្ងៃទី៤ ខែធ្នូ តម្លៃអង្ករនាំចេញរបស់វៀតណាម បានហក់ឡើងដល់ ៦៦៣ដុល្លារ ក្នុងមួយតោន ខណៈថៃ ដែលជាប្រទេសប្រកួតប្រជែងមួយនៅក្នុងតំបន់ លក់បានតម្លៃ ៦២៥ដុល្លារ៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com