កីឡាអន្តរជាតិ
អន្តរជាតិ
ពិធីការិនីការប្រកួត M5 កញ្ញា Mara Aquino ថា «នឹកកម្ពុជាខ្លាំងណាស់»
15, Dec 2023 , 9:46 am        
រូបភាព
កញ្ញា Mara Aquino ពិធីការិនីដ៏ល្បីប្រចាំការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship បានផ្ដល់កិច្ចសម្ភាសដល់លោក ជា យូគៀង អ្នកសាព័ត៌មានថ្មីៗ នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ធ្នូ ២០២៣។
កញ្ញា Mara Aquino ពិធីការិនីដ៏ល្បីប្រចាំការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship បានផ្ដល់កិច្ចសម្ភាសដល់លោក ជា យូគៀង អ្នកសាព័ត៌មានថ្មីៗ នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៤ ធ្នូ ២០២៣។
កញ្ញា Mara Aquino ពិធីការិនីដ៏ល្បីប្រចាំការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship និយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា កញ្ញាមានការនឹករលឹកដល់ប្រទេសកម្ពុជា បន្ទាប់ពីធ្លាប់បានបង្ហាញវត្តមាននៅការប្រកួតពានរង្វាន់កម្រិតអាស៊ីអាគ្នេយ៍ MSC 2023 ដែលធ្វើឡើងនៅកម្ពុជា កាលពីខែមិថុនា កន្លងទៅ។



កញ្ញា Mara ជាពិធីការិនីដ៏ល្បីល្បាញមួយរូប នៅក្នុងវិស័យកីឡាអេឡិចត្រូនិក Mobile Legends នាពេលបច្ចុប្បន្ន ។ ជាពិសេសនៅក្នុងការប្រកួតពានរង្វាន់លីគប្រចាំប្រទេសហ្វីលីពីន MPL Philippine ជាច្រើនរដូវកាល ព្រមទាំងការប្រកួតពានរង្វាន់អន្តរជាតិនានា របស់វិញ្ញាសា Mobile Legends។ អំឡុងខែមិថុនា ឆ្នាំ ២០២៣ ពិធីការិនីសញ្ជាតិហ្វីលីពីន ក៏បានបង្ហាញវត្តមាននៅការប្រកួត MSC 2023 នៅក្នុងប្រទេសកម្ពុជា ហើយបានអង្រួនដួងចិត្តអ្នកគាំទ្រកម្ពុជាជាច្រើន ក្នុងការប្រកួតនោះ។ 
 
«កម្ពុជាហ៊ោមួយមក» ជាពាក្យដែលកញ្ញា Mara បាននិយាយពេលបង្ហាញខ្លួនលើកដំបូងនៅក្នុងទឹកដីកម្ពុជា អមជាមួយការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកម្ពុជា នាគ្រានោះ។
 
ស្ថិតក្នុងកម្មវិធី M-Summit របស់ពានរង្វាន់ M5 World Championship នាថ្ងៃទី១៤ ខែធ្នូ ក្នុងទីក្រុង Quezon ជាប់ទៅនឹងទីក្រុងម៉ានីល ពិធីការិនីមានសម្រស់ស្រស់ស្អាតរូបនេះ បាននិយាយប្រាប់មកកាន់លោក ជា យូគៀង អ្នកសារព័ត៌មានថ្មីៗថា កញ្ញាមានការនឹករលឹកប្រទេសកម្ពុជាជាខ្លាំង ព្រមទាំងបាននឹកដល់ការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរថែមទៀត។
  


«សួស្តីអ្នកទាំងអស់គ្នាដែលមកពីប្រទេសកម្ពុជា ខ្ញុំពិតជានឹកអ្នកទាំងអស់គ្នា ខ្ញុំពិតជានឹកក្នុងការនិយាយពាក្យថាហ៊ោមួយមក ហើយនឹងពាក្យអរគុណ។ ដូច្នេះនៅពេលមានឱកាសពេលក្រោយ ប្រសិនបើខ្ញុំមានឱកាសទៅកាន់ប្រទេសកម្ពុជាម្តងទៀត ខ្ញុំនឹងដើរទេសចរនៅក្នុងប្រទេសរបស់អ្នក ហើយជាពិសេសខ្ញុំនឹកដល់ដៃគូពិធីកររបស់ខ្ញុំអំឡុងបំពេញការងារក្នុងប្រទេសកម្ពុជាផងដែរ។»។ កញ្ញា Mara Aquino បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗបែបនេះ។
 
បន្ថែមពីនេះកញ្ញា Mara ក៏ចង់មានឱកាសសម្ភាសជាមួយនឹងកីឡាករក្រុម See You Soon ដែលបច្ចុប្បន្នជាក្រុមតំណាងកម្ពុជា កំពុងស្ថិតនៅក្នុងការប្រកួតវគ្គ ៦ក្រុមចុងក្រោយបន្ថែមទៀត ។ កញ្ញា ក៏ចង់ឃើញក្រុមកម្ពុជាឈានដល់ចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ ផងដែរ។ 
 
M5 World Championship ជាពានរង្វាន់ពិភពលោកដែលប្រមូលផ្តុំក្រុមជើងឯកកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends ខ្លាំងៗតាមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងក្រុមជើងឯកមកពីទ្វីបនានា ជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងស្វែងរកក្រុមដែលខ្លាំងជាងគេបង្អស់ សម្រាប់តំណែងម្ចាស់ពានពិភពលោក M5។ ១៦ក្រុមមកពីជុំវិញពិភពលោកនឹងត្រូវប្រជែងគ្នាដណ្តើមពានរង្វាន់ M5 World Championship ហើយក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ ពីប្រាក់រង្វាន់សរុបក្នុងការប្រកួតទាំងមូល ៩០ម៉ឺនដុល្លារ៕

Tag:
 កីឡាអេឡិចត្រូនិក
  Mobile Legends
  Mara Aquino
© រក្សាសិទ្ធិដោយ thmeythmey.com