អន្តរជាតិ
ក្រោយចិនសម្របសម្រួល យោធានិងក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាឈានដល់បទឈប់បាញ់
15, Dec 2023 , 2:39 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបក្នុងរង្វង់) ​និងកងទ័ពរំដោះជាតិ Ta
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន (រូបក្នុងរង្វង់) ​និងកងទ័ពរំដោះជាតិ Ta'ang។ រូបភាព AFP និងក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី១៤ ខែធ្នូ បានប្រកាសថា បន្ទាប់ពីមានការជួយសម្របសម្រួលពីក្រុងប៉េកាំង យោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានឯកភាពអនុវត្តបទឈប់បាញ់បណ្តោះអាសន្ន និងបន្តរក្សាកិច្ចសន្ទនាជាមួយគ្នា។ ការប្រកាសនេះ ជាការវិវដ្តប្រកបដោយភាពវិជ្ជមានមួយ ចាប់តាំងពីក្រុមប្រដាប់អាវុធយោធាមីយ៉ាន់ម៉ាប៉ះទង្គិចនឹងយោធា នៅថ្ងៃទី២៧ ខែតុលាកន្លងមក។


ក្រោម «ប្រតិបត្តិការ ១០២៧» ក្រុមសម្ព័ន្ធបងប្អូនដែលមានក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ចូលរួម និងសហការជាមួយកម្លាំងការពារប្រជាជន (PDF) ផងនោះ បានចាប់ផ្តើមវាយប្រហារលើយោធា នៅថ្ងៃទី២៧ ខែតុលា និងបានដណ្តើមកាន់កាប់ប៉ុស្តិ៍យោធា និងប៉ូលិសជាច្រើន នៅរដ្ឋ Shan ដែលស្ថិតនៅភាគខាងជើង និងបានបណ្តាលឱ្យព្រំដែនមីយ៉ាន់ម៉ា និងចិនត្រូវបិទថែមទៀត។ 
 
ប៉ុន្តែក្រោមការជួយសម្របសម្រួលពីសំណាក់ក្រុងប៉េកាំង យោធាមីយ៉ាន់ម៉ា នៅពេលថ្មីៗ បានរៀបចំកិច្ចចរចាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីស្វែងរកបទឈប់បាញ់ និងឈានទៅរកសន្តិភាពក្នុងតំបន់។ 
 
«ជាមួយការសម្របសម្រួលរបស់ចិន យោធាមីយ៉ាន់ម៉ា នៅពេលថ្មីៗនេះ មានកិច្ចចរចាសន្តិភាពជាមួយកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពកងទ័ព Arakan (AA) នៅចិន និងបានឈានដល់កិច្ចព្រមព្រៀងលើប្រធានបទជាច្រើនក្នុងនោះរួមមាន បទឈប់បាញ់មួយរយៈ និងការបន្តរក្សាកិច្ចសន្ទនា»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយទៅកាន់សំណួរអ្នកសារព័ត៌មានបែបនេះ នៅក្នុងថ្ងៃទី១៤ ខែធ្នូ។ 
 
មិនតែប៉ុណ្ណោះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានបន្ថែមថា ស្ថានភាពជម្លោះនៅមីយ៉ាន់ម៉ា បានថមថយហើយ ដែលវាមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធានាសន្តិភាព និងភាពស្ងៀមស្ងាត់ នៅក្នុងតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ាផងដែរ។ ត្រង់ចំណុចនេះ លោកស្រី Mao Ning បានទទូចភាគីពាក់ព័ន្ធឱ្យបង្កើនកិច្ចខិតខំលើកិច្ចព្រមព្រៀងដែលបានឯកភាព អនុវត្តការរឹតត្បិត បន្ធូរបន្ថយស្ថានភាពក្នុងពេលបច្ចុប្បន្ន និងគ្រប់គ្រងការប្រឈមមុខឱ្យបានល្អ។ 
 
ជាការពិត វត្តមានរបស់ចិន នៅក្នុងកិច្ចចរចារកសន្តិភាពនៅមីយ៉ាន់ម៉ា ទំនងជាការការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញការមិនពេញចិត្តឡើយ ទាក់ទិននឹងជម្លោះនៅក្នុងរដ្ឋ Shan ដែលជាតំបន់មានបំពង់បង្ហូរហ្គាស និងប្រេងសម្រាប់ផ្គត់ផ្គង់ចិន ហើយមានគម្រោងផ្លូវរថភ្លើងតម្លៃជាច្រើនពាន់លានដុល្លារថែមទៀត។ 
 
កន្លងមក លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចដោះស្រាយបញ្ហាមានលក្ខណៈនយោបាយរបស់ពួកគេ និងបញ្ឈប់ការវាយប្រហារ ខណៈជម្លោះនៅក្នុងប្រទេសធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍៕

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com