អន្តរជាតិ
ហុងគ្រីរាំងខ្ទប់ជំនួយអឺរ៉ុប ៥៤ពាន់លានដុល្លារទៅអ៊ុយក្រែន ដែលកំពុងត្រូវការជំនួយទប់រុស្ស៊ីខ្លាំង
15, Dec 2023 , 6:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានប្រើសិទ្ធិវេតូបដិសេធជំនួយទៅអ៊ុយក្រែន ដែលកំពុងទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ បានឯកភាពសម្រាប់កិច្ចចរចាចូលជាសមាជិកលើអ៊ុយក្រែន និង Moldova និងផ្តល់ឋានៈជាបេក្ខភាពសហភាពអឺរ៉ុបដល់ហ្សកស៊ី។
 
ពីកិច្ចប្រជុំមេដឹកនាំអឺរ៉ុប នៅទីក្រុងព្រុចសែល ក្នុងថ្ងៃទី១៤ ខែធ្នូ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានរាំងខ្ទប់ជំនួយរបស់សហភាពអឺរ៉ុបទំហំ ៥៤ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ពោលគឺ នៅប៉ុន្មានម៉ោងបន្ទាប់ពីប្លុកមួយនេះ បានផ្តល់ភ្លើងបៃតងដល់អ៊ុយក្រែន និង Moldova សម្រាប់កិច្ចចរចាចូលជាសមាជិក។ ការបដិសេធនេះ ធ្វើឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនអាចបញ្ចុះបញ្ចូលសភាអាម៉េរិកឱ្យអនុម័តជំនួយយោធាប្រមាណ ៦១ពាន់លានដុល្លារបាន។
 
«ខ្ញុំអាចបញ្ជាក់អ្នកថា មេដឹកនាំ ២៦នាក់ បានយល់ព្រមលើ (កិច្ចចរចាការចំណាយ)»។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់បែបនេះ ដោយបន្តថា មេដឹកនាំស៊ុយអែត ចាំបាច់ត្រូវការពិភាក្សាជាមួយសភា ព្រោះជានីតិវិធីរបស់ប្រទេស និងមេដឹកនាំម្នាក់ទៀត មិនឯកភាពឡើយ។ ការអនុម័តការផ្តល់ជំនួយទៅអ៊ុយក្រែន ចាំបាច់ត្រូវការសំឡេងគាំទ្រពីសមាជិកទាំងអស់របស់សហភាពអឺរ៉ុប។ 
 
លោក Orban ត្រូវបានមើលឃើញថា ជាបុគ្គលម្នាក់ ដែលស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ដែលជាអ្នកបញ្ជាឱ្យឈ្លានពានលើអ៊ុយក្រែន។ តាមរយៈសំណេរលើបណ្តាញសង្គម X លោក Orban បានបញ្ជាក់ថា លោកបានបដិសេធចំពោះជំនួយទៅអ៊ុយក្រែន។ មុនជំនួបមេដឹកនាំសហភាពអឺរ៉ុប នៅក្រុងព្រុចសែលនេះ លោក Ordan ក៏បានព្រមានផងដែរថា ការបង្ខំឱ្យមានការសម្រេចចិត្តលើបញ្ហាអ៊ុយក្រែន អាចធ្វើឱ្យការរួបរួមរបស់ប្លុកមួយនេះ ត្រូវបាក់បែក។ 
 
ចំណែកលោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់ បានអះអាងថា កិច្ចប្រជុំស្តីពីជំនួយរបស់អ៊ុយក្រែន នឹងមាន ចុងខែមករា ឆ្នាំ២០២៤ ដោយលោកប្តេជ្ញាថា កិច្ចព្រមព្រៀងផ្តល់ជំនួយអ៊ុយក្រែននោះ នឹងអាចត្រូវបានអនុម័ត។ ត្រង់ចំណុចនេះ មេដឹកនាំហូឡង់ បានលើកឡើងថា អ៊ុយក្រែន នឹងមិនអស់លុយ ត្រឹមរយៈពេល ៣ ឬ៤សប្តាហ៍ខាងមុខនោះឡើយ។
 
ដោយឡែក ប្រមុខរដ្ឋាភិបាលបែលហ្ស៊ិក លោក Alexander De Croo បានយល់ឃើញថា ជំនួយហិរញ្ញវត្ថុ គឺពិតជាសំខាន់ណាស់ ដោយសារអ៊ុយក្រែនត្រូវការលុយ ដើម្បីកសាងប្រទេស និងធ្វើសង្រ្គាមជាមួយរុស្ស៊ី។ 
 
ក្រោយពេលសហភាពអឺរ៉ុបបានផ្តល់ភ្លើងបៃតងដល់ទីក្រុងកៀវសម្រាប់កិច្ចចរចាចូលជាសមាជិក លោក  ហ្សេលេនស្គី បានសាទរពីជ័យជម្នះរបស់ខ្លួន និងអឺរ៉ុប។ កន្លងមក ប្រមុខរដ្ឋាភិបាលហុងគ្រី ក៏ធ្លាប់បានសន្យាបដិសេធទាំងលើការផ្តល់ឱ្យទីក្រុងកៀវសម្រាប់ការចរចាចូលជាសមាជិក និងជំនួយផងដែរ។ យ៉ាងណាមិញ ការអនុម័តសម្រាប់អ៊ុយក្រែនលើកិច្ចចរចាចូលជាសមាជិក អាចចេញទៅរួច ព្រោះលោក Ordan បានឯកភាពមិនបង្ហាញវត្តមាន ក្នុងពេលកិច្ចប្រជុំនោះឡើយ។ 
 
កន្លងមក ក្រុមអ្នករិះគន់ បានលើកឡើងថា មេដឹកនាំហុងគ្រី បានយកអ៊ុយក្រែនធ្វើជាចំណាប់ខ្មាំង ដើម្បីជំរុញឱ្យអឺរ៉ុបបញ្ចេញលុយជាច្រើនពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅពេលកន្លងមក ផ្តល់មកខ្លួនសម្រាប់ការអភិវឌ្ឍ។ កន្លងមកលុយប្រមាណ ១០,៨ពាន់លានដុល្លារ ត្រូវបានបង្កក និងមិនផ្តល់ទៅហុងគ្រីឡើយ ក្រោមហេតុផលនាយករដ្ឋមន្រ្តីប្រទេសមួយនេះ បានបំពានតុល្យភាពអំណាច ប្រកបដោយប្រជាធិបតេយ្យ។ 
 
អវត្តមានរបស់លោក Ordan ក្នុងកិច្ចប្រជុំមេដឹកនាំខាងលើ ធ្វើឡើងស្របពេលគណៈកម្មការអឺរ៉ុប បានឯកភាពលែងបង្កកជំនួយទំហំប្រមាណ ១០ពាន់លានដុល្លារនេះ ទៅហុងគ្រី។ 
 
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចនៅអាម៉េរិក ដើម្បីសុំជំនួយ ដែលអាចអស់ក្នុងពេលឆាប់ៗ។ ប៉ុន្តែ វត្តមានរបស់លោក ហ្សេលេនស្គី នៅទីនោះ មិនអាចធ្វើឱ្យមានការប្រែប្រួលលើជំហររបស់សភាតំណាងអាម៉េរិកឡើយ៕

Tag:
 ហុងគ្រី
  អ៊ុយក្រែន
  រុស្ស៊ី
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com