អន្តរជាតិ
កិច្ចប្រជុំកំពូលរម្លឹកខួប៥០ឆ្នាំអាស៊ាន-ជប៉ុន ជាវេទិកាទប់ឥទ្ធិពលចិនក្នុងតំបន់?
18, Dec 2023 , 11:21 am        
រូបភាព
កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន​រយៈពេល៥០ឆ្នាំ ប្រារព្ធឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូដោយមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ៩ និងមេដឹកនាំជប៉ុន
បានជជែកគ្នាលើប្រធានបទជាច្រើន នៅក្នុងទីក្រុងតូក្យូ។ ក្នុងកិច្ចប្រជុំនេះទីម័រខាងកើត បានចូលរួមក្នុងឋានៈជាប្រទេសសង្កេតការណ៍។ តាមរយៈសេចក្តីថ្លែងការណ៍រួម
អាស៊ាន និងជប៉ុន បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាលើការការពារសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ កិច្ចសហប្រតិបត្តិការលើឧស្សាហកម្មរថយន្តនិងវិស័យផ្សេងទៀត។ 
 
តើកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-ជប៉ុនរយៈពេល៥០ឆ្នាំ ជាកិច្ចប្រជុំជជែកនិងទប់ស្កាត់ពីការពង្រីកឥទ្ធិពលចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង?
 
កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន​រយៈពេល៥០ឆ្នាំ ជាកិច្ចប្រជុំដ៏សំខាន់មួយនៃទំនាក់ទំនងភាគីទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៧៣មក។
 
ក្នុងវេទិកាដ៏សំខាន់នេះ ជប៉ុន និងអាស៊ានបានឆ្លៀតពិភាក្សាពីបញ្ហាសន្តិសុខលើដែនសមុទ្រដែលកន្លងមកទាំងបណ្តាប្រទេសអាស៊ានមួយចំនួន និងរដ្ឋាភិបាលក្រុងតូក្យូ
បានបង្ហាញពីក្តីបារម្ភលើការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។ 
 
ចិនជាប្រទេសមួយ ដែលបានទាមទារសមុទ្រចិនខាងត្បូងតាមរយៈបន្ទាត់រាងអណ្តាតគោឬបន្ទាត់ក្រហម ៩ឆ្នូត ក្នុងទំហំជិត ៩០ភាគរយ។ បញ្ហានេះ វាបានប៉ះពាល់ដល់ហ្វីលីពីន
ម៉ាឡេស៊ី ព្រុយណេ និងវៀតណាម។ មែនទែនទៅ ជម្លោះដែលមានមកជាច្រើនទសវត្សរ៍នេះគឺមានភាពស្មុគស្មាញ ព្រោះវាមានដែនទឹកមួយចំនួនត្រួតស៊ីគ្នា ដែលតម្រូវឱ្យមានកិច្ចចរចារវាងរដ្ឋជម្លោះលក្ខណៈទ្វេភាគីឬត្រីភាគីទៅទៀត បើសិនបើចង់អភិវឌ្ឍ ឬរុករកធនធានធម្មជាតិក្នុងតំបន់នោះ។ 
 
មិនតែប៉ុណ្ណោះ ចិន មានជម្លោះដែនទឹកជាមួយជប៉ុននៅក្នុងសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះ Senkaku ដែលជាញយៗជប៉ុនតែដាក់ការតវ៉ាលើនាវាចិនចូលទៅតំបន់ក្បែរនោះ។ នៅក្នុងខែកញ្ញាកន្លងមក រដ្ឋាភិបាលក្រុងតូក្យូក៏បានតវ៉ាជាមួយក្រុងប៉េកាំងផងដែរ ពាក់ព័ន្ធនឹងផែនទីថ្មី ដែលបានបញ្ចូល ប្រជុំកោះ Senkaku
ជារបស់ខ្លួន។ ជាការពិត ជម្លោះប្រជុំកោះមួយនេះវាជាជម្លោះជាច្រើនទសវត្សរ៍មកហើយ និងបន្តទៅមុខជាច្រើនទសវត្សរ៍ថែមទៀត។ 
 
មេដឹកនាំអាស៊ាន និងជប៉ុន ថតរូបជុំគ្នា នៅក្នុងកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នៅថ្ងៃទី១៨ ខែធ្នូ។ រូបភាព Facebook-Samdech Thipadei Hun Manet, Prime Minister of Cambodia

ទាក់ទិននឹងបញ្ហានេះតាមរយៈសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៧ ខែធ្នូ មេដឹកនាំអាស៊ាន និងជប៉ុនបានអំពាវនាវរកការពង្រឹងភាពជាដៃគូផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពនៅលើដែនសមុទ្រ។​
 
ជុំវិញសេចក្តីថ្លែងការណ៍រួមនោះ អាស៊ាន និងជប៉ុនមិនបានប្រើឈ្មោះចិនចំៗឡើយ ប៉ុន្តែវាចង់ទំនងសំដៅដល់ចិន ដែលមួយរយៈចុងក្រោយបានអុងអាត់នៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងខ្លាំង។ ជាក់ស្តែង កាលពីពេលថ្មីៗនេះនាវាល្បាតចិន បានបាញ់ទឹកដាក់នាវាហ្វីលីពីនថែមទៀត។ 
 
សេចក្តីថ្លែងការណ៍រួមនោះ បានទទូចឱ្យលើកតម្កើងគោលនយោបាយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងយុត្តិធម៌និងប្រកាន់យកគោលការណ៍ សាមគ្គីភាព និងមជ្ឈភាពអាស៊ាន។ បន្ថែមពីនេះមេដឹកនាំប្រទេសទាំង ១០ បានជំរុញឱ្យមានការគោរពអធិបតេយ្យ បូរណភាពដែនដីការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នា ប្រកបដោយសន្តិភាព និងបោះបង់ចោលនូវការគំរាមកំហែងនិងការប្រើប្រាស់អាវុធ។ 
 
ជប៉ុនក៏បានផ្តល់ជំនួយសន្តិសុខនិងដែនសមុទ្រទៅប្រទេសមួយផងដែរ នៅមុននិងស្របកិច្ចប្រជុំរម្លឹកខួប៥០ឆ្នាំរវាងជប៉ុន-អាស៊ាននេះ ខណៈពេលយោធាចិនកំពុងគំរាមកំហែងនៅក្នុងតំបន់។ មែនទែនទៅ មិនត្រឹមតែប្រធានបទចិនទេដែលសំខាន់ ជប៉ុននិងអាស៊ាន បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្សេងទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើច្រវាក់ផលិតកម្ម ថាមពលស្អាតនិងសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ 
 
ជប៉ុនបានផ្តល់ជំនួយទៅប្រទេសមួយចំនួន ស្របពេលចិនកំពុងអុងអាត់ក្នុងតំបន់។តើប្រទេសទាំងនោះមានប្រទេសណាខ្លះ?
 
ពិតណាស់ ស្របពេលចិនកំពុងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់ជប៉ុនបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដោយភាគច្រើនប្រទេសទាំងនោះ មានជម្លោះជាមួយចិននៅក្នុងសមុទ្រខាងត្បូង។ 
 
នា​ខែវិច្ឆិកាកន្លងទៅ ជប៉ុនបានប្រកាសផ្តល់រ៉ាដាស៊ើបការណ៍ដែនសមុទ្រទៅដល់កងទ័ពជើងទឹកហ្វីលីពីនរួមទាំងបានពិភាក្សាពីកិច្ចព្រមព្រៀងការពារដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបញ្ជូនកងទ័ពទៅវិញទៅមកថែមទៀត ដើម្បីចូលរួមសមយុទ្ធរួម។
 
ការប្រកាសបែបនេះ ធ្វើឡើងស្របពេលចិន និងហ្វីលីពីន កំពុងតឹងសរសៃកដាក់គ្នា ដោយសារចិនមិនចង់ឱ្យហ្វីលីពីនបញ្ជូនសម្ភារផ្គត់ផ្គង់ទៅក្នុងនាវាចាស់មួយគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូងនោះឯង។ មិនតែប៉ុណ្ណោះនាវាល្បាតចិនថែមទាំងបាញ់ទឹកដាក់នាវាហ្វីលីពីន។ 
 
កន្លងមក មេដឹកនាំអាស៊ានក៏បានបង្ហាញពីក្តីបារម្ភនិងទទូចឱ្យបញ្ឈប់សកម្មភាពមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូងដែលបង្កឱ្យប៉ះពាល់ដល់ជីវិតមនុស្សផងដែរ នៅក្នុងកិច្ចប្រជុំកន្លងមក។ 
 
កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនរយៈពេល ៥០ឆ្នាំ ប្រារព្ធឡើងនៅក្រុងតូក្យូ នៅថ្ងៃទី១៧ ខែធ្នូ។ រូបភាព ASEAN

ទន្ទឹមនេះ ជប៉ុនបានដំឡើងកម្រិតទំនាក់ទំនងជាមួយវៀតណាមទៅកម្រិតខ្ពស់បំផុត ពោលគឺភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
 
ឋានៈនេះ គឺស្មើជាមួយចិន ដែលបានអភិវឌ្ឍកាលពី១៥ឆ្នាំមុន និងអាម៉េរិកកាលពីខែកញ្ញាឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះអាចបើកលទ្ធភាពឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកសន្តិសុខនិងការពារ។ វៀតណាម និងចិន ក៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងដែរ។ 
 
បន្ថែមពីនេះ នៅថ្ងៃទី១៦ ខែធ្នូជប៉ុនបានចុះហត្ថលេខាលើការផ្តល់ជំនួយពីក្រុងតូក្យូដល់ក្រុងគូឡាឡាំពួក្នុងទំហំទឹកប្រាក់ប្រមាណ២,៨លានដុល្លារដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ម៉ាឡេស៊ី។ ក្រោមជំនួយនេះជប៉ុននឹងផ្តល់ទូកសម្រាប់ជួយសង្រ្គោះ និងសម្ភារផ្សេងទៀតដើម្បីកែលម្អសមត្ថភាពការពារដែនសមុទ្ររបស់ម៉ាឡេស៊ី។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
 
ក្នុងថ្ងៃដដែលនោះ លោកគីស៊ីដា ហ្វូមីអូនាយករដ្ឋមន្រ្តីជប៉ុន បាន´ឯកភាពផ្តល់កម្ចីដល់ឥណ្ឌូណេស៊ី រហូតដល់ទំហំ ៦៣,៣លានដុល្លារឯណោះ សម្រាប់គម្រោងពង្រឹងសមត្ថភាពលើដែនសមុទ្រដោយក្នុងនោះរួមមានទូកល្បាតដែនសមុទ្រខ្នាតធំ។ 
 
ឥណ្ឌូណេស៊ីមិនមែនជាភាគីជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែកន្លងមក ឥណ្ឌូណេស៊ីបានចោទទូកចិនថា បានចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។

បន្ថែមពីនេះ ឥណ្ឌូណេស៊ី បានពង្រាយយន្តហោះចម្បាំងថែមទៀតដើម្បីការពារដែនទឹក។ ចេតនាបែបនេះ វាបានបង្ហាញថា ជប៉ុនមានការប្រុងប្រយ័ត្នចំពោះសកម្មភាពចិននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ 
 
ក្នុងកិច្ចប្រជុំនេះ សមាជិកអាស៊ានតែ៩ប៉ុណ្ណោះបានទៅចូលរួម។ ហេតុអ្វីបានជាមិនមានវត្តមានមីយ៉ាន់ម៉ា?
 
ពិតណាស់ មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ ដោយសារតែរដ្ឋប្រហារយោធា ចាប់តាំងពីឆ្នាំ២០២១ មក។ទាក់ទិននឹងបញ្ហានេះហើយ កៅអីមេដឹកនាំមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីមួយចំនួនតែងត្រូវទុកនៅទំនេរ។ ហើយនៅក្នុងឆ្នាំនេះ ឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ានមិនបានអញ្ជើញរដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំថែមទៀត។​
 
ប៉ុន្តែបើទោះបីជាអវត្តមានរបស់មីយ៉ាន់ម៉ាក៏ដោយប៉ុន្តែទីម័រខាងកើតដែលត្រូវបានអាស៊ានឯកភាពជាគោលការណ៍ឱ្យចូលជាសមាជិកអាស៊ាននៅពេលកន្លងមកបានចូលរួមកិច្ចប្រជុំមួយនេះ ជាប្រទេសសង្កេតការណ៍។
 
សម្រាប់កៅអីមីយ៉ាន់ម៉ា ទំនងអវត្តមានយូរដោយសារស្ថានការណ៍មីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្ន វាមិនមែនការវិវដ្តសំខាន់ឬឈានទៅដល់ការឯកភាពផ្នែកនយោបាយសម្រាប់រៀបចំការបោះឆ្នោតឡើយ។ លើសពីនេះក្នុងពេលបច្ចុប្បន្ន ស្ថានការណ៍មីយ៉ាន់ម៉ា មានភាពផុយស្រួយយ៉ាងខ្លាំងបើទោះចិនអះអាងថា ក្រុមកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា និងយោធាបានអនុវត្តបទឈប់បាញ់បណ្តោះអាសន្ន និងឯកភាពសម្រាប់កិច្ចចរចាក៏ដោយ។ 
 
ក្រៅពីបញ្ហាដែនសមុទ្រ តើជប៉ុននិងអាស៊ាន បានឯកភាពលើប្រធានបទអ្វីទៀត?
 
ក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុនមេដឹកនាំប្រទេសទាំងអស់ បានប្តេជ្ញាធ្វើការរួមគ្នាលើការបង្កើតឧស្សាហកម្មរថយន្តបៃតងនិងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ ជប៉ុន
ជាប្រទេសមួយមានក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ដូចជា ក្រុមហ៊ុន Toyota, ក្រុមហ៊ុន Honda, ក្រុមហ៊ុន Nissan, ក្រុមហ៊ុន Suzuki, ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Mitsubishi។ 
 
ភាគច្រើនរថយន្តរបស់ក្រុមហ៊ុនទាំងនេះគឹពេញនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែតម្លៃ និងគុណភាពហើយផលិតផលរបស់ក្រុមហ៊ុនទាំងនោះ ក៏ត្រូវបានប្រើប្រាស់នៅកម្ពុជាផង។ 
 
ក្នុងវិស័យនេះ ជប៉ុន និងអាស៊ានបានដាក់ចេញគំនិតផ្តួចផ្តើមសម្រាប់វិស័យឧស្សាហកម្មរថយន្តនៅជំនាន់បន្ទាប់ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូន រួមទាំងកសាងច្រវាក់ផលិតកម្មលើវិស័យរថយន្ត។
 
កន្លងមក ឥណ្ឌូណេស៊ី និងថៃជាដើម តែងជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Tesla ដើម្បីស្វែងរកការវិនិយោគក្រុមហ៊ុនប្រភេទនេះនៅប្រទេសខ្លួន។ 
 
ម្យ៉ាងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងអាស៊ានធ្វើឡើងស្របពេលរថយន្តអគ្គិសនីចិន កំពុងចាប់ផ្តើមវាយលុយលើទីផ្សារជាច្រើនភាគច្រើននៅអឺរ៉ុប និងអាម៉េរិក។ 
 
ជារួម នៅក្នុងកិច្ចប្រជុំរម្លឹកខួបនេះ អាស៊ាននិងជប៉ុន បានផ្តោតលើការអភិវឌ្ឍទំនាក់ទំនងទៅកម្រិតមួយកាន់តែជិតស្និទ្ធបន្ថែមទៀតដែលមានទាំងលើបញ្ហាសន្តិសុខលើដែនសមុទ្រ ឧស្សាហកម្មរថយន្ត ការកាត់បន្ថយឧស្ម័នកាបូននិងវិស័យផ្សេងទៀត៕
 
 

Tag:
 អាស៊ាន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com