អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលអន្តរទ្វីបទី៥ ក្នុងឆ្នាំ២០២៣ ផ្គើនការព្រមានពីកូរ៉េខាងត្បូង
18, Dec 2023 , 2:39 pm        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែធ្នូ បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ទៅក្នុងសមុទ្រខាងកើត។ តាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នេះជាមីស៊ីលអន្តរទ្វីបទី៥ ដែលកូរ៉េខាងជើងបាញ់នៅក្នុងឆ្នាំ២០២៣ បើទោះមានការគំរាមកម្ទេចពីសំណាក់ប្រមុខការពារជាតិកូរ៉េខាងត្បូងក៏ដោយ។
ទោះមានសម្ពាធ និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបានបោះបង់មហិច្ឆតាអភិវឌ្ឍសមត្ថភាពការពារខ្លួន ជាពិសេសមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួនឡើយ។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនចាប់បានសញ្ញាមីស៊ីលមួយគ្រាប់ ដែលបាញ់ចេញពីតំបន់ក្នុងក្រុងព្យុងយ៉ាង នៅម៉ោង ៨ និង២៤នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយហោះបានចម្ងាយ ១ពាន់គីឡូម៉ែត្រ មុនធ្លាក់ទៅក្នុងសមុទ្រខាងកើត។ 
 
បើទោះយោធាកូរ៉េខាងត្បូង មិនទាន់អាចវាយតម្លៃបានថា មីស៊ីលនោះប្រើឥន្ធនៈរឹងឬយ៉ាងណា ប៉ុន្តែក្រុងសេអ៊ូល អាចកំណត់បានថា វាជាមីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM)។ នេះជាមីស៊ីលអន្តរទ្វីបទី៥ ដែលក្រុងព្យុងយ៉ាង បានបាញ់នៅមុនដំណាច់ឆ្នាំ២០២៣។ 
 
«ខណៈដំឡើងកម្រិតត្រៀមខ្លួន យោធារបស់យើង បានរក្សាជំហររួចរាល់ តាមរយៈការចែករំលែកព័ត៌មានការបាញ់មីស៊ីលបាលីស្ទីកកូរ៉េខាងជើង ជាមួយអាម៉េរិក និងជប៉ុន»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងលិខិតទៅកាន់អ្នកសារព័ត៌មាន ចេញនៅថ្ងៃទី១៨ ខែធ្នូ។ 
 
ការបាញ់មីស៊ីលមួយគ្រាប់នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចម្ងាយខ្លី ទៅសមុទ្រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ។ មីស៊ីលមួយគ្រាប់នេះ ហោះបានចម្ងាយ ៥៧០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត។ 
 
ការបាញ់មីស៊ីលអន្តរទ្វីបខាងលើ ហាក់ជាទង្វើផ្គើននឹងការព្រមានរបស់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ដែលធ្លាប់បានលើកឡើងថា កូរ៉េខាងជើង នឹងត្រូវបានបំផ្លាញទាំងស្រុង ប្រសិនបើហ៊ាន ធ្វើសកម្មភាពព្រហើនណាមួយដែលប៉ះពាល់ដល់សន្តិភាព។ ការព្រមាននេះ ធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាស ឈប់អនុវត្តកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងយោធាតាមព្រំដែនឆ្នាំ២០១៨ ទាំងស្រុងតែម្តង។ 
 
សូមបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កាន់តែក្តៅឡើងវិញ ក្រោយកូរ៉េខាងជើង បានទទួលជោគជ័យលើការបាញ់បង្ហោះផ្កាយរណបចារកិច្ច និងបានសន្យាបាញ់បង្ហោះឱ្យបានកាន់តែច្រើន៕
 

Tag:
 កូរ៉េខាងជើង
 ​ កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com