អន្តរជាតិ
លោកគីស៊ីដា សន្យាកាត់បន្ថយបញ្ចេញឧស្ម័នកាបូនមុនគេ ដើម្បីសម្រេចគោលដៅអាស៊ីគ្មានការបញ្ចេញកាបូន
18, Dec 2023 , 4:19 pm        
រូបភាព
កិច្ចប្រជុំកំពូលសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដែលត្រូវបានប្រារព្ធឡើងលើកដំបូង នៅថ្ងៃទី១៨ ខែធ្នូ ក្នុងក្រុងតូក្យូ។ រូបភាព Facebook_Samdech Thipadei Hun Manet, Prime Minister of Cambodia
កិច្ចប្រជុំកំពូលសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ដែលត្រូវបានប្រារព្ធឡើងលើកដំបូង នៅថ្ងៃទី១៨ ខែធ្នូ ក្នុងក្រុងតូក្យូ។ រូបភាព Facebook_Samdech Thipadei Hun Manet, Prime Minister of Cambodia
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៨ ខែធ្នូ បានសន្យាថា ជប៉ុន នឹងចាប់ផ្តើមមុនគេ ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្រោមកិច្ចខិតខំសម្រេចបានតំបន់អាស៊ី គ្មានការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាស។
 
ពីក្នុងកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) នៅក្រុងតូក្យូ ក្នុងថ្ងៃទី១៨ ខែធ្នូ ប្រមុខរដ្ឋាភិបាលជប៉ុន បានប្តេជ្ញាបង្កើតទីផ្សារកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូន ដែលអាចទាក់ទាញការវិនិយោគពីក្រុមហ៊ុននៅជុំវិញពិភពលោក ទៅកាន់តំបន់អាស៊ី។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកការបញ្ចេញឧស្ម័នកាបូន ជាបញ្ហាប្រឈមរួមនៅក្នុងតំបន់។ 
 
នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងអូស្រ្តាលី ដែលចូលរួមតាមប្រព័ន្ធវីដេអូ លោកគីស៊ីដា បានលើកឡើងថា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅក្នុងតំបន់អាស៊ី វាអាចចំណាយលុយរហូតដល់ ២៨ទ្រីលានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។
 
បន្ទាប់ពីកិច្ចប្រជុំកំពូលសហគមន៍បំភាយឧស្ម័នសូន្យអាស៊ីលើកដំបូងនេះ សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានដាក់ចេញ ដោយមេដឹកនាំបណ្តាប្រទេសទាំងអស់ បានឯកភាពក្នុងការកាត់បន្ថយឧស្ម័នកាបូន តាមរយៈការអនុវត្តផ្ទាល់ និងផ្សេងៗពីគ្នា ដោយផ្អែកលើការចាប់ផ្តើមខុសៗគ្នា និងកាលៈទេសៈ នៃបណ្តាប្រទេសនីមួយៗ។ 
 
សហគមន៍បំភាយឧស្ម័នសូន្យអាស៊ី មានសមាជិកចំនួន ១១ប្រទេស ដូចជា អូស្រ្តាលី ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ សហគមន៍មួយនេះ ត្រូវបានស្នើឡើងដោយលោក គីស៊ីដា នៅពេលថ្លែងពីគោលនយោបាយ ក្នុងខែមករា ឆ្នាំ២០២២ ដើម្បីសម្រេចបានតំបន់អាស៊ីលែងពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ 
 
ក្នុងសេចក្តីថ្លែងការណ៍រួមនៃសហគមន៍ AZEC ប្រទេសទាំងអស់ បានឯកភាពលើកិច្ចសហប្រតិបត្តិការ ក្នុងការបន្តកំណើនសេដ្ឋកិច្ច និងធានាពីសន្តិសុខថាមពល ក៏ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។ 
 
ពីក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាបង្កើតអង្គការថ្មីមួយ ដើម្បីគាំទ្រដល់សមាជិករបស់សហគមន៍ បំភាយឧស្ម័នសូន្យអាស៊ី ក្នុងគោលបំណងអនុវត្តគោលនយោបាយសំខាន់ៗសម្រាប់អព្យាក្រឹតកាបូន។

សូមបញ្ជាក់ថា ជប៉ុនជាប្រទេសទី៥ ដែលបញ្ចេញឧស្ម័នកាបូនច្រើនជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ កន្លងមករដ្ឋាភិបាលក្រុងតូក្យូ បានបំណងកាត់បន្ថយឧស្ម័នកាបូនឱ្យបានរហូតដល់ ៤៦ភាគរយ ត្រឹមឆ្នាំ២០៣០ ពីកម្រិតការបញ្ចេញឧស្ម័នកាបូននៅក្នុងឆ្នាំ២០១៣។ ទន្ទឹមនេះ ជប៉ុន បានដាក់គោលដៅឱ្យក្លាយជាប្រទេសមានអព្យាក្រឹតកាបូននៅក្នុងឆ្នាំ ២០៥០៕

Tag:
 អាស៊ី
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com