ជាតិ
ជប៉ុន ចង់បង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេច ពីកម្ពុជាបន្ថែមទៀត
18, Dec 2023 , 5:19 pm        
រូបភាព
លោក អីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា  និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព៖ STPM
លោក អីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព៖ STPM
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ចង់បង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេចបន្ថែមទៀត ពីកម្ពុជា។ នេះជាការលើកឡើងរបស់ លោក អីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ នៅទីក្រុងតូក្យូ។


លោក ម៉ាសាហ៊ីរ៉ូ បានប្រាប់ទៅកាន់សម្ដេចថា កន្លងមកសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភា បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីកម្ពុជា។
 
ជាឆ្លើយតប សម្ដេច ចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតល្អប្រសើរបំផុត។ លោក ក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព មកទល់បច្ចុប្បន្ន៕ 
 

Tag:
 កសិកម្ម
  ម្រេច
  ស្វាយចន្ទី
  ហ៊ុន ម៉ាណែត
  អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com