ជាតិ
អន្តរជាតិ
Japan Times៖ សម្តេច ហ៊ុន ម៉ាណែត នឹងជំរុញកូរ៉េខាងជើងឱ្យឈប់សាកល្បងមីស៊ីលតទៀត
19, Dec 2023 , 9:39 am        
រូបភាព
សម្តេច ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ស្តាំ) នៅក្នុងក្រុងតូក្យូ ក្នុងថ្ងៃទី១៨ ខែធ្នូ។ រូបភាព Facebook_Samdech Thipadei Hun Manet
សម្តេច ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ស្តាំ) នៅក្នុងក្រុងតូក្យូ ក្នុងថ្ងៃទី១៨ ខែធ្នូ។ រូបភាព Facebook_Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ បានប្រាប់សមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ថា កម្ពុជា នឹងជំរុញកូរ៉េខាងជើងឱ្យឈប់សាកល្បង និងបាញ់មីស៊ីលតទៅទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។
 
នៅក្រៅកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-ជប៉ុន រយៈពេល ៥០ឆ្នាំ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាជាមួយសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៨ ខែធ្នូ ស្របពេលកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីបមួយគ្រាប់ និងមីស៊ីលចម្ងាយខ្លីមួយគ្រាប់ទៅក្នុងសមុទ្រខាងកើត។ 
 
ទាក់ទិននឹងបញ្ហានេះ សម្តេចហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា នឹងជំរុញកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បង និងបាញ់មីស៊ីលតទៅទៀត។ 
 
មិនតែប៉ុណ្ណោះ សម្តេច ហ៊ុន ម៉ាណែត និងលោកគីស៊ីដា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទទូចឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងកម្មវិធីអាវុធផ្សេងទៀតផងដែរ។ 
 
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែធ្នូ បានបាញ់មីស៊ីលបាល្ទីស្ទីកអន្តរទ្វីបទី៥ នៅមុនដំណាច់ឆ្នាំ២០២៣។ ជាញយៗ ប្រទេសមួយនេះ តែងលើកឡើងពីការពង្រឹងសមត្ថភាពការពារខ្លួន។
 
ក្នុងជំនួបនៅក្នុងថ្ងៃដដែលនោះ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការទូទាត់ប្រាក់តាមប្រព័ន្ធឆ្លើយតបរហ័សផងដែរ (QR code)។ មិនតែប៉ុណ្ណោះ មេដឹកនាំប្រទេសទាំងពីរ បានឯកភាព ដើម្បីដាក់ចេញចំណាត់ការផ្សេងទៀតពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងកិច្ចពិភាក្សាលើវិស័យការពារ នៅថ្នាក់ក្រោមកម្រិតគណៈរដ្ឋមន្រ្តីផង។ 

Tag:
 កម្ពុជា
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com