អន្តរជាតិ
UN អំពាវនាវរកជំនួយជិត១ពាន់លានដុល្លារ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៤
19, Dec 2023 , 11:59 am        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា បានស្នាក់នៅកន្លែងសាសនាមួយជាបណ្តោះអាសន្ននៅក្នុងរដ្ឋ Rakhine នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា។ រូបភាព AFP
ប្រជាជនមីយ៉ាន់ម៉ា បានស្នាក់នៅកន្លែងសាសនាមួយជាបណ្តោះអាសន្ននៅក្នុងរដ្ឋ Rakhine នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា។ រូបភាព AFP
ប្រជាជនមីយ៉ាន់ម៉ាជិត១ភាគ៣នៃប្រជាជនសរុប ឬច្រើនជាង ១៨លាននាក់ ត្រូវការជំនួយជាចាំបាច់ នៅក្នុងឆ្នាំ២០២៤ ស្របពេលជម្លោះនៅតែបន្ត។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OHCA) បានបញ្ជាក់បែបនេះ នៅថ្ងៃ១៨ ខែធ្នូ។
ស្ថានការណ៍មីយ៉ាន់ម៉ា មានភាពផុយស្រួយយ៉ាងខ្លាំង ដោយសារជម្លោះប្រដាប់អាវុធរវាងក្រុមជនជាតិភាគតិច និងយោធា នៅតែបន្តកើតមាន។ វិបត្តិនយោបាយនេះ បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនលាននាក់ ភៀសខ្លួនរកកន្លែងសុវត្ថិភាព និងជំនួយ ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានប្រឈមបញ្ហាជាច្រើនស្រាប់ ចាប់តាំងពីរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០២១។ 
 
តាមរយៈរបាយការណ៍មួយចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OHCA) បានលើកឡើងថា  ស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា បានភាពអាក្រក់យ៉ាងខ្លាំង ក្នុងរយៈពេល ជិត ៣ឆ្នាំមកនេះ។ 
 
«មីយ៉ាន់ម៉ា នឹងមានចំនួនប្រជាជនត្រូវការជំនួយខ្ពស់ក្នុងឆ្នាំ២០២៤ ជាមួយវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារ ដោយប្រជាជនស៊ីវិល កំពុងរស់នៅជាមួយភាពភ័យខ្លាច»។ ការិយាល័យ OHCA បានព្រមានបែបនេះ ដោយបន្តថា មនុស្សប្រមាណ ១៨,៦លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ នៅក្នុងពេលបច្ចុប្បន្ន ដោយចំនួននេះ កើនឡើងប្រមាណ ១លាននាក់បើធៀបនឹងឆ្នាំមុន ហើយច្រើនរហូតដល់ ១៩ដងឯណោះ បើធៀបនឹងឆ្នាំ២០២០។ 
 
បន្ថែមពីនេះ កុមារជាច្រើនលាននាក់ ក៏ត្រូវការជំនួយផងដែរ ដោយសារការភៀសខ្លួន, ការមិនទទួលបានប្រព័ន្ធសុខាភិបាល និងអប់រំត្រឹមត្រូវ, អសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ រួមទាំងការជ្រើសរើសចូលបម្រើកងទ័ព និងបញ្ហាផ្លូវចិត្តជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របគ្នានេះ ប្រជាជនស៊ីវិលជាច្រើនលាននាក់ បានភៀសខ្លួន ព្រោះតែជម្លោះ និងការប្រយុទ្ធគ្នា។ គិតត្រឹមថ្ងៃទី១១ ខែធ្នូ មនុស្សជិត ២,៦លាននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយកើនឡើង ១,១លាននាក់ បើគិតចាប់តាំងពីឆ្នាំមុន ដោយក្នុងនោះរួមមានមនុស្ស ៦៦ម៉ឺននាក់ បានភៀសខ្លួន ក្រោយពីក្រុមប្រដាប់អាវុធជនជាតិភាគតិចវាយប្រហារលើយោធា នៅថ្ងៃទី២៧ ខែតុលា។ 
 
ជុំវិញស្ថានភាពដ៏អាក្រក់បែបនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានអំពាវនាវស្វែងរកការកៀងគរជំនួយ៩៩៤លានដុល្លារ ដើម្បីជួយដល់ប្រជាជន៥,៣លាននាក់ ដែលត្រូវបានកំណត់ថា ជាក្រុមអាទិភាពក្នុងការទទួលបានជំនួយនៅក្នុងឆ្នាំ២០២៤។ 
 
នៅពេលកន្លងមក អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ប្រជាជនមីយ៉ាន់ម៉ាជាច្រើនលាននាក់ ត្រូវការជំនួយរហូតដល់ប្រមាណ ១ពាន់លានដុល្លារឯណោះ ហើយ អាស៊ាននៅតែតាមឃ្លាំមើលស្ថានការណ៍មីយ៉ាន់ម៉ា ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ៕

Tag:
 UN
  មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com