អន្តរជាតិ
ក្រុមហ៊ុនរថយន្តHyundai គ្រោងលក់រោងចក្រនៅរុស្ស៊ី ក្នុងតម្លៃ ៧៧ដុល្លារ
19, Dec 2023 , 8:59 pm        
រូបភាព
ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai គ្រោងលក់រោងចក្ររបស់ខ្លួននៅរុស្ស៊ីក្នុងតម្លៃត្រឹម ៧៧ដុល្លារប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកក្រុមហ៊ុន Hyundai នៅថ្ងៃទី១៩ ខែធ្នូ។
 
បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាប្រទេសជាច្រើនក្នុងនោះមានកូរ៉េខាងត្បូងផង បានប្រកាសដាក់ទណ្ឌកម្ម ដោយផ្អាកការទូទាត់ប្រាក់, វិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាល, ការដកចេញពីប្រព័ន្ធផ្ទេរប្រាក់សកល SWIFT និងទណ្ឌកម្មផ្សេងទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងមូស្គូឱ្យបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួន។ 
 
ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai គ្រោងលក់រោងចក្ររបស់ខ្លួននៅរុស្ស៊ីក្នុងតម្លៃត្រឹម ៧៧ដុល្លារប៉ុណ្ណោះ។ តាមរយៈលិខិតដាក់លក់រោងច្រក ក្រុមហ៊ុន នឹងខាតបង់ប្រមាណ ២១៩,១៩លានដុល្លារ។ រោងចក្ររបស់ក្រុមហ៊ុន Hyundai បានផ្អាកដំណើរការនៅរុស្ស៊ីចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក។ 
 
ពេលនេះ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង កំពុងរៀបចំកិច្ចព្រមព្រៀងលក់រោងចក្រជាមួយក្រុមហ៊ុនរុស្ស៊ី Art-Finance។ 

ក្រុមហ៊ុន Hyundia បានបញ្ជាក់ថា កិច្ចព្រមព្រៀងលក់នេះ ក៏មានលក្ខខណ្ឌសម្រាប់ទិញយកវិញផងដែរ ហើយកិច្ចព្រមព្រៀងអាចបញ្ចប់រួចរាល់ត្រឹមថ្ងៃទី២៨ ខែធ្នូ។ បើតាមបុគ្គលិកក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក្រុមហ៊ុន នឹងទទួលបានប្រាក់សរុបប្រមាណ ១១០ដុល្លារ ពីការលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួននៅរុស្ស៊ី។ 
 
រដ្ឋាភិបាលរុស្ស៊ី បានដាក់លក្ខខណ្ឌលើការលក់របស់ក្រុមហ៊ុនបរទេស ត្រូវតែបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃទ្រព្យសម្បត្តិសរុប រួមទាំងក្រុមហ៊ុនដែលបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេស។ ក្រុមហ៊ុនធំៗផ្សេងទៀត ក៏លក់ក្នុងតម្លៃថោកៗផងដែរ ដោយមានភ្ជាប់លក្ខខណ្ឌជាមួយជម្រើសទិញយកវិញ។
 
កន្លងមក ក្រុមហ៊ុនធំៗជាច្រើន បានសម្រេចលក់ជំនួញ ឬរោងចក្ររបស់ខ្លួននៅរុស្ស៊ីក្នុងតម្លៃថោកៗ ក្រោយក្រុងមូស្គូរងទណ្ឌកម្មជុំទិសពីសហគមន៍អន្តរជាតិ និងឈ្លានពានលើអ៊ុយក្រែន។ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Nissan បានសម្រេចលក់ជំនួញរបស់ខ្លួន ក្នុងតម្លៃប្រមាណ ១ដុល្លារប៉ុណ្ណោះ ទៅឱ្យ ក្រុមហ៊ុនរដ្ឋ NAMI ដោយខាតបង់ប្រមាណ ៦៨៧លានដុល្លារ។ 
 
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនស្រាបៀ Heineken បានសម្រេចលក់ប្រតិបត្តិការជំនួញរបស់ខ្លួនក្នុងសីហា ឆ្នាំ២០២៣ ក្នុងតម្លៃប្រមាណ ១ដុល្លារដែរ ដោយខាតបង់ប្រមាណ ៣២៥លានដុល្លារ។ ក្រុមហ៊ុនស្រាបៀមួយនេះ បានលក់ការរកស៊ីរបស់ខ្លួនឱ្យក្រុមហ៊ុនរុស្ស៊ី Arnest Group ៕ 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com