អន្តរជាតិ
ម៉ាឡេស៊ី ហាមកប៉ាល់អុីស្រាអែលចតកំពង់ផែខ្លួនដើម្បីប្រឆាំងសកម្មភាពយោធានៅកាហ្សា
20, Dec 2023 , 9:29 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ក្នុងរង្វង់)។ រូបភាព AFP
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (ក្នុងរង្វង់)។ រូបភាព AFP
នាវា ដែលបំពាក់ទង់ជាតិអុីស្រាអែល នឹងមិនអនុញ្ញាតឱ្យចូលចតនៅម៉ាឡេស៊ីឡើយ។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រកាសបែបនេះ នៅថ្ងៃទី២០ ខែធ្នូ ដោយលើកហេតុផលថា  នេះជាការបង្ហាញពីសកម្មភាពមិនពេញចិត្តមួយទៀតរបស់រដ្ឋាភិបាលគូឡាឡាំពួ ចំពោះប្រតិបត្តិការយោធាអុីស្រាអែលលើតំបន់កាហ្សា។
 
ម៉ាឡេស៊ី ជាប្រទេសមួយដែលរិះគន់អ៊ីស្រាអែលមិនសំចៃមាត់ និងតែងចេញមុខប្រឆាំងប្រតិបត្តិការយោធារបស់អុីស្រាអែល ដើម្បីបោសសម្អាតក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សា។ 
ស្របពេលវិបត្តិមនុស្សធម៌នៅក្នុងតំបន់កាហ្សាកាន់តែយ៉ាប់យ៉ឺន ម៉ាឡេស៊ី សម្រេចមិនឱ្យកប៉ាល់បំពាក់ទង់ជាតិអុីស្រាអែលចូលចតនៅកំពង់ផែខ្លួន។ 
 
បន្ថែមពីនេះ​ លោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម បានព្រមានផងដែរថា រាល់នាវាទាំងឡាយណា ដែលកំពុងធ្វើដំណើរទៅអុីស្រាអែល នឹងមិនអនុញ្ញាតឱ្យដាក់ទំនិញនៅកំពង់ផែរបស់ខ្លួនទាំងអស់។ 
 
«សកម្មភាពរឹតត្បិតទាំងនេះ ជាការឆ្លើយតបនឹងសកម្មភាពអុីស្រាអែលដែលមិនខ្វល់ពីគោលការណ៍មនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ តាមរយៈការបន្តសកម្មភាពសម្លាប់រង្គាល និងឃោរឃៅលើប្រជាជនប៉ាឡេស្ទីន»។ លោក អាន់វ៉ា ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ បានប្រកាសបែបនេះ នៅថ្ងៃទី២០ ខែធ្នូ។ ប្រមុខរដ្ឋាភិបាលរូបនេះ បានលើកឡើងថា សកម្មភាពហាមឃាត់នាវាខាងលើនឹងមិនប៉ះពាល់ពាណិជ្ជកម្មរបស់ប្រទេសឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។ 
 
ជាមួយគ្នានេះ លោក អាន់វ៉ា បានហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅអុីស្រាអែល ចូលចតនៅកំពង់ផែខ្លួនទាំងអស់ និងលុបចោលលិខិតអនុញ្ញាតផ្សេងៗថែមទៀត។
 
នៅក្នុងខែតុលា លោក អាន់វ៉ា រួមជាមួយមនុស្សច្រើនជាង១៦០០០នាក់ បានតវ៉ាលើជម្លោះរវាងអុីស្រាអែល និងហាម៉ាស ហើយបង្ហាញពីការគាំទ្រចំពោះប្រជាជនប៉ាឡេស្ទីន។ លើសពីនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានច្រានចោលការទទូចពីសំណាក់ប្រទេសលោកខាងលិចឱ្យរិះគន់ក្រុមហាម៉ាសផងដែរ និងអះអាងថា រដ្ឋាភិបាលរបស់លោក នឹងនៅតែបន្តមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។ 
 
នៅក្នុងខែវិច្ឆិកា មេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីម រួមមានម៉ាឡេស៊ីផង បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើអ៊ីស្រាអែលថែមទៀត៕

Tag:
 ម៉ាឡេស៊ី
  អុីស្រាអែល
  ប៉ាឡេស្ទីន
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com