អន្តរជាតិ
មហាសេដ្ឋីម្នាក់នៅអឺរ៉ុប ពិចារណាចែក​មរតកជិត៦ពាន់លានដុល្លារទៅអ្នកថែសួន
21, Dec 2023 , 11:59 am        
រូបភាព
លោក Nicolas Puech អ្នកស្នងទាយាទនៃគ្រួសារដ៏មានជាងគេបំផុតនៅអឺរ៉ុប
លោក Nicolas Puech អ្នកស្នងទាយាទនៃគ្រួសារដ៏មានជាងគេបំផុតនៅអឺរ៉ុប
អ្នកស្នងមរតកនៃគ្រួសារដ៏មានជាងគេបំផុតនៅអឺរ៉ុប លោក Nicolas Puech កំពុងចាប់ផ្តើមនីតិវិធីក្នុងការទទួលអ្នកថែសួនម្នាក់ ជាសមាជិកគ្រួសារ។ នេះជាការបើកលទ្ធភាពសម្រាប់លោក Nicolas Puech សេដ្ឋីក្រុមហ៊ុន Hermes អាចចែកទ្រព្យសម្បត្តិពាក់កណ្តាលរបស់លោក ដែលមានសរុបប្រមាណ ១១,៧ពាន់លានដុល្លារ ទៅអ្នកថែសួននោះ។
 
លោក Nicolas Puech ត្រូវបានស្គាល់ថា ជាអ្នកស្នងទាយាទជំនាន់ទី៥ នៃគ្រួសារស្ថាបនិកក្រុមហ៊ុន Hermes ដែលលក់កាបូបប្រណិតៗ មានតម្លៃថ្លៃ និងគ្រឿងលម្អល្បីៗផ្សេងទៀត ហើយបុរសរូបនេះ ក៏មិនមានកូននោះដែរ។ លោក Nicolas បានលាលែងពីសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ (supervisory board) នៅក្នុងឆ្នាំ២០១៤។
 
តាមការចុះផ្សាយរបស់កាសែតស្វ៊ីស Tribune de Geneve និងកាសែត 24 heures នៅដើមខែធ្នូនេះ សេដ្ឋី Hermes វ័យ ៨០ឆ្នាំ ចង់លុបចោលកិច្ចព្រមព្រៀងផ្ទេរមរតកទៅមូលនិធិរបស់ខ្លួន Isocrates Foundation ប៉ុន្តែគ្រោងទទួលយកអ្នកថែសួនជាអ្នកស្នងទាយាទវិញ។ មូលនិធិ Isocrates Foundation ត្រូវបានបង្កើតឡើងដោយលោក Nicolas ផ្ទាល់ និងផ្តោតលើការជជែកដេញដោលជាសាធារណៈ ។ នៅក្នុងឆ្នាំ២០១១ សេដ្ឋី​ Hermes រូបនេះ បានយល់ព្រមផ្តល់ទ្រព្យសម្បត្តិរបស់ខ្លួនទៅមូលនិធិមួយនេះ នៅពេលលោកទទួលមរណភាព។
 
ទាក់ទិននឹងការលុបចោលកុងត្រា មូលនិធិ Isocrates Foundation បានជំទាស់នឹងគម្រោងរបស់លោក Nicolas និងចាត់ទុកមិនស្របតាមច្បាប់។ មូលនិធិមួយនេះ ក៏បានបើកឱកាសសម្រាប់ចរចាជាមួយស្ថាបនិករបស់ខ្លួនផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីមូលហេតុសេដ្ឋី Hermes ចង់ចែកមរតក ទៅអ្នកថែសួនឡើយ។ 
 
ក្នុងការចុះផ្សាយ កាសែត Tribune de Geneve មិនបានបង្ហាញពីឈ្មោះរបស់អ្នកថែសួនឡើយ ដោយបានត្រឹមបង្ហាញពីអាយុ ៥១ឆ្នាំ ដែលមានដើមកំណើតមកពីម៉ារ៉ុក។ បុរសរូបនេះ បានរៀបការរួចហើយ និងមានកូនចំនួន ២នាក់។ នៅក្នុងឆ្នាំ២០១៥ លោក Nicolas បានផ្តល់ប្រាក់ប្រមាណ ១,៥លានដុល្លារទៅកាន់គ្រួសារមួយនេះ ដើម្បីទិញផ្ទះវីឡាមួយកន្លែង នៅម៉ារ៉ុក។
 
បន្ថែមពីនេះ កាសែតដដែល បានអះអាងថា លោក Nicolas មានភាគហ៊ុនប្រមាណ ៥,៧ នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Hermes។ បើទោះមានទំហំនេះតូចមែន ប៉ុន្តែលោក Nicolas ជាអ្នកក្តាប់ភាគហ៊ុនក្រុមហ៊ុនមួយនេះជាលក្ខណៈបុគ្គល ធំជាងគេបំផុត។ 
 
នៅក្នុងទស្សនាវដ្តី Forb លោក Nicolas ជាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកលំដាប់ ១៦១ និងមានទ្រព្យសម្បត្តិប្រមាណ ១១,៧ពាន់លានដុល្លារ។ 
 
ក្រុមហ៊ុនលក់សម្ភារប្រណិត និងធ្វើដោយដៃនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៣៧ ដោយលោក Thierry Hermes និងបានបើកហាងដំបូងនៅទីក្រុងប៉ារីស។ នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Hermes អាចរកចំណូលបាន១២,៧ពាន់លានដុល្លារ និងលុយចំណាយ ៣,៧ពាន់លានដុល្លារ៕ 

Tag:
 Hermes
© រក្សាសិទ្ធិដោយ thmeythmey.com