កីឡាអន្តរជាតិ
អន្តរជាតិ
របាយការណ៍៖ ក្រុមហ៊ុនលក់សម្ភារកីឡា Decathlon ដ៏ធំរបស់បារាំងបន្ត​ផ្គត់ផ្គង់ដោយសម្ងាត់ដល់រុស្ស៊ី
21, Dec 2023 , 9:29 pm        
រូបភាព
ក្រុមហ៊ុនលក់រាយសម្ភារៈកីឡាចម្រុះដ៏ល្បីរបស់បារាំង Decathlon ត្រូវបានគេរាយការណ៍ថាបានបន្តលក់សម្លៀកបំពាក់ដោយសម្ងាត់នៅក្នុងប្រទេសប្រទេសរុស្ស៊ីបើទោះជាក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថាមានការដកខ្លួនក្នុងការតវ៉ាចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏ដោយក្តី។

ក្រុមហ៊ុនដែលធ្លាប់បានប្រកាសថាលក់បានប្រាក់ចំណូលប្រមាណ ១៦,៩ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ពួកគេធ្លាប់បានប្រកាសថាដកខ្លួនចេញពីទីផ្សាររុស្ស៊ីប៉ុន្មានសប្តាហ៍ក្រោយបន្ទាប់ពីមានការលុកលុយចូលប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។
 
បើតាមរបាយការណ៍ក្នុងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ​ស៊ើប​អង្កេត​ Disclose បានឱ្យដឹងថានៅក្នុងខែតុលា ឆ្នាំ ២០២៣ ក្រុមលក់សម្ភារៈចម្រុះរបស់បារាំង Decathlon បានលក់សាខារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីចំនួន ៦០កន្លែងទៅឱ្យក្រុមហ៊ុន Desport ដើម្បីបង្ហាញពីការបញ្ចប់វត្តមានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ 
 
យ៉ាងណាតាមរយៈការអះអាងរបស់ Disclose ការលក់សាខាទៅឱ្យក្រុមហ៊ុន Desport គ្រាន់តែជាការបិទបាំង តែក្រុមហ៊ុនលក់សម្ភារៈ Decathlon នៅតែបន្តផ្គត់ផ្គង់សម្ភារៈមួយចំនួនដូចជាសម្ភារៈដែលមានម៉ាកយ៉េហោ Quechua,Wedze និង Kalenji។ «លើកលែងតែវាមិនមែននោះទេ ហើយនៅក្នុងប៉ុន្មានសប្តាហ៍នេះគឺយើងមិនបានដឹងខ្លួន។»។ នេះបើតាមការលើកឡើងរបស់ការ​ស៊ើប​អង្កេត​ Disclose។
 
ប្រភពដែលមិនបញ្ចេញឈ្មោះ ដែលជាអតីតអ្នកបម្រើការនៅក្នុងក្រុមហ៊ុន Decathlon ក្នុងប្រទេសរុស្ស៊ីបាននិយាយប្រាប់ទៅកាន់ការ​ស៊ើប​អង្កេត​ Disclose ដូច្នេះថា ៖«នេះជាប្រព័ន្ធដ៏ធំដើម្បីលាក់ការនាំចេញរបស់ខ្លួនជាផ្នែកនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយនឹង Desport។ ខ្ញុំបានសិក្សាពីវានៅរដូវក្តៅឆ្នាំ ២០២៣ ថា Decathlon ចង់បន្តលក់ផលិតផលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ខ្ញុំអាចយល់ភ្លាមបានថាជាគម្រោងសម្ងាត់។»។
 
ប្រទេសរុស្ស៊ីត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ទាប់ពីបានវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ហើយបានធ្វើឱ្យកើតមានបញ្ហាជាច្រើនក្នុងតំបន់អឺរ៉ុប ក៏ដូចជាបញ្ហានៅលើសកលលោកផងដែរ។
 
មិនត្រឹមតែមានទណ្ឌកម្មផ្នែកនយោបាយ​ ឬការផ្គត់ផ្គង់ក៏ដូចជាប្រាក់នោះទេទៅលើផ្នែកកីឡាក៏ស្ថាប័នធំៗដូចជា FIFA, UEFA និងស្ថាប័នកីឡាដទៃទៀតបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីមិនឱ្យមានការប្រកួតលំដាប់អន្តរជាតិ ឬរៀបចំការប្រកួតអ្វីផងដែរ៕
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com