កីឡាអន្តរជាតិ
អន្តរជាតិ
សភាអង់គ្លេស ជំរុញ EPL កាត់បន្ថយការផ្សាយពាណិជកម្មភ្នាល់តាមទីលាន ដែលជះឥទ្ធិពលអាក្រក់
21, Dec 2023 , 8:29 pm        
រូបភាព
សមាជិកសភាអង់គ្លេសដ៏មានឥទ្ធិពល អ្នកស្រី Dame Caroline Dinenage ជំរុញ ក្របខណ្ឌ Premier League និងស្ថាប័នកីឡាដទៃផ្សេងទៀតនៅក្នុងប្រទេសអង់គ្លេស កាត់បន្ថយបរិមាណ នៃការផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនល្បែងភ្នាល់នៅតាមទីលានប្រកួត។ នេះបើតាមសម្តីរបស់សមាជិកសភាអង់គ្លេសដ៏មានឥទ្ធិពលមួយរូបបាននិយាយនាថ្ងៃទី២០ ខែធ្នូ។
 
តាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសអង់គ្លេស គណៈកម្មាធិកាវប្បធម៍ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (CMS) បាននិយាយថា ការកាត់បន្ថយផ្ទាំងផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ គឺចាំបាច់ ដើម្បីការពារកុមារពីផលប៉ះពាល់ របស់ក្រុមហ៊ុនភ្នាល់ទាំងអស់នោះ។ លើសពីនេះបើតាមសម្តីអ្នកស្រី Dame Caroline Dinenage ដែលមានតំណែងជាប្រធានក្រុមសភាអង់គ្លេស បានជំរុញឱ្យមានការកាត់បន្ថយឱ្យកាន់តែខ្លាំងបន្ថែមទៀត ចំពោះការផ្សាយស្លាកសញ្ញានៅតាមទីលាន។
 
អំឡុងរដូវកាល ២០២២-២៣ ក្លិបចំនួន ៨ ដែលស្ថិតនៅក្នុងក្របខណ្ឌ Premier League មានស្លាកសញ្ញារបស់ក្រុមហ៊ុនភ្នាល់នៅលើអាវរបស់ពួកគេ។ តម្លៃដែលពួកគេទទួលបានពីក្រុមហ៊ុនភ្នាល់ទាំងនោះប្រមាណ ៦០លានផោន (៧៥លានដុល្លារ)។
 
នៅក្នុងខែមេសា ឆ្នាំ ២០២៣ ​ក្លិបនៅលីគកំពូលរបស់អង់គ្លេសមួយនេះ បានឈានជើងដល់កិច្ចព្រមព្រៀងដំបូងដើម្បីដកការឧបត្ថម្ភល្បែងនៅផ្នែកខាងមុខ នៃអាវប្រកួតនៅចុងបញ្ចប់រដូវកាល ២០២៥-២៦។
 
បើទោះជាមានការកាត់បន្ថយនៅលើអាវរបស់កីឡាករនៃក្លិបនីមួយៗក៏ដោយ ប៉ុន្តែគណៈកម្មាធិការផ្នែកកីឡាក៏នៅតែព្រមានថាវានឹង មិនកាត់បន្ថយបរិមាណនៃការផ្សាយពាណិជកម្មភ្នាល់ដែលមានមើលឃើញនៅលើផ្ទាំង LED អំឡុងការប្រកួតនោះទេ ឬនៅលើដៃអាវរបស់ក្រុមផងដែរ។
 
តាមរយៈរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា ស្លាកសញ្ញាល្បែងស៊ីសងខាងមុខអាវរបស់កីឡាករមានត្រឹមតែ ៧ភាគរយ ប៉ុណ្ណោះ នៃការផ្សាយពាណិជ្ជកម្មល្បែងទាំងអស់ដែលអាចមើលឃើញអំឡុងការប្រកួត ចំនួន ១០។ មិនតែប៉ុណ្ណោះ ក្នុងការប្រកួតចំនួន ៦ ចំណោម១០នោះ ក៏បានបង្ហាញសារអំពីល្បែងជិត ៧,០០០ដង ដែលអាចត្រូវបានគេមើលឃើញក្នុងការប្រកួត។
 
«យើងបានឯកភាពគ្នាក្នុងការដកការឧតម្ថម្ភល្បែងស៊ីសងពីមុខអាវរបស់កីឡាករ បន្ទាប់ពីមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយលីគ និងរដ្ឋាភិបាល។ បច្ចុប្បន្ន Premier League កំពុងធ្វើការជាមួយកីឡាផ្សេងទៀត និងរដ្ឋាភិបាលលើការបង្កើតលក្ខខណ្ឌថ្មីសម្រាប់ការឧបត្ថម្ភល្បែកប្រកបដោយការទទួលខុសត្រូវ ខណៈពេលដែល Premier League មិនមានដៃគូទាក់ទងនឹងល្បែងថ្មីទៀតឡើយ។ ក្លិបរបស់យើងប្រកាន់ខ្ជាប់នូវរាល់តម្រូវការច្បាប់ និងបទប្បញ្ញត្តិដែលចេញពីច្បាប់។»។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្របខណ្ឌ Premier League និយាយទាក់ទងនឹងពាណិជ្ជកម្មភ្នាល់៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com