ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញាសំខាន់ៗមួយចំនួនពីរាងកាយដែលអ្នកមិនគួរធ្វេសប្រហែល
25, Dec 2023 , 6:59 am        
រូបភាព
រាងកាយរបស់មនុស្ស គឺប្រៀបបាននឹងម៉ាស៊ីនដ៏ស្មុគស្មាញបំផុតមួយ។  ជាធម្មតារាងកាយក៏តែងតែបញ្ជូននូវរាល់ពត៌មានដែលទាក់ទងនឹងភាពមិនប្រក្រតីនៃប្រព័ន្ធសរីរាង្គ រួមទាំងប្រព័ន្ធសរីរាង្គអោយយើងបានដឹងតាមរយៈការបញ្ចេញអាការៈ ឬសញ្ញាផ្សេងៗ។ ទោះជាយ៉ាងណា ភាគច្រើននៃពួកយើង គឺតែងតែមើលរំលងមិនអើពើឡើយជាមួយអ្វីដែលរាងកាយព្យាយាមប្រាប់ឡើយ។ ហើយនេះ គឺជាកំហុសដ៏ធំមួយ! ថ្ងៃនេះយើងនឹងបង្ហាញអោយដឹងពីសញ្ញាគួរអោយព្រួយបារម្ភមួយចំនួនដែលរាងកាយអាចបញ្ជូនមក ហើយអ្នកគួរយកចិត្តទុកដាក់យ៉ាងដិតដល់បំផុត ៖
 
១. ស្នាមរង្វង់ខ្មៅក្រោមភ្នែក
 
បញ្ហានេះអាចកើតឡើង ប្រសិនបើអ្នកគេងមិនបានគ្របគ្រាន់។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំអោយអ្នកគេងមិនតិចជាង ៧ ទៅ ៨ ម៉ោងរាល់យប់។ ទោះជាយ៉ាងណា ស្នាមរវង្វង់ខ្មៅក្រោមភ្នែកអាចជាលទ្ធផលនៃអ្វីមួយមិនប្រក្រតីគួរអោយព្រួយបារម្ភ ដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម។ បញ្ហានេះកើតឡើងនៅពេលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមដែលបណ្ដាលអោយស្បែកក្រោមភ្នែកប្រែជាខ្មៅ។
 
២. ភាពប្រែប្រួលនៃពណ៌ម្រាមដៃ
 
ប្រសិនបើអ្នកសម្គាល់ឃើញថា ម្រាមដៃផ្លាស់ប្ដូរពណ៌ជាញឹកញយ នោះវាអាចជារោគសញ្ញាមួយនៃជំងឺ Reynaud’s Syndrome។
 
៣. មើលលែងសូវច្បាស់
 
ប្រសិនបើភ្នែករបស់អ្នកឆាប់នឿយហត់ និងឧស្សាហ៍ព្រិលភ្នែក ឬចាប់ផ្ដើមមើលឃើញអ្វីលែងសូវច្បាស់ បើទោះជាស្ថិតក្នុងចម្ងាយធម្មតាសោះ នោះអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាភ្នែកហើយ។ ដូច្នេះមុននឹងយឺតពេល អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ ឬអ្នកឯកទេសខាងបញ្ហាភ្នែក។
 
៤. សម្លេងក្នុងពោះ
 
សម្លេង ឬសូរលាន់លឺក្នុងពោះ គឺអាចបណ្ដាលមកពីដំណើរការមុខងារនៃពោះវៀន។ ប្រសិនបើបញ្ហានេះកើតឡើងយូរៗម្ដង នោះវាគ្មានអ្វីគួរអោយព្រួយបារម្ភឡើយ។ ប៉ុន្តែប្រសិនបើពោះរបស់អ្នកបង្កើតសម្លេង ឬសូរណាមួយជាប្រចាំ ហើយមានអមមកជាមួយនូវការឈឺចាប់ទៀត នោះអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
 
៥. របកស្បែក
 
ការរបកស្បែក គឺអាចជាការចង្អុលបង្ហាញមួយពាក់ព័ន្ធនឹងកង្វះវីតាមីនក្នុងរាងកាយ។ របបអាហារមានតុល្យភាពអាចកែប្រែស្ថានភាពនៃស្បែកអោយប្រក្រតីវិញបានយ៉ាងលឿន។ ប៉ុន្តែប្រសិនបើការរបក
អមមកជាមួយនូវការរមាស់ នោះអ្នកមិនគួរស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។ បញ្ហានេះអាចបណ្ដាលមកការឆ្លងមេរោគផ្សិត។
 
៦. បាត់បង់សមត្ថភាពក្នុងការហិតដឹងក្លិន
 
ជាធម្មតាចំពោះមនុស្សចាស់ បញ្ហានេះអាចបណ្ដាលមកពីការខូចខាតនៃប្រព័ន្ធសសៃប្រសាទ។ ប៉ុន្តែប្រសិនបើអ្នកនៅវ័យក្មេងសោះ ក៏ជួបប្រទះនឹងបញ្ហាបាត់បង់សមត្ថភាពនៃការដឹងក្លិនដែរនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យភ្លាម។ បញ្ហានេះអាចជាលទ្ធផលនៃរោគឆ្លងណាមួយ ឬផ្ដាសាយធំ។
 
៧. សម្លេងក្នុងត្រចៀក
 
អាការៈហឹងត្រចៀក គឺជាអារម្មណ៍នៃការលឺសំលេងរំខានក្នុងត្រចៀក។ មនុស្សភាគច្រើនព្យាយាមមិនចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ខ្វាយខ្វល់ចំពោះបញ្ហានេះឡើយ ដោយជឿជាក់ថាវាមិនអាចជះឥទ្ធិពលគម្រាមកំហែងអ្វីដល់សុខភាព។ ប៉ុន្តែទោះជាយ៉ាងណា អាការៈហឹងត្រចៀកដែលកើតមានជាប្រចាំមិនបាត់សោះ គឺអាចបណ្ដាលមកពីជំងឺណាមួយហើយ។
 
៨. ភាពខុសទីតាំងធម្មតានៃសន្លាក់ឆ្អឹងស្មា
សន្លាក់ឆ្អឹងស្មារបស់មនុស្សមួយចំនួនអាចមានភាពរលុង ឬអាចធ្វើចលនាមិនប្រក្រតីក្នុងទិសដៅជាច្រើនបាន។ បើទោះជាមិនបង្កការឈឺចាប់ ប៉ុន្តែបញ្ហានេះជាស្ថានភាពគ្រោះថ្នាក់មួយដែលអាចបណ្ដាលអោយមានរបួស និងភ្លាត់ឆ្អឹង៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com