កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់សិង្ហបុរី ដកបម្រាបមួយជីវិតលើអតីតកីឡាករខ្លួន ៤នាក់ ទាក់ទងនឹងការកែប្រែលទ្ធផល
23, Dec 2023 , 2:40 pm        
រូបភាព
អតីតកីឡាករបាល់ទាត់សិង្ហបុរី ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការកែប្រែលទ្ធផល ហើយត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់អស់មួយជីវិត ពេលនេះត្រូវបានសមាគមបាល់ទាត់សិង្ហបុរី (FAS) ដកបម្រាមចេញ។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់សិង្ហបុរី​ នាថ្ងៃទី២១ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មានរបស់ FAS បាននិយាយថា អតីតកីឡាករ Manap Hamat, Mizan Ulot, Abdul Malek Mohammad និង Zulkifli Kartoyoho បានប្តឹងឧទ្ធរណ៍លើការហាមឃាត់របស់ពួកគេដែលត្រូវបានដាក់នៅចន្លោះពីឆ្នាំ ១៩៩៥ ដល់ ១៩៩៨ ដោយគណៈកម្មាធិការវិន័យរបស់ FAS។
 
អតីតកីឡាករលោក ​Mizan ត្រូវបានគេរកឃើញថា មានកំហុសក្នុងការកែប្រែលទ្ធផលការប្រកួតរបស់ក្លិបក្នុងស្រុកចំនួនពីរ នៅក្នុងឆ្នាំ ១៩៩៥ ខណៈលោក Manap និង Abdul Malek ត្រូវបានកាត់ទោលពីបទកែប្រែលទ្ធផលការប្រកួតរវាងក្រុម Balestier Central FC ទល់នឹង Tampines Rovers FC ក្នុងឆ្នាំ ១៩៩៧។ បុរសទាំង ៣ ត្រូវ បានជាប់ពន្ធនាគារ និងពិន័យជាប្រាក់។ 
 
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សិង្ហបុរី លោក Mizan បានសារភាពកំហុសចំពោះការប្រកាន់ចំនួន ២ករណី លើការទទួលប្រាក់កក់កែប្រែលទ្ធផលរបស់ក្លិប Changi United ចាញ់ក្លិប Tiong Bahru និងយកលុយកក់ពីការប្រកួតផ្សេងទៀតសម្រាប់កែលទ្ធផលដូចគ្នានេះ។
 
សម្រាប់លោក Manap ដែលជាខ្សែការពារ និងអតីតអ្នកចាំទីលោក Abdul Malek ក៏បានសារភាពកំហុសចំពោះការចោទប្រកាន់ចំនួន ២ករណី លើការកែប្រែលទ្ធផលការប្រកួតដូចគ្នានេះ ផងដែរ។ ​ រីឯលោក Zulkifli ដែលជាអតីតកីឡាករជម្រើសជាតិសិង្ហបុរី មិនត្រូវបានកាត់ទោសនោះទេ តែរូបលោក ក៏ត្រូវបានហាមឃាតអស់មួយជីវិតពីបាល់ទាត់ ពីបទសមគំនិតជាមួយនឹងលោក Manap និងលោក Malek។
 
​យ៉ាងណាក៏ដោយ បុរសទាំង ៤ ខាងលើ ដែលពាក់ព័ន្ធនឹងកែប្រែលទ្ធផលត្រូវបានទទួលទោសរយៈពេល ២៥ឆ្នាំ​ ហើយមកដល់ពេលនេះ។ ពួកគេទាំង៤ ត្រូវបានសមាគមបាល់ទាត់សិង្ហបុរី សម្រេចដកបម្រាមចេញ នាថ្ងៃទី២១ធ្នូ ឆ្នាំ២០២៣ ។
 
«FAS ជឿជាក់លើគោលការនៃភាពយុត្តិធម៌ និងឱកាសសម្រាប់ការលើកលែងទោស។ ការសម្រេចចិត្តប្រកបដោយក្តីមេត្តានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យមានតុល្យភាពវិធានការដាក់ទណ្ឌកម្មជាមួយនឹងជំនឿលើសក្តានុពលសម្រាប់ការស្តារនីតិសម្បទា ខណៈដែលការបញ្ជាក់ឡើងវិញថា ជំហរបស់យើងប្រឆាំង នឹងការដោះស្រាយការប្រកួតនៅតែមិនផ្លាស់ប្តូរ។»។ នេះបើតាមសេចក្តីប្រកាសរបស់ FAS ក្រោយការប្រកាសដកបម្រាមរួច៕

Tag:
 (សិង្ហបុរី
  បាល់ទាត់)
© រក្សាសិទ្ធិដោយ thmeythmey.com