លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញមន្ត្រីនគរបាលចំនួន១១នាក់នៅខេត្តព្រៃវែង ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុនៃការបណ្តេញចេញនេះ គឺដោយសារមន្ត្រីទាំងនេះ ល្មើសវិន័យរបស់កង់កម្លាំងនគរបាលជាតិ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿនញៀន។
បើតាមសេចក្តីសម្រេចរបស់លោក ស សុខា ចុះនៅថ្ងៃទី២២ធ្នូ មន្ត្រីនគរបាលទាំង១១នាក់ ដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌនោះ មានលោក វណ្ណ តារា នាយករងការិយាល័យរដ្ឋបាល លោក ឌុច រតនា នាយរងផ្នែករដ្ឋបាលសរុបនៃការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ, លោក វណ្ណៈ សុវឌ្ឍនា នាយរងផ្នែកហ្វឹកហាត់ និងពន្លតអគ្គិភ័យនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, លោក ស៊ុក ច័ន្ទតារា នាយរងផ្នែកចល័តការពារ នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។
លោក រិទ្ធ ផានិក នាយរងផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោក រិន ចិន្តា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ,លោក សន ពិសិដ្ឋ នាយរងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង។ លោក សុវណ្ណ ពិសិដ្ឋ , លោក សេក ពិសី ,លោក ឈឿន តារា និង លោក វ៉ា ចាន់ថុនា។ អ្នកទាំងនេះ គឺសុទ្ធសឹង ជាមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
លោក ស សុខា បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបប ឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលទាំង៩នាក់ខាងលើ នឹងត្រូវលុបចេញពីក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ។
កាលដើមខែធ្នូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបំភ្លឺ ពីការបើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។
ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។ បន្ទាប់ពីរកឃើញបែបនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។
គួររំឭលថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា បានដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញ លោក សួន តុសិត្យពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ បន្ទាប់ពីរកឃើញមន្ត្រីរួបនេះជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការបន្សុទ្ធកម្លាំងប្រដាប់អាវុធទាំងអស់កុំឱ្យមានគ្រឿងញៀន។ ក្នុងករណី មន្ត្រីណាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ធ្នូ សម្តេចបាននិយាយដូច្នេះ៖៖«ចំពោះអ្នកជួញដូរគ្រឿងញៀន គឺត្រូវប្រឈមជាមួយច្បាប់និងបណ្តេញពីក្របខ័ណ្ឌ ហើយជនបរទេសបើមានការពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវអនុវត្តតាមច្បាប់របស់កម្ពុជានឹងត្រូវបណ្តេញចេញពីកម្ពុជាតែម្តង»៕