អន្តរជាតិ
អាម៉េរិកបង្កើនថវិកាការពារជាតិឆ្នាំ២០២៤ ៣ភាគរយ ដោយបន្តជាប្រទេសចំណាយលើយោធាធំបំផុត
23, Dec 2023 , 6:00 pm        
រូបភាព
រូបភាព U.S. Air Force
រូបភាព U.S. Air Force
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២២ ខែធ្នូ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិឱ្យចូលជាធរមាន។ ច្បាប់គោលនយោបាយការពារជាតិនេះ អនុញ្ញាតឱ្យអាម៉េរិក បង្កើនការចំណាយលើយោធា ដល់ ៨៨៦ពាន់លានដុល្លារ ដោយកើនឡើង ៣ភាគរយ។
 
ជាផ្លូវការ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិអាម៉េរិក ដោយផ្តោតលើតៃវ៉ាន់ សន្តិសុខជាតិ ចិន និងការដំឡើងប្រាក់បៀវត្សជាដើម។ 
 
ទន្ទឹមនេះ ច្បាប់គោលនយោបាយការពារជាតិនេះ អនុញ្ញាតឱ្យអាម៉េរិក បង្កើនការចំណាយលើយោធា ៨៨៦ពាន់លានដុល្លារ ដោយកើនឡើង ៣ភាគរយ បើធៀបនឹងឆ្នាំមុន។ ទំហំនេះ ធ្វើឱ្យអាម៉េរិកបន្តជាប្រទេសចំណាយលើយោធា ក្នុងទំហំដ៏ច្រើនបំផុត ដោយនាំមុខចិនប្រមាណ ៤ដង នៃការចំណាយលើយោធា។ ចិនជាប្រទេសចំណាយលើយោធាដ៏ច្រើនបំផុតលើពិភពលោក លំដាប់ទី២ ហើយនៅក្នុងឆ្នាំ២០២២ យក្សអាស៊ីមួយនេះ បានចំណាយប្រមាណ ២២៤លានដុល្លារ។
 
ក្រោមច្បាប់នេះផងដែរ អាម៉េរិក បានហាមឃាត់ការទិញថ្មផ្ទុកថាមពលពីក្រុមហ៊ុនចិនជាច្រើនផងដែរ ដើម្បីការពារសន្តិសុខថាមពលក្នុងយោធាខ្លួន។ មិនតែប៉ុណ្ណោះ អាម៉េរិក បានអំពាវនាវឱ្យពង្រឹងភាពជាដៃគូជាមួយតៃវ៉ាន់ រួមទាំងកែលម្អសមត្ថភាពការពារជាតិប្រទេសមួយនេះ និងអភិវឌ្ឍទំនាក់ទំនងប្រកបដោយមិត្តភាពជាមួយចិន។ 
 
ចំណែកជំនួយទៅអ៊ុយក្រែនវិញ ច្បាប់គោលនយោបាយការពារជាតិ បានបន្តគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលមានទំហំត្រឹម ៣០០លានដុល្លារប៉ុណ្ណោះ។ ក្រោមជំនួយនេះ អាម៉េរិកនឹងបន្តជួយអ៊ុយក្រែនរហូតដល់ ឆ្នាំ២០២៦។ 
 
យ៉ាងណាមិញ ទំហំនេះ គឺទាបខ្លាំង បើធៀបនឹងជំនួយសន្តិសុខ ដែលប្រធានាធិបតីអាម៉េរិកស្វះស្វែងសម្រាប់អ៊ុយក្រែនកន្លងមក ដែលមានទំហំប្រមាណ ៨១ពាន់លានដុល្លារ៕ 

Tag:
 (អាម៉េរិក
  ចិន
  តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com