អន្តរជាតិ
ចិន គ្រោងរឹតត្បិតអ្នកលេងហ្គេមមិនឱ្យចំណាយលុយច្រើនហួសហេតុ
23, Dec 2023 , 8:20 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
និយ័តករចិន នៅថ្ងៃទី២២ ខែធ្នូ គ្រោងរឹតត្បិតហ្គេមអនឡានទ្រង់ទ្រាយធំ តាមរយៈការកំណត់ការចំណាយលុយរបស់អ្នកលេងហ្គេមក្នុងប្រទេសខ្លួន។ ផែនការនេះ បានធ្វើឱ្យភាគហ៊ុននៃក្រុមហ៊ុនហ្គេមជាច្រើនធ្លាក់ចុះយ៉ាងខ្លាំង។
 
រដ្ឋបាលបោះពុម្ភផ្សាយ និងសារព័ត៌មានជាតិចិន (NPPA) នៅថ្ងៃទី២២ ខែធ្នូ បានបញ្ចេញសេចក្តីព្រាងច្បាប់មួយ ដែលនឹងកំណត់ការចំណាយលុយរបស់អ្នកប្រើប្រាស់លើហ្គេមអនឡាន ក្នុងនោះមានដូចជាការកំណត់ចំនួនការដាក់ប្រាក់ទៅក្នុងគណនីហ្គេម និងការផ្តល់រង្វាន់ពីហ្គេមដ៏ច្រើនសន្ធឹក។ 
 
ការផ្តល់រង្វាន់ដ៏ច្រើននៅក្នុងហ្គេម សុទ្ធតែជាការលើកទឹកចិត្តឱ្យអ្នកលេងដាក់ប្រាក់ច្រើន ដើម្បីទទួលបានសម្ភារៈល្អ និងស្អាតៗនៅក្នុងហ្គេម។
 
បន្ទាប់ពីផែនការទាំងនោះត្រូវបានបញ្ចេញ ភាគហ៊ុនក្រុមហ៊ុនហ្គេមធំៗ បានធ្លាក់ចុះយ៉ាងខ្លាំង។ ភាគហ៊ុនក្រុមហ៊ុនហ្គេម Tencent បានធ្លាក់ចុះប្រមាណ ១៦,៨ភាគរយនៅហុងកុង។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន NetEase បានធ្លាក់ចុះប្រមាណ ២៨ភាគរយ។ 
 
ជាការពិត ប្រសិនបើវិធានការរឹតត្បិតខាងលើ ត្រូវបានអនុវត្ត ក្រុមហ៊ុនហ្គេមធំៗ នឹងប៉ះពាល់ខ្លាំងលើបញ្ហាហិរញ្ញវត្ថុ។ 
 
លោក Charlie Chai អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ 86 Research ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ បានយល់ឃើញថា ក្រុមហ៊ុនហ្គេមយក្ស នឹងប៉ះពាល់ដល់ចំណូលខ្លាំង ប្រសិនបើ ការកំណត់ការចំណាយលុយរបស់អ្នកប្រើប្រាស់លើហ្គេមអនឡានត្រូវបានអនុវត្ត។ នេះបើតាមការចុះផ្សាយរបស់ទស្សវដ្តី Forbes។ 
 
សូមបញ្ជាក់ថា ឧស្សាហកម្មហ្គេមនៅចិន មានទំហំ ៤៥ពាន់លានដុល្លារ ដែលជាចំនួនដ៏ធំជាងគេបំផុតនៅលើពិភពលោក។ កន្លងមក ចិន បានដាក់វិធានការជាច្រើន ដើម្បីការពារប្រជាជនខ្លួន ជាពិសេសក្មេងៗ ញៀនជាមួយហ្គេមអនឡាញ៕ 

Tag:
 (ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com