អន្តរជាតិ
ឡាវ ប្តេជ្ញាដោះស្រាយវិបត្តិមីយ៉ាន់ម៉ាឱ្យអស់ពីលទ្ធភាព
23, Dec 2023 , 10:30 pm        
រូបភាព
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Ta
ក្រុមប្រដាប់អាវុធជនជាតិភាគតិច Ta'ang National Liberation Army (TNLA)។ រូបភាព AFP
ឡាវ នឹងចាប់ផ្តើមកិច្ចការជាប្រធានផ្លាស់វេនអាស៊ាន នៅក្នុងឆ្នាំ ២០២៤ ស្របពេលវិបត្តិមីយ៉ាន់ម៉ា នៅតែបន្តជាបញ្ហាដ៏សំខាន់ និងស្មុគស្មាញ។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេសថៃមួយរូប ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ បានអះអាងថា ថៃត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រឡាវ ធ្វើជាប្រធានអាស៊ាន និងចាប់ផ្តើមការងារដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
 
បន្ទាប់ពីឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ២០២៣ ឡាវ នឹងធ្វើជាប្រធានផ្លាស់វេនអាស៊ាន នៅក្នុងឆ្នាំ២០២៤ ខណៈអាស៊ាន មានបញ្ហាប្រឈមជាច្រើនត្រូវដោះស្រាយ ក្នុងនោះមានបញ្ហាមីយ៉ាន់ម៉ាផង។ 
 
មុនឡាវកាន់កិច្ចការជាប្រធានអាស៊ាន លោក Parnpree Bahidda-nukara រដ្ឋមន្រ្តីការបរទេសថៃ បានជួបជាមួយសមភាគីឡាវ លោក Saleumxay Kommasith នៅក្រៅកិច្ចប្រជុំអាស៊ាន-ឡាវ នៅដើមសប្តាហ៍មុន។ 
 
តាមការបញ្ជាក់របស់លោកស្រី Usana Berananda អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ានរបស់ក្រសួងការបរទេសថៃ ឡាវមានបំណងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលមានការប្រយុទ្ធគ្នាច្រើនជាង ៧០ឆ្នាំមកហើយ។ 
 
«ឡាវ នឹងខិតខំឱ្យអស់លទ្ធភាព ដោយសារប្រទេសទាំងពីរជាប្រទេសជិតខាង និងមានភាគីពាក់ព័ន្ធជាច្រើននៅមីយ៉ាន់ម៉ា»។ មន្រ្តីជាន់ខ្ពស់ថៃ បានបញ្ជាក់បែបនេះ។ បន្ថែមពីនេះ លោកស្រី Usana បានអះអាងថា រដ្ឋាភិបាលក្រុងបាងកកត្រៀមខ្លួនជាស្រេច ក្នុងការជួយគាំទ្រក្រុងវៀងចន្ទន៍ ធ្វើជាប្រធានផ្លាស់វេន ហើយក៏មិនដាក់សម្ពាធលើប្រធានផ្លាស់វេនដែរ។ 
 
ទន្ទឹមនេះ លោកស្រី Usana បានរម្លឹកពីជំនួបរវាងរដ្ឋមន្រ្តីការបរទេសថៃ និងឡាវ នៅជប៉ុន។ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ លោក Parnpree បានប្រាប់សមភាគីឡាវថា ថៃ កំពុងធ្វើការលើជំនួយមនុស្សធម៌ជាមួយមីយ៉ាន់ម៉ា។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសឡាវ អះអាងថា លោកគាំទ្រកិច្ចខិតខំរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
សូមបញ្ជាក់ថា វិបត្តិមីយ៉ាន់ម៉ា បានអូសបន្លាយជាង ២ឆ្នាំមកហើយ បើចាប់តាំងពីមានរដ្ឋប្រហារយោធា នៅក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ស្ថានភាពក្នុងពេលបច្ចុប្បន្ន ក៏មានលក្ខណៈផុយស្រួយថែមទៀត ដោយសារក្រុមប្រដាប់អាវុធជនជាតិភាគតិច បានបើកប្រតិបត្តិការ ១០២៧ ដើម្បីវាយប្រហារលើយោធា និងដណ្តើមប៉ុស្តិយោធា និងប៉ូលិសជាច្រើននៅភាគខាងជើង៕

Tag:
 (ឡាវ
  មីយ៉ាន់ម៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com