កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ Super League ឈ្នះក្តីនៅតុលាសហភាពអឺរ៉ុប តែក្លិបនិងលីគអឺរ៉ុបបដិសេធមិនចូលរួម
24, Dec 2023 , 2:40 pm        
រូបភាព
​ក្លិប និងលីគធំៗនៅទូទាំងទ្វីបអឺរ៉ុប បានច្រានចោលក្របខណ្ឌ European Super League (ESL) បើទោះជាលីគដែលគ្រោងបង្កើតឡើងដើម្បីបំបែកខ្លួនចេញពីលីគក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ទើបឈ្នះក្តីនៅតុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) នាថ្ងៃទី២១ ខែធ្នូ និងទទួលសិទ្ធិក្នុងការបើកដំណើរការលីគក៏ដោយ។
សាលក្រមពីតុលាសហភាពអឺរ៉ុបបានកាត់ក្តីផ្តល់ជ័យជម្នះដល់ European Super League ក្នុងការបើកដំណើរការលីគរបស់ខ្លួន ហើយដោយក្នុងសាលក្រមនោះទៀតសោត បានចោទប្រកាន់ថា សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបំពានច្បាប់របស់សហភាពអឺរ៉ុបដោយការរារាំងការបង្កើតក្របខ័ណ្ឌ ​European Super League។
  


​ការសម្រេចចិត្តនេះបានជំរុញឱ្យមានអំណះអំណាងដែលកើតឡើងជុំវិញផែនការ ESL កាលពីដើមឆ្នាំ ២០២១ ខណៈដែល ECJ បានសម្រេចចិត្តប្រឆាំងនិងគោលការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ធំៗ ដែលបានដាក់កម្រិតទៅលើលីគថ្មី។ ទោះជា ESL ឈ្នះលើរឿងក្តីក៏ដោយ ប៉ុន្តែមិនទាន់បានន័យថាលីគថ្មីមួយនេះនឹងអាចត្រូវបានវិនិច្ឆ័យ សម្រាប់ការបង្កើតភ្លាមៗនោះឡើយ។
 
កាលពីឆ្នាំ ២០២១ គម្រោងនៃការបង្កើតលីគថ្មី ដែលមានសមាសភាពក្លិបយក្សចំនួន ១២ ចូលរួម និងស្នើបង្កើតលីគបំបែកខ្លួនចេញពីលីគក្រោមការគ្រប់គ្រងរបស់ UEFA បានធ្វើឱ្យមានការតវ៉ាយ៉ាងខ្លាំងនៅចំណោមអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក និងត្រូវបានគំរាមកំហែងដោយស្ថាប័ន UEFA រហូតដល់ក្លិបស្ថិតក្នុងគ្រោងការណ៍ចំនួន ៩ បានដកខ្លួនចេញភ្លាមៗ។ មកដល់បច្ចុប្បន្នមានតែក្លិបចំនួន ៣ ប៉ុណ្ណោះ Real Madrid, Barcelona និង Juventus ដែលបន្តស្ថិតនៅក្នុងគម្រោងការបង្កើតលីគថ្មី ចាប់តាំងពីឆ្នាំ ២០២១ មក។
 
យ៉ាងណាក្រោយពេលមានសាលក្រមពីតុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) ចំពោះការផ្តល់សិទ្ធិបង្កើតលីគថ្មី ESL ក្លិប Manchester United ជាក្លិបដំបូងគេបង្អស់ដែលបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលេងនៅក្នុងការប្រកួតដែលគ្រប់គ្រងដោយស្ថាប័ន UEFA ដូចជាក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich ដែលបានប្រកាសគោលជំហខ្លួនបែបនេះដូចគ្នា។ ក្រុមបិសាចក្រហម កាលឆ្នាំ ២០២១ ក៏ជាក្លិបមួយស្ថិតនៅក្នុងគម្រោងក្លិបទាំង ១២ ដែលព្យាយាមស្នើសុំបង្កើតលីគថ្មី ESL។ 
 
«ជំហររបស់យើងមិនផ្លាស់ប្តូរទេ យើងប្តេជ្ញាចិត្តយ៉ាងពេញលេងក្នុងការចូលរួមនៅក្នុងការប្រកួតរបស់ UEFA និងកិច្ចសហប្រតិបត្តិការជាវិជ្ជមានជាមួយនឹង UEFA, Premier League និងក្លិបផ្សេងទៀតតាមរយៈសមាគមក្លិបបាល់ទាត់អឺរ៉ុប (ECA) លើការអភិវឌ្ឍន៍បន្តនៃការប្រកួតនៅអឺរ៉ុប។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Man United។
 
ដោយឡែកសម្រាប់ស្ថាប័នលីគកំពូល Premier League របស់អង់គ្លេសវិញ ក៏បានចេញមុខបដិសេធចំពោះគំនិតនៃការបង្កើតលីគ ESL ដែលទើបទទួលបានការទទួលស្គាល់របស់តុលាការ​ ECJ ផងដែរ។
 
បើតាមការប្រកាសរបស់ ​Premier League ប្រឆាំងនឹងសាលក្រមផ្តល់ឱ្យ ESL ដូច្នេះ ៖ «សេចក្តីសម្រេចនេះមិនគាំទ្រអ្វីដែលគេហៅថា European Super League ហើយ Premier League នៅតែបន្តបដិសេធគំនិតបែបនេះ។ អ្នកគាំទ្រមានសារៈសំខាន់ចំពោះការប្រកួតនេះ ហើយពួកគេមានពេលម្តងហើយម្តងទៀត បានបញ្ជាក់យ៉ាងច្បាស់ពីការប្រឆាំងរបស់ពួកគេចំពោះការប្រកួតប្រជែងដែលនឹងបំបែកចេញ ដែលបំបែកទំនាក់ទំនងរវាងបាល់ទាត់ក្នុងស្រុក និងអឺរ៉ុប។»។
 
មុនពេលដែលក្លិប Man United និងក្របខ័ណ្ឌ Premier League បានប្រកាសបដិសេធមិនទទួលស្គាល់ និងមិនចូលរួមការប្រកួតលីគថ្មី ESL ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich ជាក្លិបមួយដំបូងគេបង្អស់ដែលបានចេញសេចក្តីប្រកាសគាំទ្រដល់ UEFA និងប្រឆាំងការផ្តល់សិទ្ធិដល់ ESL។
 
លើសពីនេះទៅទៀតសមាគមលីគអាជីពបារាំង (LFP) ក៏បានប្រកាសថាខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកួតដែលរៀបចំដោយសហព័ន្ធបាល់ទាត់ UEFA និងប្រឆាំងចំពោះការបង្កើតលីគ ESL ដែលគ្រោងបំបែកខ្លួន។ សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក៏បានបង្ហាញគោលជំហរបស់ខ្លួន ដើម្បីការពារគោលការណ៍ទូទៅនៃគុណសម្បត្តិកីឡា និងគោលការប្រកួតតាមប្រតិទិនអន្តរជាតិដែលបានរៀបចំទុករួចជាស្រេច។
 
​រឿងរ៉ាវហាក់មានការប្រឆាំងខ្លាំងឡើង ក្រោយពេលដែលការប្រកាសសាលក្រម ដោយ UEFA, FIFA, សមាគមអ្នកគាំទ្របាល់ទាត់អឺរ៉ុប, La Liga, សមាគមបាល់ទាត់អឺរ៉ុប (ECA), សមាគមលីគអឺរ៉ុប និងសមាគមកីឡាករបាល់ទាត់អាជីពតំបន់អឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយបានលើកឡើងដូច្នេះថា ៖ « ទីនេះមិនមានកន្លែងសម្រាប់ប្រភេទលីគ Super League ណាមួយនៅក្នុងទ្វីបអឺរ៉ុបនោះទេ គុណសម្បត្តិកីឡាគឺជាអ្វីដែលអាចរាប់បាន។»៕

Tag:
 (European Super League
  អឺរ៉ុប)
© រក្សាសិទ្ធិដោយ thmeythmey.com