អន្តរជាតិ
ប្រធានាធិបតីវៀតណាមបញ្ជាឱ្យស្ថាប័នតុលាការជួយប្រជាជនក្នុងការការពារយុត្តិធម៌
25, Dec 2023 , 9:59 am        
រូបភាព
ប្រធានាធិបតីវៀតណាម លោក  វូ វ៉ាន់ធឿង។ រូបភាព AFP
ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ធឿង។ រូបភាព AFP
ប្រធានាធិបតីវៀតណាម  វូ វ៉ាន់ធឿង នៅថ្ងៃទី២៤ ខែធ្នូ បានបញ្ជាឱ្យស្ថាប័នតុលាការមានការកែលម្អសមត្ថកិច្ចរបស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថល ដើម្បីអាចផ្តល់សេវាដ៏ប្រសើរសម្រាប់ប្រជាជន និងកសាងស្ថាប័នតុលាការ ដែលជួយប្រជាជនក្នុងការការពារយុត្តិធម៌ សិទ្ធិមនុស្ស និងសិទ្ធិប្រជាជន។
 
នៅថ្ងៃទី២៤ ខែធ្នូ លោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការបានចូលរួមក្នុងសន្និសីទជាតិ ដែលបានធ្វើឡើងនៅក្នុងក្រុងដាណាង ដើម្បីដាក់ចេញកិច្ចការមួយចំនួនសម្រាប់វិស័យតុលាការ។ 
 
ក្នុងសន្និសីទនោះ លោកប្រធានាធិបតី បានលើកឡើងថា កន្លងមក តុលាការនៅគ្រប់ជាន់ថ្នាក់ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការកាត់ទោសលើករណីអំពើពុករលួយជាច្រើន និងបានសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងករណីធំៗថែមទៀត។ មេដឹកនាំវៀតណាម បានអះអាងថា ភាពជោគជ័យទាំងនោះ ទទួលបានការសាទរពីប្រជាជនយ៉ាងខ្លាំង។ 
 
បន្ថែមពីនេះ លោក វូ ក៏បញ្ជាឱ្យកែលម្អលើសមត្ថកិច្ចរបស់តុលាការតាមរយៈប្រព័ន្ធឌីជីថល និងផ្តល់សេវាតុលាការដ៏សមស្របសម្រាប់ប្រជាជន និងកសាងរូបភាពតុលាការ ដែលជាការជួយគាំទ្រប្រជាជន ក្នុងការការពារយុត្តិធម៌ សិទ្ធិមនុស្ស និងសិទ្ធិប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Vietnam News។ 
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋរូបនេះ ស្នើឱ្យគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម និងមន្រ្តីនៅគ្រប់កម្រិតទាំងអស់ ចាត់វិធានការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងធានាពីឯករាជ្យភាព។ លើសពីនេះ លោក វូ ក៏បានកត់សម្គាល់ពីបន្ទុកកាន់តែច្រើនរបស់តុលាការ ស្របពេលសេដ្ឋកិច្ចប្រទេស ជំនួញ រដ្ឋបាលកាន់តែរីកធំផងដែរ។ 
 
គួររម្លឹកថា កន្លងមក វៀតណាម បានបោសសម្អាតអំពើពុករលួយយ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ដោយមានចាប់តាំងពីមន្រ្តីថ្នាក់តំបន់ រហូតដល់ឋានៈរដ្ឋមន្រ្តី៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com