អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ស្នើក្រុមហ៊ុនដំឡើងប្រាក់បៀវត្សកាន់តែខ្ពស់សម្រាប់បុគ្គលិកនៅឆ្នាំ២០២៤
25, Dec 2023 , 3:19 pm        
រូបភាព
លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ឆ្វេង) ចាប់ដៃជាមួយលោក Masakazu Tokura ប្រមុខក្រុមអ្នកបញ្ចុះបញ្ចូលធុរកិច្ចដ៏មានឥទ្ធិពល Keidanren នៅថ្ងៃទី២៥ ខែធ្នូ។ រូបភាព Kyodo
លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ឆ្វេង) ចាប់ដៃជាមួយលោក Masakazu Tokura ប្រមុខក្រុមអ្នកបញ្ចុះបញ្ចូលធុរកិច្ចដ៏មានឥទ្ធិពល Keidanren នៅថ្ងៃទី២៥ ខែធ្នូ។ រូបភាព Kyodo
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៥ ខែធ្នូ បានស្នើក្រុមហ៊ុនដំឡើងប្រាក់ខែឱ្យបានរហ័សនៅក្នុងឆ្នាំ២០២៤ ព្រោះវាសំខាន់សម្រាប់ប្រជាជនក្នុងការចំណាយថ្លៃរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យអតិផរណាមានស្ថិរភាព។
ក្នុងកិច្ចប្រជុំមួយ រៀបចំដោយក្រុមអ្នកបញ្ចុះបញ្ចូលធុរកិច្ចដ៏មានឥទ្ធិពលនៅក្នុងប្រទេស​ Keidanren នៅថ្ងៃទី២៥ ខែធ្នូ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានអំពាវនាវឱ្យក្រុមហ៊ុនដំឡើងប្រាក់បៀវត្សកាន់តែខ្ពស់ ស្របពេលការចំណាយថ្លៃរស់នៅកាន់តែថ្លៃ។ 
 
«ខ្ញុំចង់ស្វះស្វែងរកកិច្ចសហប្រតិបត្តិការរបស់អ្នកដើម្បីធ្វើឱ្យប្រាក់បៀវត្សឆ្នាំក្រោយខ្ពស់ជាងនៅក្នុងឆ្នាំនេះ»។ លោក គីស៊ីដា បានបញ្ជាក់បែបនេះ ដោយបន្តថា វាចាំបាច់ជួយគាំទ្រចំពោះចំណូលរបស់ប្រជាជន ខណៈការកាត់បន្ថយពន្ធ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ។ 
 
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីធ្វើឡើង មុនពេលមានការចរចាដំឡើងប្រាក់បៀវត្សរវាងអ្នកគ្រប់គ្រង និងសហភាពការងារ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលជប៉ុន និងធនាគារកណ្តាល បានយល់ឃើញពីភាពចាំបាច់នៃការដំឡើងប្រាក់បៀវត្សរបស់ប្រជាជន ដើម្បីដោះស្រាយការចំណាយថ្លៃរស់នៅ និងសម្រេចបានការធ្វើឱ្យអតិផរណាមានស្ថិរភាព។ អត្រាអតិផរណាជាមធ្យមនៅជប៉ុន មានទំហំ៣,២១ភាគរយ នៅក្នុងឆ្នាំ២០២៣។ 
 
ចាប់តាំងពីថ្ងៃទី១ ខែតុលាមក ប្រាក់អប្បបរមាក្នុងមួយម៉ោងនៅជប៉ុន បានកើនពី ៧,៥៣ដុល្លារ ទៅ៧,៨១ដុល្លារ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលជប៉ុន បានឯកភាពកាត់បន្ថយពន្ធលើប្រាក់ចំណូលប្រមាណ២៦៦ដុល្លារ ក្នុងមួយនាក់ ចាប់ពីខែមិថុនាផងដែរ។ 
 
បន្ថែមពីនេះ អ្នករកប្រាក់ចំណូលបានកម្រិតទាប ត្រូវលើកលែងចំពោះការបង់ពន្ធ ហើយថែមផ្តល់ជូនប្រាក់ប្រមាណជិត៥០០ដុល្លារថែមទៀត ដើម្បីដោះស្រាយជាមួយបញ្ហាអតិផរណានៅក្នុងប្រទេស៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com