អន្តរជាតិ
អ៊ុយក្រែនប្រារព្ធពិធីបុណ្យគ្រីស្មាស់នៅថ្ងៃទី២៥ ខែធ្នូលើកដំបូង ដោយឈប់អនុវត្តតាមរុស្ស៊ីតទៀត
25, Dec 2023 , 6:06 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
គ្រិស្តសាសនិកនិកាយ Orthodox អ៊ុយក្រែន កំពុងអបអរ ពិធីបុណ្យគ្រីស្មាស់នៅថ្ងៃទី២៥ ខែធ្នូលើកដំបូង ដែលមាននៅក្នុងប្រតិទិន Gregorian របស់ប្រទេសលោកខាងលិច។ ក្នុងប្រតិទិន Julian រុស្ស៊ីអបអរថ្ងៃគ្រីស្មាស់ នៅថ្ងៃទី៧ ខែមករា។
ដោយសារតែសង្រ្គាមឈ្លានពានពីរុស្ស៊ី អ៊ុយក្រែន មិនចង់អនុវត្តប្រពៃណីដូចប្រទេសជិតខាងខ្លួនទៀតហើយ ដោយនៅក្នុងខែកក្កដា អ៊ុយក្រែន បានកែប្រែច្បាប់ឈប់ប្រកាន់យកបេតិកភណ្ឌរបស់រុស្ស៊ី ដែលអបអរថ្ងៃបុណ្យគ្រីស្មាស់ នៅថ្ងៃទី៧ ខែមករា។ 
 
បានសេចក្តីថា អ៊ុយក្រែន ចាប់ផ្តើមអបអរបុណ្យគ្រីស្មាស់ នៅថ្ងៃទី២៥ ខែធ្នូ វិញម្តង ដែលមាននៅក្នុងប្រតិទិន Gregorian បើទោះប្រជាជនជាច្រើន ជាគ្រិស្តសាសនិកនិកាយ Orthodox ក៏ដោយ។ កន្លងមក គ្រិស្តសាសនិកនិកាយ Orthodox នៅអ៊ុយក្រែន និងរុស្ស៊ី តែងធ្វើបុណ្យគ្រីស្មាស់ នៅថ្ងៃទី៧ ខែមករា ដោយគោរពតាមប្រតិទិន Julian។ 
 
ក្នុងសារទៅកាន់ប្រជាជននៅថ្ងៃទី២៤ ខែធ្នូ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ពេលនេះ ប្រជាជនអ៊ុយក្រែន គឺស្ថិតនៅជាមួយគ្នាទាំងអស់ ដោយទំនងជំរុញឱ្យគ្រិស្តសាសនិកនិកាយ Orthodox និង Catholic អបអរថ្ងៃគ្រីស្មាស់តែមួយ ពោលគឺថ្ងៃទី២៥ ខែធ្នូ។ 
 
«យើងទាំងអស់គ្នាអបអរថ្ងៃគ្រីស្មាស់ជាមួយគ្នា។ នៅក្នុងថ្ងៃតែមួយ ក្នុងនាមជាគ្រួសារដ៏ធំមួយ ជាប្រជាជាតិមួយ និងជាប្រទេសមានការរួបរួមគ្នាមួយ»។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់បែបនេះ។ 
 
សូមបញ្ជាក់ថា នេះជាចំណាត់ការថ្មីមួយទៀតរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលមិនចង់មានប្រពៃណីដូចរុស្ស៊ី ដែលកំពុងឈ្លានពានខ្លួន។ កន្លងមក អ៊ុយក្រែន បានប្តូរឈ្មោះផ្លូវ និងដកចោលរចនាសម្ព័ន្ធណា ដែលមានពាក់ព័ន្ធនឹងរុស្ស៊ី៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com