អន្តរជាតិ
វៀតណាម ចាប់ចៅហ្វាយខេត្តម្នាក់ពាក់ព័ន្ធនឹងការបូមខ្សាច់ខុសច្បាប់នៅទន្លេមេគង្គ
26, Dec 2023 , 9:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
វៀតណាម បានខ្លួនមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងខេត្តភាគខាងត្បូងអានយ៉ាង (An Giang) ក្នុងថ្ងៃទី២៥ ខែធ្នូ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការបូមខ្សាច់ខុសច្បាប់ ក្នុងដីសណ្ដទន្លេមេគង្គ។
ការបូមខ្សាច់ ដែលត្រូវប្រើប្រាស់យ៉ាងសំខាន់សម្រាប់សំណង់ មានសកម្មភាពយ៉ាងខ្លាំងក្លា នៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបូមខ្សាច់ដ៏ច្រើនបែបនេះ ត្រូវបានអ្នកជំនាញព្រមានថា អាចប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ 
 
តាមសេចក្តីប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៥ ខែធ្នូ លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជន ដែលជាចៅហ្វាយខេត្តអានយ៉ាង (An Giang) ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភអំណាចលើការបូមខ្សាច់ខុសច្បាប់។ ខេត្តភាគខាងត្បូងវៀតណាមមួយនេះ នៅជាប់ទន្លេមេគង្គ ដែលមានសកម្មភាពបូមខ្សាច់យ៉ាងខ្លាំង។ 
 
«លោក Binh ដែលមានវ័យ៥៩ឆ្នាំ បានរំលោភបំពានអំណាច ជ្រៀតជ្រែក និងបានចេញបញ្ជាដែលនាំឱ្យក្រុមហ៊ុន Trung Hau 68 អាចបូមខ្សាច់ដ៏ច្រើនលើសលុបនៅក្នុងខេត្ត An Giang និងយកលុយដាក់ហោប៉ៅដ៏ច្រើនសន្ធឹក»។ ក្រសួងសន្តិសុខសាធារណៈ បានសង្កត់ធ្ងន់បែបនេះ។ បន្ថែមពីនេះ ប៉ូលិស ក៏បានឆែកឆេរផ្ទះរបស់មន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែធ្នូ ផងដែរ។ 
 
កន្លងមក ប៉ូលិសបានអះអាងថា ក្រុមហ៊ុន Trung Hau 68 បានបូមខ្សាច់ច្រើនជាង៤,៧លានម៉ែត្រគូបឯណោះ បើទោះអាជ្ញាប័ណ្ណអនុញ្ញាតឱ្យបូមខ្សាច់ត្រឹមចំនួន១ភាគ៣នៃចំនួននោះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
នៅក្នុងខែសីហាកន្លងមក វៀតណាមក៏បានចាប់ខ្លួនអនុប្រធានគណៈកម្មាធិការប្រជាជនក្នុងខេត្ត An Giang ពាក់ព័ន្ធនឹងបទចោទទទួលប្រាក់៥ម៉ឺនដុល្លារលើការបូមខ្សាច់នេះដែរ។
 
ក្នុងរបាយការណ៍របស់មូលនិធិសត្វព្រៃពិភពលោក (WWF)ក្នុងខែសីហា អ្នកជំនាញបានព្រមានថា ការបូមខ្សាច់ច្រើនហួសហេតុនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ អាចធ្វើអស់ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ។ នៅពេលខ្សាច់មានកាន់តែតិចនៅក្នុងទន្លេ វាអាចធ្វើឱ្យទឹកហូរកាន់តែរហ័ស និងធ្វើឱ្យដងទន្លេមានសំណឹក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com