កីឡាអន្តរជាតិ
អន្តរជាតិ
Major League Soccer ចង់បង្កើតលីគលំដាប់ទី២ និងទម្រង់ប្រកួតថ្មីមុនពេល World Cup 2026
26, Dec 2023 , 10:02 am        
រូបភាព
ក្របខណ្ឌ Major League Soccer របស់អាមេរិក សម្លឹងមើលគំនិតបង្កើតលីគលំដាប់ទី២ និងទម្រង់ប្រកួតថ្មី ដោយមានក្រុមឈ្នះកៅអីឡើងប្រកួតនៅលីគកំពូល ក៏ដូចជាក្រុមបាតតារាងត្រូវកាត់ចោល ទៅលេងនៅលីគលំដាប់ក្រោម ប្រកួតដណ្ដើមពាន។
ស្ថាប័នលីគកំពូលរបស់ប្រទេសអាមេរិក រំពឹងការបង្កើតក្លិបច្រើនបន្ថែមទៀត នៅទូទាំងប្រទេសអាមេរិក ដើម្បីអាចបង្វែរក្រុម ដែលបម្រុងលេងក្នុងពានរង្វាន់លីគកំពូល MLS Next Pro ទៅការប្រកួតលីគដ៏ខ្លាំងក្លាមួយ និងអាចឱ្យក្រុមដទៃទៀត ប្រកួតប្រជែងនៅក្នុងលីគផ្សេង ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងឡើង។ បំណងនៃការផ្លាស់ប្តូរទម្រង់នៃការប្រកួតលីគថ្មីនេះ ត្រូវបានស្នើឡើង ដើម្បីជំរុញគោលបំណងប្រាថ្នារបស់លីគ MLS ក្នុងការទាញយកផលប្រយោជន៍ពីការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២៦ ដែលអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះ។
 
ចំពោះគោលបំណងកែប្រែមុខមាត់ថ្មី របស់លីគអាមេរិកឱ្យកាន់តែខ្លាំងក្លា លោក Charles Altchek ប្រធានលីគ MLS Next Pro បាននិយាយថា លីគចង់ទាញផលប្រយោជន៍ទីផ្សារឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន មុនពេល World Cup 2026 មកដល់ និងចង់ធ្វើឱ្យលីគ ក្លាយជាលីគអាជីពដ៏ខ្លាំងមួយក្នុងតំបន់។ 
  


លោក Charles Altchek បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ AFP ដូច្នេះ ៖ «យើងសម្លឹងឆ្ពោះទៅមុខសម្រាប់ World Cup ឆ្នាំ ២០២៦ យើងចង់បានទីផ្សារជាច្រើនតាមដែលអាចធ្វើទៅបាន​ និងចង់ក្លាយជាបាល់ទាត់អាជីពមួយផងដែរ។ ឱកាសជាច្រើនកំពុងនៅខាងមុខ និងទីផ្សារជាច្រើនបានបើក មានទីក្រុងដ៏អស្ចារ្យជាច្រើនដែលពួកគេពុំទាន់មានក្រុមបាល់ទាត់អាជីពនៅក្នុងប្រទេសអាមេរិក។ យើងកំពុងតែខិតជិតទៅដល់គម្រោងនោះ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមមាន ៤០ក្រុម កំពុងប្រកួតប្រជែង នោះអ្នកនឹងត្រូវតែបំបែកវា ដោយអាចថាបន្ថែមលីគលំដាប់ទីពីរ ប្រហែលបែបនេះ។ […]»។
 
លីគ MLS បានដំណើរការចាប់តាំងពីឆ្នាំ ១៩៩៦ មក ប៉ុន្តែការប្រកួតក្នុងលីគនេះ មិនតម្រូវឱ្យមានក្រុមកាត់ចេញពីលីគនោះឡើយ ព្រោះការប្រកួតប្រជែងជាផ្នែកនៃដំណើរគម្រោងអភិវឌ្ឍន៍លីគ នាពេលបច្ចុប្បន្ន។
 
ទោះជាយ៉ាងណា ការប្រកួតលីគ MLS ដែលអភិវឌ្ឍន៍ថ្មី នឹងមិនត្រូវបានឃើញភ្លាមៗនោះឡើយ សម្រាប់រដូវកាលថ្មី ពោលគឺឆ្នាំក្រោយ។ ចំណែកទម្រង់ប្រកួតចាស់នឹងបន្តដដែល។ លីគ នឹងបើករដូវកាល ចាប់ពីថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ ២០២៤​ តទៅ ដោយក្រុម Inter Miami របស់ខ្សែប្រយុទ្ធ Lionel Messi តទល់នឹងក្រុម Real Salt Lake នាជំនួបបើកឆាក៕
 

Tag:
 Major League Soccer
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com