អន្តរជាតិ
ហ្វីលីពីន បន្តកាត់ពន្ធលើអង្ករនាំចូល ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាក្នុងប្រទេស
26, Dec 2023 , 11:29 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានឯកភាពបន្តកាត់ពន្ធលើអង្ករ និងស្បៀងអាហារនាំចូលផ្សេងទៀតរហូតដល់ដំណាច់ឆ្នាំ ២០២៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងរក្សាតម្លៃទំនិញឱ្យមានស្ថិរភាព។ ការិយាល័យប្រធានាធិបតីបានបញ្ជាក់បែបនេះ នៅថ្ងៃទី២៦ ខែធ្នូ។
ហ្វីលីពីន នៅក្នុងខែវិច្ឆិកា មានអត្រាអតិផរណាចំនួន ៤,១ភាគរយ ដោយថយចុះបានបន្តិច បើធៀបនឹងខែមុនៗ។ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៣ ហ្វីលីពីន មានអត្រាអតិផរណាជាមធ្យម ៦,២ភាគរយ ដែលជាចំនួនលើសពីការរំពឹងទុករបស់ធនាគារកណ្តាល។ កន្លងមក ធនាគារកណ្តាលហ្វីលីពីន រំពឹងថា ប្រទេសខ្លួនមានអត្រាអតិផរណាចន្លោះពី ២ភាគរយ ទៅ៤ភាគរយប៉ុណ្ណោះ។ 
 
ដើម្បីដោះស្រាយបញ្ហាអតិផរណា ដែលមានកម្រិតខ្ពស់នៅក្នុងប្រទេស រដ្ឋាភិបាលហ្វីលីពីន បានសម្រេចបន្តកាត់បន្ថយពន្ធលើអង្ករ ស្បៀងអាហារនាំចូលផ្សេងទៀតរហូតដល់ ដំណាច់ឆ្នាំ២០២៤។ វិធានការបែបនេះ ត្រូវបានប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដាក់ចេញនៅក្នុងឆ្នាំ២០២១ កន្លងមក។ 
 
«លក្ខខណ្ឌសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន តម្រូវឱ្យមានវិធានការកាត់បន្ថយអត្រាពន្ធលើអង្ករ ពោត និងសាច់ជ្រូក... ដើម្បីធានាពីតម្លៃសមរម្យ និងសន្តិសុខស្បៀង»។ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២៦ ខែធ្នូ។ 
 
បន្ថែមពីនេះ លោកប្រធានាធិបតី បានបញ្ជាក់ថា ចំណាត់ការខាងលើ ធ្វើឡើងស្របពេលផលិតផលកសិកម្ម កំពុងប្រឈមនឹងបាតុភូតធម្មជាតិ El Nino នៅដើមឆ្នាំក្រោយ និងជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្វិ្រក។ 
 
តាមបញ្ជាប្រតិបត្តិថ្មីមួយ ពន្ធលើអង្ករនាំចូលមានចំនួន ៣៥ភាគរយ ខណៈពោតមានចំនួនចន្លោះពី ៥ ទៅ១៥ភាគរយ។ ចំណែកសាច់ជ្រូកនាំចូល មានពន្ធក្នុងទំហំចន្លោះពី១៥ ទៅ២៥ភាគរយ។ វៀតណាម និងថៃ ជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំសម្រាប់ហ្វីលីពីន៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com