កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pochettino ៖ ​កំណត់ត្រាវិន័យមិនល្អរបស់ Chelsea កើតចេញពីកង្វះបទពិសោធន៍
26, Dec 2023 , 7:59 pm        
រូបភាព
អ្នកចាត់ក្រុម Chelsea លោក Mauricio Pochettino បាននិយាយថាកំណត់ត្រាកាតលឿងដ៏ច្រើនរបស់ក្រុមតោខៀវមានចំនួន ៥៦សន្លឹក អាចមកពីអាកប្បកិរិយានៃការខ្វះខាតបទពិសោធន៍របស់កូនក្រុមរបស់លោក។ Chelsea ត្រូវតទល់ជាមួយនឹងក្រុម Crystal Palace ជំនួបក្របខណ្ឌ Premier League ។ ប៉ុន្តែក្រុមរហស្សនាមតោខៀវក៏ត្រូវអវត្តមានកីឡាករសំខាន់ៗដូចជាខ្សែប្រយុទ្ធ Raheem Sterling និង Cole Palmer ដោយពួកគេបានជាប់បម្រាម។
ការប្រកួតដែល Chelsea ចាញ់ក្រោមថ្វីជើង Wolverhampton Wanderers កាលពីថ្ងៃទី២៤ ខែធ្នូ កីឡាករ Nicholas Jackson, Malo Gusto, Connor Gallagher, Marcus Bettinelli, Sterling និង Palmer សុទ្ធសឹងតែត្រូវបានកាត់លឿងអំឡុងការប្រកួតនោះ។ 
 
Sterling និង Palmer ទទួលបានកាតលឿងចំនួន ៥លើកដូចគ្នាហើយសម្រាប់រដូវកាលនេះ ដែលជាហេតុធ្វើឱ្យពួកគេខកខានការប្រកួតទល់នឹងក្រុម ​Crystal Palace។
 
នៅពេលអ្នកកាសែតសួរនាំអំពីបញ្ហាជាប់គាំងនៅក្នុងក្លិប ​Chelsea ដែលធ្វើឱ្យកីឡាករខ្វះវិន័យនៅក្នុងក្រុមឬទេ ? លោក Pochettino បានឆ្លើយតបថា មិនមែនព្រោះតែហេតុផលបញ្ហាជាប់គាំងក្នុងក្រុមឡើយ។ 
 
«ទេ វាជាតំណាងនៃការពិតដែលថាយើងលេងឱ្យ Chelsea យើងជាក្លិបធំមួយ ហើយអ្នកមានអារម្មណ៍ថាមានសម្ពាធ។ នៅពេលដែលអ្នកមានការខកចិត្ត និងខ្វះបទពិសោធន៍បន្តិច វាគឺជារឿងមួយដែលអាចកែលម្អបាន វាជារដូវកាលដំបូងរបស់ Palmer នៅក្នុងក្របខណ្ឌ Premier League ហើយវាជារឿងធម្មតាតែប៉ុណ្ណោះ។ […] វាមិនមែននិយាយពីការខ្វះវិន័យនោះទេ វាគឺអំពីស្ថានភាពនៃការប្រកួត។»។ លោក ​Pochettino បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
ក្រុម Chelsea បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ១០ នៃតារាងក្របខណ្ឌ ​Premier League ។ ក្រោយការប្រកួតបន្ទាប់ពីជួបក្រុម Crystal Palace រួច ក្រុមស្ថិតនៅក្នុងទីក្រុងឡុងដ៍ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លិប Luton Town សម្រាប់ការប្រកួតនៅ ៤ថ្ងៃបន្ទាប់៕
 

Tag:
 Mauricio Pochettino
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com