កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ ​Man Utd ចំនួន ៧នាក់ អាចនឹងត្រូវលក់ចេញ ខណៈលោក Ratcliffe ដាក់ផែនការផ្ទេរ
26, Dec 2023 , 4:39 pm        
រូបភាព
ក្រោយពេលលោក Sir Jim Ratcliffe មហាសេដ្ឋីកំពូលរបស់អង់គ្លេស បានសម្រេចទិញយកភាគហ៊ុនក្លិប Manchester United ចំនួន ២៥ភាគរយ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) និងកាន់កាប់ផ្នែកបាល់ទាត់របស់ក្លិបនោះ កីឡាករចំនួន ៧នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវលក់ចេញ អំឡុងពេលទីផ្សារដោះដូរកីឡាករ នៅក្នុងខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ratcliffe បានរិះគន់ចំៗទៅលើកិច្ចព្រមព្រៀងនៃការផ្ទេរកីឡាកររបស់ក្លិបផងដែរ។ ទៅលើបញ្ហាផ្ទេរកីឡាកររបស់ក្លិបបិសាចក្រហម លោក Ratcliffe បានកត់សម្គាល់ដូច្នេះថា ៖«ខណៈពេលដែលភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់ក្លិបបានធានាថាតែងតែមានមូលនិធិដែលអាចទទួលបានដើម្បីឈ្នះពានរង្វាន់នៅកម្រិតខ្ពស់បំផុត សក្តានុពលនេះមិនត្រូវបានដោះស្រាយពេញលេញទេ ក្នុងរយៈពេលថ្មីៗនេះ។»។
 
ការលើកឡើងរបស់លោក Ratcliffe ទំនងជាលោកបានផ្តោតទៅលើកីឡាករមួយចំនួន​នៅក្នុងក្រុម ដែលលោកគិតថាកីឡាករទាំងនោះ មិនល្អគ្រប់គ្រាន់សម្រាប់បន្តស្នាក់នៅក្នុងទឹកដី Old Trafford ទៀត។
 
ខាងក្រោមនេះជាកីឡាករចំនួន ៧ រូប ដែលនឹងអាចត្រូវបានក្លិប Man United បញ្ចេញអំឡុងពេលទីផ្សារដោះដូរខែមករា ៖
 
Jadon Sancho ជាបេក្ខភាពមួយដំបូងគេដែលនឹងអាចចាកចេញពីទឹកដី Old Trafford ក្នុងខែមករា ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ ត្រូវបានជាប់បម្រាមរបស់អ្នកចាត់ការក្រុមលោក Erik ten Hag មិនអនុញ្ញាតឱ្យរូបគេចូលកន្លែងហ្វឹកហាត់ ក៏ដូចជាលុបឈ្មោះចេញពីបញ្ជីរបស់ក្រុមថែមទៀត។ 
 
Donny Van de Beek ដែលទើបតែផ្លាស់ទៅកាន់ក្លិប Eintracht Frankfurt ក្នុងនាមខ្ចីជើង​កាលពីមួយខែមុនពេល ការប្រកាសទិញភាគហ៊ុនរបស់លោក Ratcliffe ក៏នឹងអាចត្រូវបានក្លិបបញ្ចេញដាច់តែម្តងដែរ។
 
Anthony Martial ក៏កំពុងតែត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិបបិសាចក្រហម បន្ទាប់ពីបញ្ចប់រដូវកាលក្រោយពេលរូបគេផុតកុងត្រា ឬក៏អាចនៅក្នុងទីផ្សារដោះដូរក្នុងខែមករា ខាងមុខ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះ បរាជ័យក្នុងការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់រូបគេ មួយរយៈចុងក្រោយនេះ។
 
Antony កំពុងជាប់គាំងផ្នែកទម្រង់លេងនៅតំបន់ប្រយុទ្ធរបស់ក្លិបបិសាចក្រហម ដោយគេមិនអាចធ្វើបានល្អ ដូចអំឡុងពេលរូបគេធ្លាប់បង្ហាញខ្លួនបានល្អនៅក្លិប Ajax Amsterdam ឡើយ។ ទម្រង់លេងរបស់ Antony មានការធ្លាក់ចុះខ្លាំង ដោយសារពិបាកសម្របខ្លួនចំពោះទម្រង់លេងរបស់ក្រុមបិសាចក្រហម ហើយរូបគេក៏កំពុងមានបញ្ហារឿងក្តីក្តាំផ្ទាល់ខ្លួនថែមទៀត។
 


Casemiro ចាប់ផ្តើមបានយ៉ាងល្អខ្លាំងនៅរដូវកាលដំបូងរបស់គេ ជាមួយនឹងក្លិបបិសាចក្រហម ដោយគេតែងតែបំពេញតួនាទីបានយ៉ាងល្អ ប៉ុន្តែក្រោយឈានចូលរដូវកាល ២០២៣-២៤ កីឡាករប្រេស៊ីលរូបនេះក៏ហាក់មិនអាចធ្វើបានល្អខ្លាំង ដូចពេលគេបង្ហាញខ្លួនរដូវកាលដំបូងនោះទេ។ បច្ចុប្បន្នកីឡាករវ័យ ៣១ឆ្នាំ ក៏កំពុងដែលមានបញ្ហារងរបួស និងត្រូវសម្រាករយៈពេល ៣ខែ ថែមទៀត។
 
Raphael Varane ក៏ជាគោលដៅមួយរូបដែលនឹងអាចត្រូវបញ្ចេញពីក្លិបបិសាចក្រហម ខណៈកិច្ចសន្យារបស់គេនឹងផុតកំណត់នៅក្នុងខែមិថុនា ឆ្នាំ ២០២៤។ កីឡាករសញ្ជាតិបារាំង ក៏ត្រូវបានគេដឹងថា មានក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ការចាប់អារម្មណ៍លើរូបគេផងដែរ។ ក្នុងរដូវកាល ២០២៣-២៤ Varane មិនសូវបានបង្ហាញខ្លួន សម្រាប់ក្រុមរបស់លោក Ten Hag ក៏ព្រោះតែបញ្ហារបួស និងការបាត់បង់ដៃគូដូចជា Lisandro Martinez ដែលរងរបួសរយៈពេលយូដូចគ្នា។
 
Victor Lindelof ខ្សែការពារកណ្តាល ក៏នឹងត្រូវផុតកិច្ចសន្យានៅក្នុងខែមិថុនា ឆ្នាំក្រោយនេះដូចគ្នា ដោយបានចូលរួមជាមួយ Man United ចាប់តាំងពីឆ្នាំ ២០១៧ មក ។ កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិស៊ុយអែត ក៏មិនសូវបង្ហាញទម្រង់លេង ក្នុងនាមជាខ្សែការពារដ៏រឹងមាំមួយរូប សម្រាប់ក្រុមបិសាចក្រហម ។ Lindelof ទទួលបានពេលវេលាលេងច្រើនក្នុងរដូវកាលនេះ ក៏ព្រោះតែខ្សែការពារសំខាន់ៗដូចជា Varane និង Luke Shaw ជាដើម បានរងរបួស៕
 

Tag:
 Manchester United
  Sir Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com