កីឡាអន្តរជាតិ
អន្តរជាតិ
Salah យកឱកាសបុណ្យណូអែល ផ្ញើសារដាស់តឿន កុំឱ្យភ្លេចជនរងគ្រោះនៅតំបន់កាហ្សា និងតំបន់មជ្ឈិមបូព៌ា
26, Dec 2023 , 8:59 pm        
រូបភាព
តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Mahamed Salah បានចែករំលែកសារដាស់តឿនទៅកាន់មនុស្សជុំវិញពិភពលោក កុំឱ្យភ្លេចជនរងគ្រោះ ដែលកំពុងរងទុក្ខដោយសារសង្គ្រាមនៅក្នុងតំបន់កាហ្សា និងនៅក្នុងតំបន់មជ្ឈិមបូព៌ា អំឡុងឱកាសបុណ្យណូអែល ខណៈមនុស្សទូទាំងប្រទេសអង់គ្លេស និងពិភពលោក កំពុងប្រើពេលវេលាជួបជុំគ្រួសារ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប ដែលកំពុងមានទម្រង់លេងល្អខ្លាំងឡើងវិញ នៅក្នុងក្រុម Liverpool ដែលរូបគេរកបានគ្រាប់បាល់ចំនួន ១២គ្រាប់ ព្រមទាំងគ្រាប់បាល់ជួយសង្គ្រោះដល់ក្រុមរហស្សនាមហង្សក្រហមតាមស្មើ ១-១ នៅក្នុងជំនួបទល់នឹងក្រុម Arsenal កាលពីសប្តាហ៍មុន។ 
 
Salah នៅតែមិនអាចបិទភ្នែក បិទត្រចៀករបស់ខ្លួន ចំពោះការអំពាវនាវអំពីបញ្ហាសង្គ្រាម ដែលកំពុងតែកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានប្រើឱកាសនាបុណ្យណូអែល ដែលពេញនិយមបំផុតក្នុងប្រទេសតំបន់អឺរ៉ុប  ដើម្បីផ្ញើសារដ៏សំខាន់មួយទៅកាន់ប្រជាជននៅលើពិភពលោក កុំឱ្យភ្លេចជនរងគ្រោះ ដែលកំពុងរងទុក្ខដោយសារសង្គ្រាមនៅក្នុងតំបន់កាហ្សាស្ទ្រីប ក៏ដូចជាតំបន់មជ្ឈិមបូព៌ាទាំងមូល។
 
«បុណ្យណូអែលគឺជាពេលវេលាដែលក្រុមគ្រួសារត្រូវជួបជុំគ្នា និងអបអរសាទររួមគ្នា។ ជាមួយនឹងសង្គ្រាមដ៏ឃោឃៅដែលកំពុងតែកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសការស្លាប់ និងការបំផ្លាញនៅក្នុងតំបន់កាហ្សាជាដើម ឆ្នាំនេះយើងទៅដល់បុណ្យណូអែលដោយចិត្តធ្ងន់បំផុត ហើយចែករំលែកការឈឺចាប់របស់គ្រួសារទាំងនោះដែលសោកសៅចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ សូមកុំបំភ្លេចពួកគេឱ្យសោះ និងកុំប្រើការឈឺចាប់និងរងទុក្ខរបស់ពួកគេអី។»។ Salah បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter របស់គេបែបនេះ។
 
Salah ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Liverpool នឹងត្រូវអវត្តមាន សម្រាប់ក្រុមនៅការប្រកួតក្នុងខែមករា ឆ្នាំ ២០២៤ ដោយរូបគេនឹងត្រូវបំពេញបេសកកម្ម ជួយដល់ក្រុមជម្រើសជាតិអេហ្ស៊ីបប្រកួតប្រជែងក្នុងពានរង្វាន់ ​Africa Cup of Nations។ កីឡាករវ័យ ៣១ឆ្នាំ អាចនឹងខកខានការប្រកួតសំខាន់របស់ ​Liverpool ទល់នឹងក្រុម Newcastle United នៅថ្ងៃទី៣១ ខែធ្នូ ហើយគេក៏នឹងអាចខកខានការប្រកួតផ្សេងទៀតផងដែរ។
 
ដោយឡែកបញ្ហាសង្គ្រាមនៅក្នុងតំបន់កាហ្សា មកដល់ពេលបច្ចុប្បន្ន បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ២០,៦០០នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សប្រមាណជាង ៤,០០០នាក់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រ្តាអែល ខណៈបញ្ហាសង្គ្រាមបានអូសបន្លាយ តាំងពីថ្ងៃទី៧ ខែតុលា មកម្ល៉េះ៕
 
 
 

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com