កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នាំភាពរីកចម្រើននៃវិស័យបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត
27, Dec 2023 , 9:55 am        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បានអះអាងថា រូបគេមានភាពភ្ញាក់ផ្អើលចំពោះការរីកចម្រើន និងវិសាលភាពនៃកីឡាករ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បាននាំវិស័យកីឡាទៅកាន់ភាពអស្ចារ្យថ្មីទាំងស្រុង នាពេលបច្ចុប្បន្ន។


កីឡាករវ័យ ៣៨ឆ្នាំ ជាបុគ្គលដ៏ល្បីឈ្មោះមួយរូប លើពិភពលោក ដែលបានស្ថិតនៅក្នុងគម្រោងនៃការអភិវឌ្ឍន៍កីឡា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ Ronaldo បានចូលរួមជាមួយក្លិប Al Nassr ក្រោយមានជម្លោះជាមួយក្លិប Manchester United ហើយបានផ្តាច់កុងត្រា ដែលនៅសល់ថែមទៀត។
  


រួមរស់ជាមួយ Al Nassr ខ្សែប្រយុទ្ធប្រធានក្រុមព័រទុយហ្កាល់រូបនេះ រកបានគ្រាប់បាល់ច្រើនជាង ៥០គ្រាប់ប្រចាំឆ្នាំ២០២៣ បើទោះជាមានវ័យ ៣៨ឆ្នាំក្តី។ វត្តមាន Ronaldo នៅក្នុងក្លិបស្ថិតនៅទ្វីបអាស៊ីមួយនេះ ក៏បានក្លាយជាខ្សែទំនាក់ទំនងកីឡាករល្បីៗដទៃផ្សេងទៀត ដូចជា Karim Benzema, Sadio Mane, Neymar, Kalidou Koulibaly, Riyad Mahrez, Roberto Firmino និង Jordan Henderson ទៅចូលរួមក្លិបនានា នៅក្នុងក្របខណ្ឌ Saudi Pro League ដែលជាផ្នែកនៃគម្រោងកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
 
ក្រៅពីវិស័យកីឡាបាល់ទាត់នេះ អារ៉ាប៊ីសាអូឌីត បានបញ្ចេញគម្រោងអភិវឌ្ឍន៍កីឡាផ្សេងទៀត ដូចជា​ការប្រណាំងរថយន្ត​ Formula One, ការប្រកួតវាយកូនហ្គោលពិភពលោក, កីឡាគ្រីឃីតពិភពលោក, កីឡាចំបាបបែបកម្សាន្ត WWE និងកីឡាប្រដាល់ (Boxing) ធំៗលើពិភពលោកជាដើម។​
 
កាលពីពេលថ្មីនេះការប្រកួតប្រដាល់ដណ្តើមប្រាក់លាន «The $500 Million Super Fight» រវាងកីឡាករ Anthony Joshua និង Deontay Wilder នៅក្នុងទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានវត្តមានរបស់ Ronaldo រួមនឹងកីឡាករប្រដាល់ក្បាច់គុនចម្រុះ UFC ដ៏ល្បីល្បាញ Conor McGregor ទៅចូលរួមទស្សនាការប្រកួតដ៏ធំមួយនោះដែរ។ 
  


បន្ទាប់ពី Ronaldo បានទស្សនាការប្រកួតប្រដាល់នោះរួចមក រូបគេក៏បានបង្ហាញពីភាពភ្ញាក់ផ្អើលចំពោះវិសាលភាព និងភាពរីកចម្រើនវិស័យកីឡា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ តារាបាល់ទាត់វ័យ ៣៨ឆ្នាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram ដូច្នេះ ៖«បាននាំយកកីឡាទៅកាន់វិសាលភាព និងទិដ្ឋភាពថ្មីទាំងស្រុង ហើយចក្ខុវិស័យ និងការអនុវត្តដែលមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំមិនអាចឈប់ភ្ញាក់ផ្អើលបាននោះទេ។»។
 
មិនត្រឹមតែជួយលើកមុខមាត់វិស័យកីឡា និងការវិនិយោគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅលើវិស័យកីឡារបស់អារ៉ាប៊ីសាអូឌីតទេ ខ្សែប្រយុទ្ធព័រទុយហ្កាល់ ក៏បានរួមចំណែកជួយឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup នៅក្នុងឆ្នាំ២០៣៤ ទៀតផង។
 
ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup នៅក្នុងឆ្នាំ ២០៣៤ បន្ទាប់ពីគ្មានបេក្ខភាពណាដាក់ការចាប់អារម្មណ៍។ អូស្ត្រាលី និងឥណ្ឌូណេស៊ី បានប្រកាសគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះនេះ៕

Tag:
 (Cristiano Ronaldo
  អារ៉ាប៊ីសាអូឌីត)
© រក្សាសិទ្ធិដោយ thmeythmey.com