កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Ratcliffe ស្នើអ្នកគាំទ្រក្រុម Man Utd ឱ្យមានភាពអត់ធ្មត់ និងផ្តល់ពេលវេលាដល់ក្រុម
27, Dec 2023 , 11:00 am        
រូបភាព
លោក Sir Jim Ratcliffe មហាសេដ្ឋីអង់គ្លេស បានស្នើដល់អ្នកគាំទ្ររបស់ក្រុម Manchester United សម្រាប់ពេលវេលា និងភាពអត់ធ្មត់ សម្រាប់ផ្តល់ឱកាសដល់ក្រុមម្ចាស់ជើងឯក ២០សម័យ Premier League វិលត្រឡប់ទៅកាន់ភាពអស្ចារ្យរបស់ខ្លួន ដូចកាលពីមុនឡើងវិញ ។ លោក Ratcliffe បានសម្រេចទិញភាគហ៊ុន ២៥ភាគរយរបស់ក្លិបបិសាចក្រហម។
មហាសេដ្ឋីវ័យ ៧១ឆ្នាំ បានកាន់កាប់ភាគហ៊ុន ២៥ភាគ ដែលមានតម្លៃប្រមាណ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) នៅក្នុងក្លិបរហស្សនាមបិសាចក្រហមប្រចាំប្រទេសអង់គ្លេស ហើយម្ចាស់ក្រុមហ៊ុន INEOS ក៏នឹងវិនិយោគប្រាក់ប្រមាណ ៣០០លានដុល្លារ ក្នុងការអភិវឌ្ឈន៍អនាគតរបស់កីឡដ្ឋាន Old Trafford។ 
 
ក្រុម Man United បានឈ្នះពានរង្វាន់ Premier League លើកចុងក្រោយ នៅឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះមក ក្លិបដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនេះ មិនដែលបានឈ្នះពានប្រចាំលីគម្តងឡើយ រយៈពេល ១០ឆ្នាំមកនេះ។ លោក Ratcliffe ប្ដេជ្ញាកែប្រែជោគវាសនាក្រុមបាល់ទាត់ល្បីប្រចាំអង់គ្លេសនេះឡើងវិញ។
 
សម្រាប់ការដោះស្រាយបញ្ហាក្នុងក្រុមនេះ មហាសេដ្ឋីវ័យ ៧១ឆ្នាំ បានអះអាងថា វាមិនមែនជារឿងងាយស្រួលឡើយ ពោលគឺត្រូវការពេល និងភាពអត់ធ្មត់ ជាពិសេសការផ្ដល់ឱកាសពីអ្នកគាំទ្រទាំងអស់។
 
«ខ្ញុំជឿជាក់ថាយើងនឹងអាចនាំកីឡាទៅកាន់ភាពជោគជ័យនៅលើទីលាន ដើម្បីបំពេញបន្ថែមនូវភាពជោគជ័យផ្នែកពាណិជ្ជកម្មដែលមិនគួរឱ្យសង្ស័យដែលក្លិបទទួលបាន។ វានឹងត្រូវការពេលវេលា និងភាពអត់ធ្មត់ រួមជាមួយនឹងភាពម្មត់ចត់និងកម្រិតខ្ពស់បំផុតនៃការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ហើយអ្នកមានមហិច្ជតាសម្រាប់ ​Manchester United ហើយយើងក៏ដូចគ្នា។[…]»។ លោក Ratcliffe និយាយបែបនេះ តាមរយៈលិខិតមួយផ្ញើទៅកាន់ក្រុមអ្នកគាំទ្រក្លិបបិសាចក្រហម Manchester United Support Trust។
 
បច្ចុប្បន្នក្លិបបិសាចក្រហម កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៨ នៃតារាងក្របខណ្ឌ Premier League បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៨ប្រកួតកន្លងមក នៅក្នុងរដូវកាល ២០២៣-២៤៕

Tag:
 (Sir Jim Ratcliffe
  Manchester United)
© រក្សាសិទ្ធិដោយ thmeythmey.com