កីឡាអន្តរជាតិ
អន្តរជាតិ
Hojlund រកបានគ្រាប់ដំបូងក្នុងលីគឱ្យ Man Utd ក្នុងជ័យជម្នះលើក្រុម Aston Villa
27, Dec 2023 , 12:00 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យក្មេង Rasmus Hojlund ទើបតែរកបានគ្រាប់បាល់លើកដំបូងនៅក្នុងក្របខណ្ឌ Premier League នៅក្នុងជ័យជម្នះដែលក្រុម Manchester United បានវាយបកយកឈ្នះលើក្រុម Aston Villa ដោយលទ្ធផល ៣-២ នាថ្ងៃទី២៦ ខែធ្នូ។
 
គ្រាប់បាល់របស់ Hojlund នៅនាទី៨២ ក្លាយជាគ្រាប់នាំជ័យជម្នះដល់ក្រុមទាំងមូល ហើយក៏ជាគ្រាប់បាល់ដំបូងរបស់គេនៅ Premier League ។ ដោយឡែក ២គ្រាប់ ដែលរកបានដោយការវាយបកផ្សេងទៀត រកបានដោយមិត្តរួមក្រុមរបស់គេ Alejandro Garnacho ទាំង ២គ្រាប់ តែម្តង នៅនាទី៥៩ និងនាទី៧១។ ក្រុម Aston Villa រកបានគ្រាប់បើកឆាកនាំមុខ ២គ្រាប់ ដោយកីឡាករ John McGinn នៅនាទី២១ និង Leander Dendoncker នាទី២៦។
 
ចាប់តាំងពីផ្ទេរមកពីក្លិប Atalanta របស់អ៊ីតាលីរួចមក ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក ហាក់មិនសូវបង្ហាញខ្លួនពេញលេញប៉ុន្មានឡើយ សម្រាប់ក្រុមបិសាចក្រហម នៅក្នុងការប្រកួតក្របខណ្ឌ ​Premier League ព្រមទាំងពេលខ្លះមិនសូវបានចូលលេងពេញម៉ោងនោះឡើយ។ ភាគច្រើនគ្រាប់បាល់ដែលគេរកបាន សម្រាប់ក្រុមបិសាចក្រហម គឺនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League។
 
«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំជាបុរសដែលមានសុភមង្គលបំផុតនៅពេលនេះ អ្នកអាចមើលឃើញពីការប្រារព្ធពិធីផងដែរ។ យើងត្រូវជឿជាក់លើខ្លួនឯងរហូតដល់ទីបញ្ចប់ ហើយនឹងទទួលបានជ័យជម្នះដូចនៅថ្ងៃនេះ។»។ Hojlund បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Amazon Prime បែបនេះ។
 
ក្រុមបិសាចក្រហមបានបិទមាត់អ្នកគាំទ្រ ដែលបានស្រែកចំអកដល់ខ្លួន ដោយការយកឈ្នះលើក្រុម Aston Villa ដែលឈរនៅចំណាត់ថ្នាក់លេខ ៣ នៃតារាង Premier League ។ ក្រុមបិសាចក្រហមផ្ទាល់រកបាន ៣ពិន្ទុដ៏សំខាន់ ដើម្បីឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៦ ដែលមាន ៣១ពិន្ទុក្នុងដៃ និងមានគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ចំនួន ១១ពិន្ទុ។
 
ក្រុមបិសាចក្រហមរកបានជ័យជម្នះលើកដំបូង បន្ទាប់ពីការចូលកាត់កាប់ផ្នែកប្រតិបត្តិបាល់ទាត់របស់ក្លិប ពីសំណាក់លោក Sir Jim Ratcliffe ក្រោយពេលដែលលោកបានទិញយកភាគហ៊ុន ២៥ភាគរយ មុនពេលថ្ងៃបុណ្យណូអែលរួចមក៕

Tag:
 (Manchester United
  Rasmus Hojlund)
© រក្សាសិទ្ធិដោយ thmeythmey.com