កីឡាអន្តរជាតិ
អន្តរជាតិ
«យើងមិនបញ្ឈប់ឡើយ» ​Ronaldo ផ្ញើសារទៅអ្នកគាំទ្រ ក្រោយក្រុមឈ្នះ Al Ittihad និងរកបាន ៥៣គ្រាប់ ឆ្នាំ២០២៣
27, Dec 2023 , 4:10 pm        
រូបភាព
Cristiano Ronaldo បានផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ក្លិបថា ក្រុមនឹងបន្តភាពអស្ចារ្យនៃទម្រង់លេងដ៏ខ្លាំងក្លាទៀត ដោយមិនបញ្ឈប់ឡើយ។ ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ ថ្លែងបែបនេះ ក្រោយរូបគេរកបាន ២គ្រាប់ នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Ittihad ក្នុងលទ្ធផល ៥-២ នៅក្នុងជំនួបក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអូឌីត និងជាគ្រាប់បាល់ទី៥៣ ប្រចាំឆ្នាំរបស់រូបគេផ្ទាល់ថែមទៀត។
ចាប់តាំងពីកីឡាករ Abderazak Hamdallah បានស៊ុតបើកការនាំមុខ ១គ្រាប់មុនសម្រាប់ក្រុម Al Ittihad នៅនាទី១៤ បានធ្វើឱ្យការប្រកួតនោះ កាន់តែជក់ចិត្តថែមទៀត។ នាំមុខមិនទាន់បាន៥នាទីស្រួលបួលផង ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមបាន ១គ្រាប់ស្មើមកវិញ នៅនាទី១៩ ក្រោយមក ​Anderson Talisca ដែលជាមិត្តរួមក្រុមបានស៊ុតគ្រាប់ទី២ នាំមុខឡើងវិញនៅនាទី៣៨ នៅក្នុងវគ្គទីមួយ។ 
 
ឈានចូលវគ្គទីពីរ Al Ittihad រកបានគ្រាប់តាមស្មើ ២-២ ដោយការស៊ុតរបស់កីឡាករ Abderazak Hamdallah ដដែលនៅនាទី៥១ ។ ទោះជាយ៉ាងណាក្រោយខ្សែបម្រើ Fabinho ទទួលបានកាតក្រហម ដែលជាឱកាសសម្រាប់ ក្រុម Al Nassr រកបានឱកាសវាយសម្រុក និងរកបានគ្រាប់ជ័យជម្នះ ៣គ្រាប់បន្ថែម ដោយការស៊ុត ១១ម៉ែត្រលើកទីពីររបស់ Ronaldo នាទី៦៨, Sadio Mane ស៊ុត២គ្រាប់ទៀត នៅនាទី៧៥ និងនាទី​៨២។
 
បន្ទាប់ពីយកឈ្នះការប្រកួតដ៏សំខាន់ កីឡាករវ័យ ៣៨ឆ្នាំ បានបង្ហោះសារផ្តាំផ្ញើនៅលើបណ្តាញសង្គម Instagram ទៅកាន់អ្នកគាំទ្រថា ក្រុម Al Nassr និងបន្តភាពខ្លាំងរបស់ខ្លួន ឆ្ពោះទៅគោលដៅជោគជ័យ។ Ronaldo បានបង្ហោះយ៉ាងខ្លីដូច្នេះ ៖«ជាការឈ្នះដ៏សំខាន់បំផុត! យើងនឹងមិនបញ្ឈប់ឡើយ!។»។
 
ឈ្នះការប្រកួតនេះ បានជួយរុញច្រានពិន្ទុរបស់ក្រុម Al Nassr ឡើងដល់ចំនួន ៤៣ពិន្ទុ ដើម្បីបន្តប្រដេញតាមក្រុម Al Hilal ដែលឈរកំពូលតារាង មានពិន្ទុដល់ទៅ ៥០ពិន្ទុ មានគម្លាតគ្នាចំនួន ៧ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១៨លើក។ 
 
Ronaldo ប្រធានក្រុម Al Nassr បានរកឃើញភាពជោគជ័យនៃអាជីពរបស់គេឡើងវិញ ក្រោយពេលរូបគេបានចូលរួមជាមួយនឹងក្លិប ស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោម ២៤ប្រកួត រាល់ការប្រកួតនៅក្នុងរដូវកាល ២០២៣-២៤ តារាឆ្នើមព័រទុយហ្កាល់រូបនេះ រកបាន ២៣គ្រាប់ និងបញ្ជូន ១១គ្រាប់ ហើយក៏ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងលីគដល់ទៅ ១៩គ្រាប់បច្ចុប្បន្ន នាំមុខកីឡាករ Alexandar Mitrovic របស់ Al Hilal ដែលរកបាន ១៦គ្រាប់។
 
ស៊ុត ២គ្រាប់ ទល់ Al Ittihad ប្រធានក្រុមព័រទុយហ្កាល់ បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Kylian Mbappe និង Harry Kane ដែលរកបានចំនួន ៥២គ្រាប់នៅក្នុងឆ្នាំ ២០២៣ ដោយគេស៊ុតបាល់ច្រើនជាងគេដល់ទៅចំនួន ៥៣គ្រាប់ សម្រាប់ក្លិប និងក្រុមជម្រើសជាតិនៅក្នុងឆ្នាំ ២០២៣។ បច្ចុប្បន្នមានតែ Erling Haaland ប៉ុណ្ណោះដែលអាចនឹងតាមទាន់ Ronaldo ព្រោះរកបាន ៥០គ្រាប់ នៅក្នុងឆ្នាំ ២០២៣ ហើយរូបគេនៅសល់ការប្រកួតចំនួន ២ ចុងក្រោយជាមួយនឹង Man City មុនបញ្ចប់ឆ្នាំ ២០២៣៕

Tag:
 (Cristiano Ronaldo
  Al Nassr)
© រក្សាសិទ្ធិដោយ thmeythmey.com